កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
កីឡា​អេឡិចត្រូនិក​៖ Never Care ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ ឯ Infinity ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​
14, Jan 2018 , 11:22 am        
រូបភាព
ដោយ:
​ក្រុម​ការពារ​តំណែង​ជើងឯក Never Care បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ និង​ឈានចូល​វគ្គ​៨​ក្រុម​ចុងក្រោយ​សម្រាប់​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក MATIC អន្តរជាតិ​ប្រចាំឆ្នាំ​២០១៨​។ ចំណែក​ក្រុម​ចំណូល​ថ្មី Infinity បាន​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ក្រោយ​ឈរ​លេខ​ទី​៦​ក្នុង​ពូ​ល A​។​



​យោងតាម​ការចាប់​ឆ្នោត ក្រុម​ការពារ​តំណែង​ជើងឯក​កម្ពុជា Never Care ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ចិន​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃអាទិត្យ ទី​១៤ មករា​នេះ ដើម្បី​ដណ្តើម​កៅអី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ MATIC ប្រចាំឆ្នាំ​២០១៨​។ មុន​ឡើងមក​ជួបគ្នា​ក្នុង​វគ្គ​នេះ ក្រុម​ទាំងពី​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៤​ដូចគ្នា​ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​។ ក្នុងនោះ Never Care ឈរ​លេខ​៤​ពូ​ល B ដោយមាន​១៦​ពិន្ទុ និង​ក្រុម​ចិន​ឈរ​លេខ​៤​ពូ​ល A មាន​១៦​ពិន្ទុ​ដូចគ្នា​។ 

​ដោយឡែក ក្រុម​ចំណូល​ថ្មី Infinity ដែល​បានរួម​ដំណើរ​ជាមួយ​ក្រុម Never Care ទៅ​ការពារ​តំណែង​ជើងឯក​នៅ​ឆ្នាំនេះ​បាន​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ដោយ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​។ សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល A ក្រុម​កម្ពុជា Infinity ឈរ​ចំណាត់ថ្នាក់​លេខ​៦​ក្នុងចំណោម​៦​ក្រុម​។   

​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក MATIC អន្តរជាតិ​នៅ​ថៃ​មាន​១២​ក្រុម​ពី​៥​ប្រទេស​ចូលរួម ខណៈ​កម្ពុជា​បញ្ជូន​ពីរ​ក្រុម​ឲ្យ​ចូលរួម ដែល​ក្រុម​ទាំងនេះ​សុទ្ធសឹង​ជា​ជើងឯក និង​ជើងឯក​រង​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៧​។ ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៣ មករា ក្រុម​ម៉ាឡេស៊ី​បាន​គ្រង​កំពូល​តារាង​ទាំង​ពូ​ល A និង B ខណៈ​ថៃ និង​សិង្ហ​បុរី​ឈរ​លេខ​រៀង​ជា​បន្តបន្ទាប់​៕




Tag:
 E-sport
  Never Care
  Infinity
  MATIC 2018
© រក្សាសិទ្ធិដោយ thmeythmey.com