ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល និង​ADB ចុះ​កិច្ចព្រមព្រៀង​លើទឹក​ប្រាក់ ១៨០​លាន​ដុល្លារ​សម្រាប់​គម្រោង​ចំនួន​បី​
13, Jan 2018 , 4:39 pm        
រូបភាព
(រូបភាពពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
(រូបភាពពីហ្វេសប៊ុកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ចុះ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ សម្រាប់​គម្រោង​ចំនួន​៣ ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​ការកែលម្អ​ផ្លូវថ្នល់ ការផ្គត់ផ្គង់​ទឹក និង​អនាម័យ​តាម​ខេត្ត និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច ដែលមាន​តម្លៃ​សរុប​ប្រមាណ ១៨០​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​



​កិច្ចព្រមព្រៀង​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Samiuela  Tukuafu នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៩ ខែមករា​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល គម្រោង​កែលម្អ​បណ្ដាញ​ផ្លូវជាតិ គ្រោង​ចំណាយ​ថវិកា​សរុប ៧៦,៩៤​លាន​ដុល្លារ សម្រាប់​កែលម្អ​កំណាត់​ផ្លូវជាតិ​លេខ​១ និង​លេខ​៦ ប្រវែង ១៤៧​គីឡូម៉ែត្រ​។ ទី​២ គឺ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​តាម​ខេត្ត គ្រោង​ចំណាយ​ថវិកា ១១៩​លាន​ដុល្លារ ដោយ​ក្នុងនោះ​មាន​ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ចំនួន ១០​លាន​ដុល្លារ​។ ថវិកា​នេះ ត្រូវបាន​ប្រើប្រាស់​សម្រាប់​បង្កើន​ការផ្ដល់​សេវាកម្ម​ទឹកស្អាត និង​អនាម័យ​ជូន​ពលរដ្ឋ​ដែល​រស់នៅ​ទីប្រជុំជន និង​ទីក្រុង នៅក្នុង​ខេត្តបាត់ដំបង កំពង់ចាម សៀមរាប និង​ក្រុងព្រះសីហនុ​។ រីឯ​គម្រោង​ទី​៣ គឺជា​ការផ្ដល់​ហិរញ្ញប្បទាន​បន្ថែម​ដល់​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប  ដែល​គ្រោង​ចំណាយ ៦៦​លាន​ដុល្លារ សម្រាប់​កែលម្អ​លក្ខខណ្ឌ​សេដ្ឋកិច្ច និង​សង្គម និង​ការរស់នៅ​របស់​កសិក​រ​ខ្នាតតូច​ចំនួន ៦៥​ម៉ឺន​គ្រួសារ ក្នុង​ឃុំ​គោលដៅ​ចំនួន ២៧១ ក្នុង​ខេត្ត​ចំនួន​៧​ជុំវិញ​បឹង​ទន្លេសាប​។

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បញ្ជាក់ថា គម្រោង​ទាំង​៣​ខាងលើនេះ មាន​គោលដៅ​រួម ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅ​ទីប្រជុំជន និង​ជទ​បទ​៕




© រក្សាសិទ្ធិដោយ thmeythmey.com