ជាតិ
រថយន្ត
អ្នកភូមិ​កំពង់​ភ្លុក​មាន​កាណូត​ដឹក​ភ្ញៀវទេសចរ​ជាង ៦០០​គ្រឿង
15, Jan 2018 , 8:39 pm        
រូបភាព
​សៀមរាប​៖ ឃុំ​កំពង់​ភ្លុក ជា​ឃុំ​មួយ​ដែលមាន​ភូមិសាស្ត្រ​ជាប់​បឹង​ទន្លេសាប​។ ឃុំ​នេះ មាន​ប្រជាពលរដ្ឋ​ជិត ៩០០​គ្រួសារ ដែល​៧០​ភាគរយ មានមុខរ​បរជា​អ្នកនេសាទ និង​២៥​ភាគរយ ជា​អ្នក​បើកកាណូត​ដឹក​ភ្ញៀវទេសចរ​។ សម្រាប់​កាណូត​ទូក​ដឹក​ភ្ញៀវ ដែល​កំពុង​ចរាចរណ៍​ដឹក​ភ្ញៀវទេសចរ​នាពេល​សព្វថ្ងៃ​នេះ មាន​ចំនួន​ជាង ៦០០​គ្រឿង​។



​មេឃុំ​កំពង់​ភ្លក់ លោក នឹង នី បាន​លើកឡើងថា ឃុំ​របស់លោក​មាន​ប្រជាពលរដ្ឋ​ចំនួន ៨៦៤​គ្រួសារ ស្មើនឹង​៣៦៤៦​នាក់​។ ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់​ភ្លុក គឺ​៧០%​ជា​អ្នកនេសាទ ២៥% ជា​អ្នក​បើកកាណូត​ទូក​ដឹក​ភ្ញៀវ និង​៥%​ទៀត ជាជាង​ជួសជុល​កាណូត និង​លក់ដូរ​ប​ន្តិ​ត​បន្តួច​។ 



​តាម​ការបញ្ជាក់​របស់​លោក​មេឃុំ​កំពង់​ភ្លុក ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់លោក​កម្រ​មាន​អ្នក​ចំណាកស្រុក​ណាស់ ព្រោះថា​ពួកគេ​មាន​មុខរបរ​ត្រឹមត្រូវ​នៅក្នុង​មូលដ្ឋាន ដែល​អាច​ផ្គត់ផ្គង់​គ្រួ​សារបាន​សមរម្យ​។ លោក​បន្ថែមថា សម្រាប់​អ្នកភូមិ​កំពង់​ភ្លក់ គឺ​មួយចំនួនធំ​ជា​អ្នកនេសាទ និង នៅមាន​ទម្លាប់​រស់នៅ​បែប​បុរាណ​នៅឡើយ គ្មាន​ឡើយ​សំណង់​ថ្ម​តួយ៉ាង​ដូចជា​ផ្ទះសម្បែង​ពួកគេ គឺ​ធ្វើ​ពី​ឈើ គ្រាន់តែ​ផ្លាស់ប្តូរ​ពី​ការ​ប្រក់​ស្បូវ​មក​ប្រក់​ស័ង្កសី​តែប៉ុណ្ណោះ​។ 



​ភូមិ​កំពង់​ភ្លុក​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​សំខាន់​នៅក្នុង​ខេត្តសៀមរាប ដែល​អាច ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​ម៉ឹ​ន​នាក់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ តួលេខ​នៅ​ឆ្នាំ​២០១៧​កន្លងទៅ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូលមក​កម្សាន្ត​ក្នុងភូមិ​ធម្មជាតិ​មួយ​នេះ សរុប​ទាំងអស់​មាន​ប្រមាណ ៩​ម៉ឺន​នាក់ ក្នុងនោះ​ទេសចរ​អន្ដរ​ជាតិ​មាន​ជាង ៦​ម៉ឺន​នាក់​។ ដូច្នេះ​ដើម្បី​គ្រប់គ្រង​លំហូរ​ទេសចរ​នេះ​បាន ថ្នាក់ដឹកនាំ​ឃុំ មាន​ផែនការ​ច្បាស់លាស់ ទីមួយ គឺ​ពង្រឹង​ការងារ​សន្តិសុខ និង​ទី​ពីរ ការគ្រប់គ្រង​អនាម័យ និង​បរិស្ថាន​។



​ទាក់ទង​នឹង​កាណូត​ទូក​វិញ សព្វថ្ងៃនេះ សហគមន៍​កាណូត​ដឹក​ភ្ញៀវទេសចរ​មានជ័យ​កំពង់​ភ្លុក មាន​ប្រជាពលរដ្ឋ​សរុប ៨៧​នាក់ ដែល​គិត​ជា​ទូក​ទាំង​តូច​និង​ធំ មាន​ជាង ៦០០​គ្រឿង​។ សម្រាប់​កាណូត​ខ្នាតតូច មានតម្លៃ​២០​ដុល្លារ ចំណែក​ធំ មានតម្លៃ ៣៣​ដុល្លារ​។ ភ្ញៀវទេសចរ អាច​គយគន់​ទេសភាព​នៅ តាម​ដងព្រែក ផ្ទះ​ផុត​ទឹក​ដែលមាន​សសរ​ពី​៦​ម៉ែត្រ ទៅ​៨​ម៉ែត្រ ឬ​ខ្ពស់ជាង​នេះ ស្ថានភាព​រស់នៅ និង​ការកម្សាន្ត​ដោយ​ជិះទូក​នៅតាម​ព្រៃ​លិច​ទឹក​ដោយ​ស្រស់ស្អាត​៕






Tag:
 កំពង់​ភ្លុក​
  កាណូត​ដឹក​ភ្ញៀវ​
© រក្សាសិទ្ធិដោយ thmeythmey.com