កីឡាជាតិ
ជាតិ
កីឡាករ​ឆ្នើម​៤​រូប​របស់​ណាហ្គា​វើ​ល​មាន​កិច្ចសន្យា​ដល់​ដើមឆ្នាំ​២០២០
16, Jan 2018 , 10:31 am        
រូបភាព
លោក ឡាំ ទីនី ថត​ជាមួយកីឡាករ គួច សុគម្ភៈ, គួច ដានី, សុះ ស៊ូហាណា និងញឹម សុវណ្ណារ៉ា ដែល​កាន់លិខិតកិច្ចសន្យា​រៀងៗខ្លួន
លោក ឡាំ ទីនី ថត​ជាមួយកីឡាករ គួច សុគម្ភៈ, គួច ដានី, សុះ ស៊ូហាណា និងញឹម សុវណ្ណារ៉ា ដែល​កាន់លិខិតកិច្ចសន្យា​រៀងៗខ្លួន
ដោយ:
​ណាហ្គា​វើ​ល​ពុំមាន​ការដោះដូរ​កីឡាករ​ទ្រង់ទ្រាយ​ធំ​ឡើយ​សម្រាប់​ការត្រៀម​ប្រជែង​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​និង​ពានរង្វាន់​សម្តេច ហ៊ុន សែន រដូវ​កាល​ឆ្នាំ​២០១៨​។ ក្នុងចំណោម​កីឡាករ​កម្ពុជា​ទាំង​១៨​នាក់​ដែល​លេង​ឲ្យ​ណាហ្គា​វើ​ល​រដូវ​កាល​មុន​អាច​មានតែ​កីឡាករ​ម្នាក់​ប៉ុណ្ណោះ​ដែល​ចាកចេញ ខណៈ​កីឡាករ​បរទេស​ទាំង​៥​នាក់​អាចមាន​៤​នាក់​ដែល​ត្រូវ​រុះរើ​។ មកទល់ពេលនេះ ណាហ្គា​វើ​ល ក៏​មិន​កំណត់​ទីលាន​ជាក់លាក់​សម្រាប់​ធ្វើជា​ម្ចាស់ផ្ទះ​នោះដែរ​។​



«​ចង់បាន​ពួកគាត់​ចាំ ខែមករា ឆ្នាំ ២០២០»​។ លោក ឡាំ ទី​នី បាន​បង្ហោះ​សារ​នេះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ភ្ជាប់​រូបថត​របស់លោក​ជាមួយនឹង​កីឡាករ​សំខាន់ៗ​៤​រូប​ដែល​ក្នុងនោះ​រួមមាន ខ្សែបម្រើ សុះ ស៊ូ​ហា​ណា ខ្សែការពារ ញឹម សុវណ្ណារ៉ា ខ្សែបម្រើ គួច ដា​នី និង​កីឡាករ​ជើងចាស់ គួច សុគ​ម្ភៈ​។ ក្នុងន័យនេះ អ្នកចាត់ការ​ក្លិប​ណាហ្គា​វើ​ល​ចង់​បញ្ជាក់ថា កីឡាករ​ទាំង​៤​រូប បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​រយៈពេល​២​ឆ្នាំ​បន្ថែមទៀត​ឯណោះ​។​

​លោក ឡាំ ទី​នី បាន​អះអាងថា ក្លិប​ណាហ្គា​វើ​ល​របស់លោក​ពុំមាន​ការដោះដូរ​កីឡាករ​ទ្រង់ទ្រាយ​ធំ​នោះឡើយ ។ អ្នកចាត់ការ​ទូទៅ​រូបនេះ​បាន​អះអាងថា ក្នុងចំណោម​កីឡាករ​កម្ពុជា​រដូវ​កាល​មុន​ទាំង​១៨​អាច​មានតែ​កីឡាករ ង៉​យ ស្រ៊ី​ន ដែល​ចាក​ចេញទៅ​ប្រកប​អាជីព​ជាមួយ​ក្លិប​ថ្មី​វិសាខា ។ លោក​បាន​បន្តថា ក្រៅពីនេះ​ពួកគេ​បាន​បន្ត​កិច្ចសន្យា​ជាមួយ​ណាហ្គា​វើ​ល​រយៈពេល​១​ឆ្នាំ ហើយ​មាន​ខ្លះ​ចុះកិច្ចសន្យា​រហូតដល់រ​ដូ​វ​កាល​ឆ្នាំ​២០១៩ ទៀតផង​។​

​ពាក់ព័ន្ធ​នឹង​ការដោះដូរ​កីឡា​បរទេស​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​លោក មាស ចាន់ណា បាន​បញ្ជាក់ថា មក​ទាល់​ពេលនេះ​មិនទាន់មាន​ការធ្វើ​តេស្ត​ស​ម​ត្ថ​ភាព​កីឡាករ​បរទេស​ណា​ម្នាក់​នោះទេ ហើយ សម្រាប់​កីឡាករ​កម្ពុជា​ក៏​មិនទាន់​រកបាន​ដូចគ្នា ដោយសារ​កីឡាករ​ភាគច្រើន​ជាប់កិច្ចសន្យា​ជាមួយ​ក្លិប​ផ្សេងៗ​។

«​យើង​គិតថា មានតែ​យក​យុវជន​ដែល​ធ្លាប់​ហ្វឹកហាត់​ជាមួយ​យើង​មក​បំពេញ​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់លោក មាស ចាន់ណា ដែល​បច្ចុប្បន្នកំពុង​ធ្វើតេស្ត​សមត្ថភាព​យុវជន​នៅ​ខេត្តកំពង់ស្ពឺ​ដើម្បី​ជ្រើសរើស​ចូល​ណាហ្គា​វើ​ល​។  

​ទន្ទឹមនឹងនេះ​លោក ឡាំ ទី​នី អ្នកចាត់ការ​ទូទៅ​ក្លិប​ណាហ្គា​វើ​ល​បាន​បញ្ជាក់ថា សម្រាប់​រដូវ​កាល​ថ្មី​នេះ​ណាហ្គា​វើ​លអាច​នឹង​ផ្លាស់ប្តូរ​កីឡាករ​បរទេស​ចំនួន​៤​រូប​។ «​សម្រាប់​កីឡាករ​បរទេស​ដែល​យើង​មាន​៥​នាក់​កន្លងមក គឺ​យើង​ទុក​តែ​ម្នាក់​នោះទេ យើង​នឹង​ផ្លាស់ប្តូរ​៤​នាក់​»​។ នេះ​ជាការ​អះអាង​របស់លោក ឡាំ ទី​នី ប៉ុន្តែ​មិនបាន​បញ្ជាក់​ព័ត៌មាន​លំអិត​ឡើយ​។​

​គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​(CNCC)​កាលពីពេល​ថ្មីៗ​បានប្រកាសថា សម្រាប់​ការប្រកួត​រដូវ​កាល​ឆ្នាំ​២០១៨ មិន​អនុញ្ញាត​ឲ្យ​ក្លិប​ណាមួយ​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ជាតិ​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ឡើយ ពោលគឺ​ក្លិប​នីមួយៗ​ត្រូវមាន​ទីលាន​ផ្ទាល់ខ្លួន​។ ការសម្រេច​នេះ បានធ្វើ​ឲ្យ​ក្លិប​ណាហ្គា​វើ​ល​ដែល​តែងតែ​ប្រើ​ទីលាន​នេះ​ធ្វើជា​ម្ចាស់ផ្ទះ​កំពុង​ជួប​បញ្ហា ខណៈ​មកទល់ពេលនេះ​ក្រុម​នេះ​មិនទាន់មាន​ទីលាន​ជាក់លាក់​នៅឡើយ​សម្រាប់ធ្វើ​ម្ចាស់ផ្ទះ​រដូវ​ក្រោយនេះ​។  

​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​នឹង​បើក​រដូវ​ថ្មី​ឆ្នាំ​២០១៨​នៅ​ថ្ងៃទី​៣ មីនា ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៣០ កញ្ញា ឆ្នាំ​២០១៨ ខណៈ​ពានរង្វាន់​សម្តេច ហ៊ុន សែន នឹង​បើក​រដូវ​កាល​របស់ខ្លួន​នៅ​ថ្ងៃទី​៧ កុម្ភៈ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៦ កញ្ញា ឆ្នាំ​២០១៨​។​

​សម្រាប់​ការប្រកួត​រដូវ​កាល​មុន​ក្រុម​ណាហ្គា​វើ​ល​បានបញ្ចប់​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​។ តែ​ខ្សែប្រយុទ្ធ​សញ្ជាតិរ​វ៉ាន់ដា Atuheire Kipson របស់​ណាហ្គា​វើ​ល​ទទួល​ពានរង្វាន់​ស្បែកជើង​មាស​ក្រោយ​រកបាន​២៧​គ្រាប់​៕         


Tag:
 ​បាល់ទាត់​
  ណាហ្គា​វើ​ល​
  មាស ចាន់ណា​
© រក្សាសិទ្ធិដោយ thmeythmey.com