ជាតិ
លោក ហ៊ុន ម៉ា​ណែ​ត​៖«​កងទ័ព ប្តេជ្ញា​មិន​ឲ្យ​បដិវត្ត​ពណ៌​កើតឡើង នៅ​កម្ពុជា​ឡើយ​»
12, Jan 2018 , 5:12 pm        
រូបភាព
រូបភាព៖ លោក ហ៊ុន ម៉ាណែត ផ្តល់បទសម្ភាសដល់ក្រុមអ្នកាសែត ក្នុងពិធីពិព័រណ៍យោធា និងការប្រកួតកីឡាយោធា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២0១៨
រូបភាព៖ លោក ហ៊ុន ម៉ាណែត ផ្តល់បទសម្ភាសដល់ក្រុមអ្នកាសែត ក្នុងពិធីពិព័រណ៍យោធា និងការប្រកួតកីឡាយោធា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២0១៨
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា និង​មាន​ឋានៈ​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​លើកឡើងថា បដិវត្ត​ពណ៌ អាច​នាំ​ឲ្យ​បាត់បង់​សុខសន្តិភាព និង​ធ្វើ​ឲ្យ​ប្រទេសជាតិ បែកបាក់​សាមគ្គី ហេតុដូច្នេះ​កងទ័ព ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​រម្លឹក​ពី​ការបែកបាក់​ជាតិ កាលពី​អំឡុង​ទសវត្ស​៧0 ព្រោះ​កាលនោះ រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​ព្រះបាទ នរោត្តម សីហនុ ត្រូវបាន​ផ្តួលរំលំ​។



​លោក ហ៊ុន ម៉ា​ណែ​ត សង្កត់ធ្ងន់​បែបនេះ​ថា​៖«​កងយោធពល​ខេមរភូមិន្ទ ប្តេជ្ញា​មិន​ឲ្យ [បដិវត្ត​ពណ៌​] កើតមានឡើង​នៅលើ​ទឹកដី​យើង​ទេ​។ […] កងទ័ព ត្រូវ​ចងចាំ ហើយ​ការពារ​ឲ្យ​បាន​នូវ​តម្លៃ​នៃ​សុខសន្តិភាព​»​។

​ការ​ថ្លែង​របស់លោក ហ៊ុន ម៉ា​ណែ​ត  ធ្វើឡើង​ក្នុង​ពិធី​ពិព័រណ៍​យោធា និង​ការប្រកួត​កីឡា​កងទ័ព​ឆ្នាំ​២0១៨ ដែល​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២0១៨ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។ លោក ហ៊ុន ម៉ា​ណែ​ត ធ្វើជា​ប្រធាន​ក្នុងការ​រៀបចំ​ពិធី​នេះ​។

​ទោះជា​រដ្ឋាភិបាល​ខ្លួនឯង ប្រកាសថា ផែនការ​បដិវត្ត​ពណ៌ ត្រូវបាន​ទប់ស្កាត់​រួចហើយ​ក៏ដោយ ក៏​មន្ត្រី​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច ហាក់​មិនទាន់​អស់​ក្តីបារម្ភ​ពី​ការកើតឡើង​នូវ​បដិវត្ត​ពណ៌​ដែរ​។ មកដល់ពេលនេះ មន្ត្រី​មានមុខមាត់​មួយចំនួន​របស់​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច នៅតែ​បង្ហាញ​ពី​ការប្រុងប្រយ័ត្ន​ពី​បដិវត្ត​ពណ៌​នេះ​។

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា គឺជា​មុខសញ្ញា ដែល​គណបក្សកាន់អំណាច និង​រដ្ឋាភិបាល សង្ស័យថា មាន​ផែន​ការធ្វើបដិវត្ត​ពណ៌​។ ព្រោះតែ​សង្ស័យ​បែបនេះហើយ ទើប​បណ្តាល​ឲ្យ​មានការ​ប្តឹងផ្តល់​លើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចុងឆ្នាំ​២0១៧ ហើយ​ទីបំផុត តុលាការ​កំពូល ក៏​សម្រេច​រំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចោល និង​ហាមឃាត់​ថ្នាក់ដឹកនាំ​១១៨​នាក់ នៃ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។ ឯ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏ត្រូវ​ជាប់ពន្ធនាគារ​ដែរ ដោយ​សង្ស័យថា ពាក់ព័ន្ធ​នឹង​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​។

​យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា ខ្លួន​គ្មាន​គម្រោង​ធ្វើ​បដិវត្ត​ពណ៌ ដូច​ការចោទប្រកាន់​នោះទេ​។ គណបក្ស​នេះ អះអាងថា ការចូលរួម​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ គឺជា​គោលដៅ​និង​ការចង់បាន​តែមួយគត់​របស់ខ្លួន​៕


Tag:
 ហ៊ុន ម៉ា​ណែ​ត​
  បដិវត្ត​ពណ៌​
  ពិព័រណ៍​ណ​យោធា
© រក្សាសិទ្ធិដោយ thmeythmey.com