ជាតិ
មន្ត្រី​រដ្ឋាភិបាល​៖ ចលនា​ថ្មី​របស់​អតីត​បក្សប្រឆាំង កំពុង​បង្ក​គ្រោះ​ដល់​ខ្លួន​កាន់តែ​ធ្ងន់​
15, Jan 2018 , 10:19 pm        
រូបភាព
លោក សម រង្ស៊ី  និងលោក កឹម សុខា ហែហមដោយអ្នកគាំទ្រ ពេលចេញពីព្រលានយន្តហោះភ្នំពេញអន្តរជាតិកាលពីឆ្នាំ២០១៣
លោក សម រង្ស៊ី និងលោក កឹម សុខា ហែហមដោយអ្នកគាំទ្រ ពេលចេញពីព្រលានយន្តហោះភ្នំពេញអន្តរជាតិកាលពីឆ្នាំ២០១៣
​ភ្នំពេញ​៖ អតីត​មេដឹកនាំ​មួយចំនួន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាននាំគ្នា​បង្កើត​ទិដ្ឋភាព​នយោបាយ​ថ្មី​មួយ​ពី​ក្រៅប្រទេស ដែល​ហៅថា «​ចលនា​សង្គ្រោះ​ជាតិ​»​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​ចលនា​នេះ​។​



​ក្រុម​អ្នកនយោបាយ​ដែល​ធ្លាប់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​បញ្ឈប់​សកម្មភាព នៅក្រៅ​បទេស​នោះទេ ដរាបណា​រដ្ឋាភិបាល​ក​ម្ពុ​ជា មិន​អនុញ្ញាត​ឲ្យ​គណបក្ស​របស់​ពួកគេ រស់​ឡើងវិញ ហើយ​មិន​ដោះលែង​លោក កឹម សុខា​។ ឈានចូល​ឆ្នាំ​២0១៨ ក្រុម​អ្នកនយោបាយ​ប្រឆាំង​ទាំងនោះ ក៏​នឹកឃើញ​ផែនការ​ថ្មី​មួយ គឺ​ការបង្កើត «​ចលនា​សង្គ្រោះ​ជាតិ​» ដើម្បី​បន្ត​ការទាមទារ​របស់ខ្លួន​។​

​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ពី​ក្រៅប្រទេស ដែល​ចុះ​នៅ​ពីថ្ងៃ​១២ ខែមករា ដើម្បី​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដោយមាន​ឈ្មោះ​លោក អេង ឆៃអ៊ាង ស្ថិតនៅ​លំដាប់​ទីមួយ និង​លោក សម រង្ស៊ី ស្ថិតនៅ​លំដាប់​ទី​បី​។​

​ប៉ុន្តែ បើ​គេ​ឮ​ប្រតិកម្ម​របស់​អាជ្ញាធរ និង​គណបក្សកាន់អំណាច ចលនា​ថ្មី​នេះ ទំនងជា​មិនអាច​ជួយ​អ្វី​បាន​ដល់​អតីត​ក្រុម​អ្នកប្រឆាំង ដែល​កំពុង​ប្រមូល​ផ្តុំគ្នា​នៅក្រៅ​ប្រទេស​នោះទេ​។ ផ្ទុយទៅវិញ ពួកគេ​អាច​នឹង​ជួប​គុណវិបត្តិ​រឹតតែ​ធ្ងន់ធ្ងរ​ក៏​ថា​បាន  ដោយសារតែ​ការបង្កើត​ចលនា​នេះ​ឡើង​។​

​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច បាន​ប្រើពាក្យ​ព្រមាន​ធ្ងន់ៗ ទៅកាន់​ក្រុម​អ្នកនយោបាយ ដែល​ចូលរួម​ក្នុង​ចលនា​ចលនា​សង្គ្រោះ​ជាតិ​។  លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក ចលនា​សង្គ្រោះ​ជាតិ ថា​ជា​​ក្រុម​ឧទ្ទាម និង​ជា​អង្គការ​ចាត់តាំង ដែល​ស្ថិតនៅ​ក្រៅច្បាប់​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​ព្រមាន​ថា អ្នក​ដែល​ចូលរួម​បង្កើត​ចលនា​នេះ ច្បាស់​ជា​គេច​មិន​ផុតពី​ពន្ធនាគារ​នោះទេ ឲ្យ​តែ​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​។ លោក​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​មិនដែល​ពួកគាត់ មិន​ចូល​ស្រុក​វិញ​...​គង់តែ​ចូល​ទេ​។ ពេល​ចូល គឺ​ដឹង​ហើយ​...​គឺថា​ជង់​មិនដែល​ភ្លេច​កុក​ទេ​»​។

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ អះអាងថា មកដល់ពេលនេះ សមត្ថកិច្ច ពុំទាន់​បាន​ពិភាក្សា ឬ​រៀបចំ​ផែនការ​ណាមួយ ដើម្បី​កម្ចាត់​ចលនា​សង្គ្រោះ​ជាតិ​ឡើយ​។ ប៉ុន្តែ លោក និយាយ​យ៉ាង​ម៉ឺងម៉ាត់​ថា ចលនា​នេះ ពុំ​អាចធ្វើ​អ្វី​ផ្តេសផ្តាស នៅក្នុង​ប្រទេស​កម្ពុជា ជាដាច់ខាត​។

​លោក ខៀវ សុភ័គ ព្រលយ​ថា ប្រសិនបើ​ក្នុង​កាលៈទេសៈ​ណាមួយ ដែល​មើលទៅ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​នៅ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ស្នើ​ធ្វើ​បត្យាប័ន ដើម្បី​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា បញ្ជូន​អតីត​អ្នកនយោបាយ ដែល​ចូលរួម​ក្នុង​ចលនា​នេះ មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅ​កម្ពុជា​។​

​លោក សុខ ឥសាន ក៏​អត្ថាធិប្បាយ​បន្ថែម​មិនតិច​ដែរ ចំពោះ​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ​។ តាមរយៈ​សារ​ដែល​សរសេរ​ទៅកាន់​ក្រុមអ្នកកាសែត​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បាន​ចំអក​ថា អតីត​ក្រុម​អ្នកប្រឆាំង បាន​បរាជ័យ​ផ្ទួនៗ ក្នុង​ការរត់​ទៅ​ឱបដៃ ឱប​ជើង​បរទេស ហើយក៏​ទាល់ច្រក ទើប​បណ្តាល​ឲ្យ​មានគំនិត​បង្កើត​ចលនា​នេះ​ឡើង ដើម្បី​បំភាន់​សាធារណជន​ថា ក្រុម​ខ្លួន​នៅតែ​ខ្លាំង និង​អាច​ត្រឡប់មក​កម្ពុជា​វិញ​។ បន្ទាប់មក លោក​ក៏​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា មានលទ្ធភាព​គ្រប់គ្រាន់​និង​ពេញសិទ្ធិ ក្នុងការ​ចាត់វិធានកា​រ ចំពោះ​អង្គការ​ចាត់តាំង​ក្រៅច្បាប់​បែបនេះ​។

​លោក សុខ ឥសាន យល់ឃើញ​ដូច្នេះ​ថា​៖«​ការបង្កើត​អង្គការ​ចាត់តាំង​ខុសច្បាប់ គឺ​គ្មាន​ការគាំទ្រ​ពី​ប្រជាជន​និង​មជ្ឈដ្ឋាន​ខាងក្រៅ​ឡើយ​។ [​តែ​ផ្ទុយទៅវិញ​] កាន់តែ​បន្ថែម​ទម្ងន់ទោស​ដាក់ខ្លួន​...»​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​កាលពីពេល​ថ្មីៗ​នេះ អតីត​ក្រុម​អ្នកប្រឆាំង​បានបញ្ជាក់​ថា ពួកគេ​ពុំ​អាច​ទទួលយក​បានឡើយ ចំពោះ​ស្ថានភាព​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន ហេតុ​ដូច្នេះហើយ ទើប​សម្រេចចិត្ត​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ប្រមូលផ្តុំ​អ្នកប្រជាធិបតេយ្យ​ទាំងអស់ ឲ្យ​ចូលរួម​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អ្នកទោស​មនសិការ​ផ្សេងទៀត  ព្រមទាំង​សុំ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយមាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។

​ពួកគេ​បាន​អំពាវនាវ​ក្នុង​សេចក្តីថ្លែងការណ៍​បែបនេះ​ថា​៖«​យើង​សូម​អំពាវនាវ​ដល់​បង​ប្អូន​ជនរួមជាតិ​មកពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ចូលរួម​ជាមួយ​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​ការពារ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​មិន​ប្រកាន់​បក្សពួក និង​និន្នាការ​នយោបាយ​»​។

​លោក សម រង្ស៊ី បាន​ចេញមក​បកស្រាយ និង​ពន្យល់​ហេតុផល​បន្ថែម តាមរយៈ​ការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង និង​តាម​វេទិកាសាធារណៈ​នៅក្រៅ​ប្រទេស​ផង ពី​មូលហេតុ​នៃ​ការបង្កើត​ចលនា​នេះ​។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​រៀបរាប់ថា សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ប្រទេស​កម្ពុជា កំពុងតែ​តែលតោល និង​ស្រពេចស្រពិល​ពី​អនាគត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​រង​ការរំលាយចោល ហើយ​លោក កឹម សុខា ក៏​ជាប់ពន្ធនាគារ​។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ លើកឡើងថា ព្រឹត្តិការណ៍​អវិជ្ជមាន​ទាំងនេះ គឺជា​មូលហេតុ​ចម្បង ដែល​ជំរុញ​ឲ្យ​លោក និង​សហការី ត្រូវតែ​ផ្តួច​ផ្តើមគំនិត​ថ្មី​នៃ​ការបង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​លើកទឹកចិត្ត និង​បំផុសបំផុល​ឡើងវិញ​នូវ​កម្លាំង​ស្នេហា​ជាតិ និង​អ្នកប្រជាធិបតេយ្យ ក្នុង​គោលបំណង​បង្កើន​ប្រសិទ្ធភាព នៃ​ការតស៊ូ​ក្នុងដំណាក់កាល​ដ៏​លំបាក​នេះ​។​

​លោក សម រង្ស៊ី បន្តថា ចលនា​សង្គ្រោះ​ជាតិ ជា​ក្របខណ្ឌ​ថ្មី​មួយ ដែល​អាច​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ រៀបចំ​ធ្វើបាតុកម្ម និង​កូដកម្ម ដើម្បី​ទាមទារ​អ្វីមួយ ហើយ​គ្មាន​នរណា​អាច​ប៉ះពាល់ ឬ​រំលាយ​បានឡើយ​។ លោក អះអាង​បន្តថា ចលនា​សង្គ្រោះ​ជាតិ នឹង​ប្រមូល​កម្លាំង​អ្នកគាំទ្រ​ឲ្យ​បាន​កាន់តែ​ច្រើនជាង​មុន ពីព្រោះ​រូបភាព​នៃ​ចលនា​នេះ អាច​ទទួល​សមាជិក​ពី​មជ្ឈដ្ឋាន​ផ្សេងៗ ដូចជា​សង្គម​ស៊ីវិល​ជាដើម ដែល​មិនមែនជា​សមាជិក​គណបក្ស​នយោបាយ​។​

​លោក សម រង្ស៊ី បានបញ្ជាក់​ពី​បំណង​ចង់​ក្រោយ​នៃ​ការបង្កើត​ចលនា​នេះ​ថា​៖«​ពេល​យើង​បានសម្រេច​គោលបំណង​ហើយ ចលនា​សង្គ្រោះ​ជាតិ​នឹង​រំលាយ​ខ្លួនឯង ហើយ​អ្នកតស៊ូ​ក្នុង​ចលនា​នេះ នឹង​មក​ចូលរួម​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ទាំងអស់គ្នា ដើម្បី​ឲ្យ​គណបក្ស​នេះ ទទួលបាន​ជ័យជម្នះ ក្នុងការ​បោះឆ្នោត​ខាងមុខ ហើយ​សង្គ្រោះ​ជាតិ​យើង ឲ្យ​ទាល់តែ​បាន​»៕   


Tag:
 ​ខៀវ សុភ័គ​
  សម រង្ស៊ី​
  ចលនា​សង្គ្រោះ​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com