ជាតិ
សង្គមជាតិ
មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​៖ មន្ត្រីនគរបាល មិន​ត្រូវយក​តួនាទី ទៅ​ប្រព្រឹត្ត​បទល្មើស​ឡើយ​
12, Jan 2018 , 10:20 pm        
រូបភាព
លោក ចាន់ អ៊ា​ន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ (ខាងឆ្វេងដៃ) ចូលរួមធ្វើជាអធិបតីក្នុង​ពិធី​ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច បញ្ចូល​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល និង​បំពាក់​ឋានន្តរស័ក្តិ ដល់​មន្ត្រី​នគរបាលជាតិ​ចំនួន ១០៥​នាក់ នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​
លោក ចាន់ អ៊ា​ន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ (ខាងឆ្វេងដៃ) ចូលរួមធ្វើជាអធិបតីក្នុង​ពិធី​ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច បញ្ចូល​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល និង​បំពាក់​ឋានន្តរស័ក្តិ ដល់​មន្ត្រី​នគរបាលជាតិ​ចំនួន ១០៥​នាក់ នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​
ដោយ:
​ភ្នំពេញ​៖ មន្ត្រី​នគរបាលជាតិ​ទាំងអស់ ត្រូវ​តម្កល់​ប្រយោជន៍​ជាតិ ឲ្យ​ធំ​ជាង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​ត្រូវយក​តួនាទី និង​ឋានន្តរ​ស័​ក្កិ ទៅ​បម្រើ​ផលប្រយោជន៍​ខ្លួន និង​បក្ខពួក ឬ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ដែល​ផ្ទុយទៅនឹង​ច្បាប់ នោះទេ​។ នេះ​ជាការ​លើកឡើង​របស់ លោក ចាន់ អ៊ា​ន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដែល​ត្រូវបាន​ចុះផ្សាយ​ដោយគេហទំព័រ​អគ្គស្នងការ​នគរ​បាល​ជាតិ​។​



​ការលើកឡើង​របស់លោក ចាន់ អ៊ា​ន ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​មុខតំណែង ផ្ទេរ​ភារកិច្ច បញ្ចូល​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល និង​បំពាក់​ឋានន្តរស័ក្តិ ដល់​មន្ត្រី​នគរបាលជាតិ​ចំនួន ១០៥​នាក់ នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​នេះ​។ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​លើកឡើងថា ជា​កងកម្លាំង​នគរបាលជាតិ ត្រូវ​ប្តេជ្ញា​ការពារ​រដ្ឋធម្មនុញ្ញ នៃ​កម្ពុជា​។​

​បើតាម​គេហទំព័រ​​​ដដែល  លោក ចាន់ អ៊ា​ន បាន​លើកឡើងថា ការអនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​ការងារ​ជា​សេនាធិការ ដល់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើ​ការងារ​សវនកម្ម​ផ្ទៃក្នុង និង​អភិបាលកិច្ច​ល្អ គឺអាច​ពង្រឹង​ប្រសិទ្ធភាព និង​សុចរិត​ភាព នៃ​ការគ្រប់គ្រង​បញ្ជី​បុគ្គលិក ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ព្រមទាំង​ការអភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​។ លោក បន្តថា ការពង្រឹង​សមត្ថភាព​ដល់​នគរ​​បាល​ជាតិ ឱ្យ​ទទួលបាន​ចំណេះដឹង​គ្រប់គ្រាន់ ក៏​ជា​ចំណុច​សំខាន់​មួយ​ដែរ ដើម្បី​បំពេញការងារ​ដល់​អង្គ​ភាព ទទួលបាន​ប្រសិទ្ធភាព និង​ជោគជ័យ​។

​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​សម្តី​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​រូបនេះ មក​ចុះផ្សាយ​យ៉ាង​ដូច្នេះ​ថា​៖«​គ្រប់​ថ្នាក់​គ្រប់ផ្នែក ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង​កម្លាំង ឱ្យ​បានល្អ​ប្រកបដោយ​គុណធម៌ និង​តម្លាភាព​ ដោយ​ត្រូវ​ពង្រឹង​ឱ្យបាន​ច្បាស់លាស់​នូវ​វត្តមាន​ធ្វើការ របស់​នគរបាលជាតិ​ឱ្យបាន​ត្រឹមត្រូវ តាម​ពេល​ម៉ោង​រដ្ឋបាល​បានកំណត់ ដើម្បី​ពង្រឹង​ទិន្នផល​ការងារ ​ក្នុង​ជួរ​កងកម្លាំង​នគរបាល​ ឱ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ខ្ពស់ ស្របតាម​ការរីកចម្រើន​របស់​ប្រទេសជាតិ​»៕



Tag:
 នគរបាលជាតិ​
 ​ ចាន់ អ៊ា​ន​
© រក្សាសិទ្ធិដោយ thmeythmey.com