បទយកការណ៍ / បទសម្ភាសន៍
Inspired Cambodia រៀបចំ​«Toastmasters Open Speech» ដើម្បី​ជំរុញ​ការនិយាយ​ជា​សាធារណៈ​
14, Jan 2018 , 3:39 pm        
រូបភាព
ដោយ:
INSPIRED. Cambodia នឹង​រៀបចំ​កម្មវិធី «Toastmasters Open Speech» ដើម្បី​លើកកម្ពស់​វប្បធម៌​នៃ​ការនិយាយ​ជា​សាធារណៈ​របស់​យុវជន​។ កម្មវិធី​នេះ ប្រព្រឹត្តទៅ​ពី​ម៉ោង​១​រសៀល ដល់​ម៉ោង​៥​ល្ងាច  ថ្ងៃទី​២៨ ខែមករា​ខាងមុខ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC)​។ វាគ្មិន​ជាតិ និង​អន្តជាតិ នឹង​ចែករំលែក​ពី​ភាពជា​អ្នកទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព ជំនាញ​គ្រប់គ្រង​ពេលវេលា ជំនាញ​ស្តាប់​ដ៏​ល្អ និង​ភាពជា​អ្នកដឹកនាំ​ខ្លួនឯង អ្នកដទៃ ក៏ដូចជា​ការដឹកនាំ​ស្ថាប័ន​។



​សូម​អាន​បទ​សម្ភាស​រវាង លោក ទីន សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​កញ្ញា ផាន់ គីម​ហុង ដូចតទៅ​៖

លោក ទីន សុខ​លីម​៖  ខ្ញុំ​ចង់​ឲ្យ​កញ្ញា​រៀបរាប់​ខ្លះៗ ពី​កត្តា​ដែល​ជំរុញ​ឲ្យ​បង្កើត​កម្មវិធី «Toastmasters Open Speech»​នេះ​ឡើង​?
កញ្ញា ផាន់ គីម​ហុង​៖ ដោយសារ​មើលឃើញ​ពី​អត្ថប្រយោជន៍ និង​ជំនាញ​ដ៏​ល្អៗ នៃ​ក្លិប Toastmasters មានដូចជា ភាពជា​អ្នកទំនាក់ទំនង​ដ៏​មាន​ប្រសិទ្ធភាព ការពង្រឹង​ប្រសើរឡើង​ផ្នែក​វេយ្យាករណ៍ និង​វាក្យសព្ទ ជំនាញ​គ្រប់គ្រង​ពេលវេលា ជំនាញ​ស្តាប់​ដ៏​ល្អ ការផ្តល់​នូវ​មតិយោបល់​ជាក់លាក់ វិជ្ជមាន និង​មាន​ប្រយោជន៍​ទៅកាន់​អ្នកដទៃ ការនិយាយ​ដើម្បី​បំផុស​គំនិតល្អៗ ការឆ្លើយតប​ដោយ​ឆ្លាត​វៃ និង​រហ័ស​ទៅនឹង​សំណួរ​មិនចេះ​រីងស្ងួត ភាពជា​អ្នកដឹកនាំ​ខ្លួនឯង អ្នកដទៃ ក៏ដូចជា​ស្ថាប័ន​នានា​។ ក្រុម​ទាំងមូល ក៏ដូចជា​រូបនាង​ខ្ញុំ​ផ្ទាល់​បានរៀបចំ​កម្ម​វី​ធី «Toastmasters Open Speech» ដោយ​សង្ឃឹមថា​សាធារណៈជន​ទាំងអស់​អាច​ក្លាយជា អ្នកដឹកនាំ អ្នកទំនាក់ទំនង អ្នក​និយាយ​ជា​សាធារណៈ និង​ជំនាញ​ផ្សេងៗ​ជាច្រើន​ដែលមាន​ប្រសិទ្ធភាព​ជាង​មុន សម្រាប់​ខ្លួន​ពួកគេ​ផ្ទាល់ ក៏ដូចជា​សង្គម​កម្ពុជា​ទាំងមូល​។

​លោក ទីន សុខ​លីម​៖  តើ​កម្មវិធី​នេះ​មាន​គោលបំណង​អ្វីខ្លះ​? ហើយ​មាន​វាគ្មិន​ណាខ្លះ​ចូលរួម​ចែករំលែក​?
កញ្ញា ផាន់ គីម​ហុង​៖ កម្មវិធី​នេះ​មាន​គោលបំណង លើកកម្ពស់​វប្បធម៌ នៃ​ការនិយាយ​ជា​សាធារណៈ​នៅក្នុង​ប្រទេស ដោយមាន​ការចែក​ពី​សំណាក់​វាគ្មិន​ជាតិ និង​អន្តរជាតិ​។  វត្តមាន​វាគ្មិន​សំខាន់ៗ​រួមមាន លោក​អៀ អ៊ុយ (Co-Founder, Osja Studio), លោក ហ៊ីង​ភិត​វង្សរ​ដ្ឌា​យុទ្ធ (Researcher and Development Manager at STANDFORD American School of Phnom Penh),  Ms. Deborah (Cameroonian, a broadcaster, teacher, manager, missionary and motivational speaker),  លោក ទេព លី​វី​ណា (Co-founder and Managing Director of EDNICHE CENTER) និង​វាគ្មិន​ជាតិ និង​អន្តរជាតិ​មួយចំនួនទៀត​។



​លោក ទីន សុខ​លីម​៖ តើ​កម្មវិធី​នេះ​មាន​អ្វីខ្លះ​ខុសប្លែក​ពី​កម្មវិធី​ដទៃ​?
​កញ្ញា ផាន់ គីម​ហុង​៖ កម្មវិធី «Toastmasters Open Speech» មាន​លក្ខណៈ​ខុសពី​កម្មវិធី​ដទៃ​ទាំងស្រុង ដោយ​វគ្គ​នីមួយៗ​នៃ​កម្មវិធី ធ្វើតាម​បែបបទ Toastmasters អន្តរជាតិ ដែលមាន​ប្រភពដើម​ពីស​ហរ​ដ្ធ​អាមេរិក​។ ទី​១ ការ​បញ្ចាំង​វីដេអូ​ខ្លី​ពី​កិច្ចប្រជុំ​របស់​ក្លិប Toastmasters​ទាំងមូល​។ ទី​២ ការចែករំលែក​បទពិសោធ​ន៍​លើ​ប្រធានបទ​នានាៗ របស់​វាគ្មិន​ជាតិ និង​អន្តរជាតិ​។  ទី​៣ ការ​សួរ​សំណួរ​ភ្លាមៗ​ទៅកាន់​វាគ្មិន និង​សាធារណជន​។ ទី​៤​ការសម្តែង​ពី​ក្រុម​តន្ត្រី​ជំនាញ​ផ្នែក​ព្យា​ណូ វី​យូ​ឡុង និង​ឧបករណ៍​តន្ត្រី​មួយចំនួន​ផ្សេងទៀត  និង​មាន​ការចាប់​រង្វាន់​ផ្សងសំណាង​ផងដែរ​។​

លោក ទីន សុខ​លីម​៖  កញ្ញា​នៅ​ក្មេង ប៉ុន្តែ​មាន​សមត្ថភាព​អាចដឹកនាំ​គម្រោង​បាន​។ តើ​កញ្ញា​អាចជួយ​ចែករំលែក​បានទេ​?​    ​
​កញ្ញា ផាន់ គីម​ហុង​៖ ភាពជា​អ្នក​ដឹក​គឺជា​បទពិសោធ​ន៏​មួយ​ដ៏​មាន​អត្ថន័យ​សម្រាប់​រូបនាង​ខ្ងុំ​។ មុនពេល​នាង​ខ្ញុំ​អាចឈាន​ជើង​ដល់​ដំណាក់កាល​នេះ នាង​ខ្ញុំ​ធ្លាប់ជា​អ្នកធ្វើ​តាម​គេ និង​ជា​អ្នក​បរាជ័យ​ក្នុងការ​ដឹកនាំ​។ ប៉ុន្តែ​បទពិសោធន៍​ទាំងអស់នេះ បាន​បង្រៀន​ឲ្យ​នាង​ខ្ញុំ​រឹងមាំ​ជាង​មុន និង​បាន​ស្វែងរក​នូវ​ដំណោះស្រាយ​ក្នុងការ​ដឹកនាំ​។ ជាងនេះទៅទៀត នាង​ខ្ញុំ​ក៏​ទទួល​បានការ​ផ្តល់ឱកាស និង​ការជួយ​គាំទ្រ​ជ្រោមជ្រែង​ពី​សំណាក់​រៀមច្បង​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com