បទយកការណ៍ / បទសម្ភាសន៍
លោក ឯម រៀម ចោល​ឱកាស​ការងារ​នៅ​បារាំង មក​តម្កើង​សិល្បៈ​ច្នៃ​ម៉ូដ​នៅ​ខ្មែរ
14, Jan 2018 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ លោក ឯម រៀម ជា​អ្នក​រចនា​ម៉ូដ​ទំនើប ដែលមាន​ស្នាដៃ​លេចធ្លោ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។ បច្ចុប្បន្ន លោក ឯម រៀម ជា​គ្រូបង្រៀន​ផ្នែក​គំនូរ​ពិត អ្នក​ច្នៃ​ម៉ូដ​គ្រឿងអលង្ការ មកុដ​ក្បាច់​ខ្មែរ​បុរាណ និង​រចនា​ម៉ូដ​សម្លៀកបំពាក់​ផងដែរ​។ លោក បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​ផ្នែក​រចនា​ម៉ូដ​ពី​ប្រទេស​បារាំង កាលពី​ឆ្នាំ​២០០៧ ដែល​កាលណោះ លោក អះអាងថា ខ្លួន​អាចធ្វើ​ការងារ​នៅ​ប្រទេស​បារាំង​ដោយ​ងាយស្រួល ប៉ុន្តែ​លោក​សុខចិត្ត​បោះបង់ និង​សម្រេចចិត្ត​ត្រឡប់មក​ប្រទេស​ខ្មែរ​វិញ ព្រោះ ចង់​លើកស្ទួយ​សិល្បៈ​ច្នៃ​ម៉ូដ​ក្នុងប្រទេស​កំណើត​ឱ្យ​រីកចម្រើន និង​កាន់តែ​សម្បូរបែប​។​



​លោក ឯម រៀម ជា​អ្នក​រចនា​ម៉ូដ​ទំនើប​ដែល​ទទួលបាន​ការកោតសរសើ​រ​ជុំ​ទិស ពី​សំណាក់​អ្នក​ប្រប​កប​អាជីព​ដូចគ្នា និង​មហាជន​ទូទៅ​។ លោក ឯម រៀម ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែក​រចនា​ម៉ូដ​នៅ​ប្រទេស​បារាំង តាំងពី​ឆ្នាំ​២០០៧​មក​រូបនេះ បាន​រំ​ឮ​ក​ឡើងវិញ​ថា រូបគាត់​បាន​ចាប់ចិត្ត​ស្រឡាញ់​ការ​គូរគំនូរ​តាំងតែ​រៀន​នៅ​វិទ្យាល័យ ហើយ​បាន​បន្ត​ការសិក្សា​ផ្នែក​គំនូរ​នេះ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក្រោយ​ចប់​បាក់​ឌុប​។ 



​នៅ​អំឡុងពេល​សិក្សា នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រៀម  ក៏​គូរគំនូរ​លក់ដើម្បី​បាន​ប្រាក់​ចាយវាយ​ប្រចាំថ្ងៃផង និងជាឱកាសបញ្ចេញទេពកោសល្យរបស់ខ្លួនផង។ តាមរយៈការងារ និងបទពិសោធន៍ក្នុងអំឡុងពេលសិក្សានេះ ​កិត្តិសព្ទរបស់យុវជន ឯម រៀម ក៏បានរីកសាយនៅក្នុងចំណោមវិចិត្រករកម្ពុជានាជំនាន់នោះ និងមានតែងមានស្នាដៃនៅក្នុងការតាំងពិព័រណ៍នានានៅក្នុងប្រទេសដែរ។ ដូច្នេះហើយ បានជានៅក្រោយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានមួយឆ្នាំ ពោលគឺក្នុងឆ្នាំ២០០១ លោក ឯម រៀម ត្រូវបាន​វិទ្យាស្ថាន​វប្បធម៌​បារាំង​នៅ​កម្ពុជា ​ជ្រើសរើស​ឲ្យ​ទៅ​សិក្សា​ផ្នែក​គំនូរ​រយៈពេល​៣​ឆ្នាំ​នៅ​សាលា Saint-Étienne École des Beaux-arts  នៅ​បារាំង​។

នៅប្រទេសបារាំង ឯម រៀម អះអាងថាខ្លួនសង្វាតសិក្សាណាស់ មិនដែល​ប្រហែល​នឹង​ការសិក្សា​របស់ខ្លួន​ម្តងណាឡើយ។ លោក រៀម ​តែង​តែង​ស្រាវជ្រាវ និង​រក​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ជានិច្ច ព្រោះ​មិន​ចង់ឱ្យ​គេ​ថា​សិស្ស​មកពី​កម្ពុជា រៀន​មិន​ពូកែ ហើយ​ខ្លាច​សាលា​ផ្ដាច់​អាហារូបករណ៍​ផង​។ រៀនចប់ផ្នែកគំនូរ៣ឆ្នាំហើយ និស្សិតរូបនេះ មិនបានត្រឡប់មកស្រុកខ្មែរនោះទេ តែបែរជាស្នើ​ស្ថានទូត​បារាំង​បន្ដ​ការសិក្សា​យក​ថ្នាក់បណ្ឌិត​ផ្នែក​រចនា​ម៉ូដ​នេះ​បន្តទៀត ដោយ​សារតែខ្លួន ចេះតែ​ចង់​ចេះ ចង់ដឹង​ពី​ការ​រចនា​ម៉ូដ និង​យល់ឃើញថា នៅ​ស្រុក​ខ្មែរ​មិនទាន់មាន​អ្នកជំនាញ​ខាង​រចនា​ម៉ូដ​នេះ​​។

និយាយ​បន្ត​លាយ​សំណើច និង​កាយវិការ​ផង អ្នក​ច្នៃ​ម៉ូដ​ដែល​ទុក​ពុកមាត់ ពុកចង្កា​វែង ឯម រៀម សង្កត់ធ្ងន់ថា រៀន​នៅ​ស្រុក​ខ្មែរ​ថា​ពិបាក តែ​រៀន​ស្រុក​គេ​ពិបាក​ជាង​ច្រើនដង​ណាស់​។ លោក រៀម រៀបរាប់​ដូច្នេះ​៖«​កាល​រៀន​នៅ​នោះ ថ្ងៃ​ណា​ក៏​គិត​ដែរ ត្រូវធ្វើ​យ៉ាងណា​ឱ្យមាន​ការងារ​ល្អ​ឱ្យ​គ្រូ ថ្ងៃ​ខ្លះ​មកដល់​សាលា​ប្រាប់​គ្រូ​ថា លោកគ្រូ​អើយ​ថ្ងៃនេះ​អស់ហើយ​មិនមាន​អ្វី​ថ្មី​ទេ​។ តែ​និយាយ​បានតែ​អីចឹង​ទេ នៅតែ​ខំប្រឹងប្រែង​ខ្លាំងណាស់​»​។ យ៉ាងណា ការប្រឹងប្រែង​នេះ បានធ្វើ​ឲ្យ​លោក ឯម រៀម ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ជំនាន់ ជាមួយនឹង​និស្សិត​ម្នាក់ទៀត​មកពី​ប្រទេស​ចិន​។



​ក្រោយ​បញ្ចប់​ការសិក្សា​ថ្នាក់បណ្ឌិត​នា​អំឡុង​ឆ្នាំ​២០០៧ លោក​រៀម អះអាងថា លោក​អាច​បន្ត​ស្នាក់នៅ និង​ធ្វើការ​ត្រូវ​នឹង​ជំនាញ​ដែល​ខ្លួន​បាន​រៀន គឺ​ផ្នែក​រចនា​ម៉ូដ​នៅ​រោងចក្រ​ក្រដាស នៅ​ស្រុក​បារាំង​សេស​បាន ប៉ុន្តែ​លោក​បាន​សម្រេចចិត្ត​ត្រឡប់មក​កម្ពុជា​វិញ ព្រោះតែ​ចង់​អភិវឌ្ឍន៍​ផ្នែក​រចនា​ម៉ូដ​ទំនើប  នៅ​ប្រទេស​របស់ខ្លួន​វិញ​។ បុរស​វ័យ​៤៧​ឆ្នាំ​រូបនេះ បញ្ជាក់​ដូច្នេះ​៖ «​បើ​ខ្ញុំ​ចង់​ធ្វើការ​នៅ​នោះ​ក៏បាន ទាក់ទង​នឹង​ជំនាញ​ខ្ញុំ  គឺ​ធ្វើ​នៅ​រោងចក្រ​ផលិត​ក្រដាស រោងចក្រ​ផលិត​គ្រឿងសង្ហារិម  តែ​ខ្ញុំ​ទៅ​រៀន​នោះ​ដើម្បី​មក​អភិវឌ្ឍន៍​ប្រទេស​វិញ ខ្ញុំ​ចង់ឱ្យ​ការច្នៃ​ម៉ូដ​ទំនើប​នៅ​កម្ពុជា​កាន់តែ​សម្បូរបែប​»​។​

​មក​ប្រទេស​កំណើត បណ្ឌិត​ផ្នែក​រចនា​ម៉ូដ​រូបនេះ បាន​បើក​វិចិត្រសាល​ផ្ទាល់ខ្លួន ឈ្មោះថា X-Em នៅ​ខាងជើង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។ ក្រៅពី​វិចិត្រសាល​ផ្ទាល់ខ្លួន បច្ចុប្បន្ន បណ្ឌិត ឯម រៀម អាយុ​៤៧​ឆ្នាំ ក៏​ជា​គ្រូបង្រៀន​ផ្នែក​គំនូរ​ពិត​មួយរូប អ្នក​ច្នៃ​ម៉ូដ​គ្រឿងអលង្ការ និង​រចនា​ម៉ូដ​សម្លៀកបំពាក់ ហើយក៏​ឆ្លៀត​ដើរ​ម៉ូដ​ផងដែរ​។ 

​ប្រមាណ​១០​ឆ្នាំ​មកនេះ បណ្ឌិត​ច្នៃ​ម៉ូដ ឯម រៀម បាន​អះអាងថា​ខ្លួន បានធ្វើ​កិច្ចការ​ជាច្រើន រួមចំណែក​អភិវឌ្ឍន៍​ការច្នៃ​ម៉ូដ​ក្នុងប្រទេស​កំណើត ដែល​ស្នាដៃ​ទាំងនោះ​មាន​គ្រឿងសង្ហារិម​ធ្វើ​ពី​ផ្តៅ គំនូរ ចម្លាក់ មកុដ និង​ការច្នៃ​ម៉ូដ​ជា​លក្ខណៈ​ក្បាច់បុរាណ​ខ្មែរ​។ សម្រាប់​លោក​បណ្ឌិត​រូបនេះ សិល្បៈ​គឺជា​ការច្នៃប្រឌិត ប៉ុន្តែ​ត្រូវ​ផ្សារភ្ជាប់​នឹង​ប្រពៃណី​និង​វប្បធម៌​ខ្លួន​របស់ខ្លួន និង​ត្រូវ​គិតគូរ​អំពី​បរិស្ថាន និង​ការអភិវឌ្ឍន៍​វប្បធម៌​ជាតិ​។  លោក បញ្ជាក់​ដូច្នេះ​៖«​ទោះ​តែ​យើង​ចេះ​ច្នៃ​ម៉ូដ​បានល្អ​ហើយ​ក្ដី តែ​យើង​ត្រូវតែ​សិក្សា​បន្ថែម​ឱ្យបាន​ច្រើន សិក្សា​ពីរ​បស់​យើង​ឱ្យបាន​ច្បាស់ និង​ពី​ប្រទេស​គេ​ថា​មាន​អ្វីខ្លះ កុំ​ឱ្យគេ​និយាយ​យើង​អត់​ដឹងអី​សោះ​។ ស្នាដៃ​ដំបូង​របស់​ខ្ញុំគេ​ថា ខ្ញុំ​ចម្លង​ពី​ថៃ តែ​មិនមែន​ទេ​ខ្ញុំ​បាន​សិក្សា​ពី​រចនាបថ​ខ្មែរ​ច្បាស់ នៅ​សាលា​រចនា​»​។ 



​សម្រាប់ លោក ឯម រៀម លោក​ពេញចិត្ត និង​មាន​មោទនភាព​ណាស់ ដែល​ការប្រឹងប្រែង​របស់ខ្លួន​ជាង​១០​ឆ្នាំ​មកនេះ ហើយ​បច្ចុប្បន្ន ស្នាដៃ​របស់លោក ត្រូវបានគេទទួលស្គាល់ ហើយ​រូបលោក​ផ្ទាល់ ក៏បាន​ក្លាយជា​ជន​គំរូ​មួយ​រួប សម្រាប់​យុវជន​ជំនាន់​ក្រោយ​។ លោក ឯម រៀម បញ្ជាក់​ពី​មោទនភាព​របស់ខ្លួន​ដូច្នេះ​៖ «​ស្នាដៃ​របស់ខ្លួន អាចជួយ​បាន​អ្វីដែល​ខ្ញុំ​ធ្វើ​សព្វថ្ងៃ គឺ​បាន​ជួយ​ច្រើន​។ បើ​និយាយ​ទៅ យើង​ជា​បុគ្គល​គំរូ​សម្រាប់​ប្អូនៗ​ជំនាន់​ក្រោយ បើ​ប្រៀបធៀប​ការងារ​រយៈ​១០​ឆ្នាំ​ហ្នឹង​។ យើង​ជា​គំរូ​ឲ្យ​ពួកគេ​ស្រឡាញ់ ពួកគេ​នឹង​រៀន ហើយ​ពួកគេ​ធ្វើ​។ អ៊ីចឹង​វា មាន​ឥទ្ធិពល​ល្អ​សម្រាប់​ពួកគាត់​»​។  

​ទៅ​ថ្ងៃ​អនាគត​បណ្ឌិត ឯម រៀម មាន​ក្ដី​ប្រាថ្នា​ចង់​មាន​រោង​ជាង​មួយ ដើម្បី​អភិវឌ្ឍន៍​ការធ្វើ​មកុដ និង​ប៉ាក់​ឌិន​សម្លៀកបំពាក់​ប្រពៃណី ជា​រចនាបថ​ខ្មែ​៕








© រក្សាសិទ្ធិដោយ thmeythmey.com