ជាតិ
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោត​៖ បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​ពហិការ បើ​បរិយាកាស​នយោបាយ​មិនល្អ​
16, Jan 2018 , 12:56 pm        
រូបភាព
លោក យ៉ង សាំងកុមារ (ឆ្វេង) និង​លោក យ៉េង វីរៈ។ រូបថត GDP Takeo
លោក យ៉ង សាំងកុមារ (ឆ្វេង) និង​លោក យ៉េង វីរៈ។ រូបថត GDP Takeo
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ដែល​គេ​ដឹ​ល​ឮថា​ជា​បណ្តុំ​ពួក​បញ្ញវន្ត និង​សម្បូរ​ទៅដោយ​អតីតមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល អាច​នឹងមិន​ចូលរួម​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២0១៨ នោះទេ ប្រសិនបើ​ទាមទារ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​មិនបាន​។ នេះ​បើតាម​លោក យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជា​ធិ​តេ​យ្យ​មូលដ្ឋាន​។


​លោក យ៉ង សាំង​កុមារ ដែលជា​បណ្ឌិត​ផ្នែក​កសិកម្ម បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា លក្ខខណ្ឌ​ចាំបាច់ ដែល​គណបក្ស​ប្រជាធិបតេយ្យ ទាមទារ មានដូចជា សេរីភាព​ក្នុងការ​ផ្សព្វផ្សាយ​គោលនយោបាយ ការលើក​ស្លាក​គណបក្ស​ដោយ​ស្មើភាព​គ្នា និង​ឱកាស​ក្នុងការ​ជ្រើសរើស​បេក្ខជន​ឈរឈ្មោះ ដោយ​គ្មាន​ការគំរាមកំហែង ជាដើម​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​បើ​លក្ខខណ្ឌ​ទាំងអស់នេះ យើង​ទាមទារ​មិន​បានទេ យើង​អាច​នឹង​ដកខ្លួន​ចេញ ពី​ការបោះឆ្នោត​។ វា មិនមែនជា​យោបល់​របស់ខ្ញុំ​ផ្ទាល់​ទេ គឺ​យើង​បានសម្រេច​ក្នុង​គណៈកម្មាធិការ​នាយ​ក​គណបក្ស​តែម្តង​»​។ 

​លោក យ៉ង សាំង​កុមារ បន្តថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​សប្បាយចិត្ត​ទាល់តែសោះ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដោយសារតែ​ទាមទារ​សុំ​លើក​ស្លាក​នៅតាម​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ មិនបាន​។ លោក បន្ថែមថា ដើមឡើយ គណបក្ស​របស់លោក បានដាក់​សំណើ​ទៅកាន់​សាលាខណ្ឌ ដើម្បី​សុំ​លើក​ស្លាក​គណបក្ស ហើយ​សាលាខណ្ឌ ក៏​ប្រាប់​ឲ្យ​ស្នើ​ទៅ​សាលា​រាជធានី​ភ្នំពេញ​វិញ​។ ប៉ុន្តែ លោក អះអាងថា រហូតមកដល់​ពេលនេះ អាជ្ញាធរ​នៃ​សាលា​រាជធានី​ភ្នំពេញ មិនទាន់​ផ្តល់ដំណឹង​ដល់​ក្រុមការងារ​របស់លោក​នៅ​ឡើយ​ទេ ជុំវិញ​សំណើសុំ​លើក​ស្លាក​គណបក្ស​។ 

​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រូបនេះ ស្នើ​ឲ្យ​អាជ្ញា​ធរ ក៏ដូចជា​រដ្ឋាភិបាល កែលម្អ​ស្ថានការណ៍​ឡើងវិញ ដើម្បី​ធានា​ការបោះឆ្នោត​នាពេលខាងមុខ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​រលូត ស្មើភាព​គ្នា និង​យុត្តិធម៌​។ 

​សហគមន៍​អន្តរជាតិ​មួយចំនួន ចាត់ទុក​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ក្នុងប្រទេស​កម្ពុជា ថា​មាន​ភាព​យ៉ាប់យឺន​យ៉ាងខ្លាំង ក្រោយ​ចាប់​លោក កឹម សុខា ដាក់ពន្ធនាគារ និង​ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ សហគមន៍​អន្តរជាតិ​ទាំងនោះ ជាពិសេស សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប វាយតម្លៃ​ជាមុន​ថា ស្ថានភាព​បច្ចុប្បន្ន នឹងមិន​អាច​ធានា​ការបោះឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅដោយ​ស្របច្បាប់​ឡើយ​។ ហើយ​ប្រទេស​ធំៗ​ទាំងពីរ នឹងមិន​ទទួលស្គាល់ការ​បោះឆ្នោត​នោះទេ ប្រសិនបើ អវត្តមាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ 

​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល និង​គណបក្សកាន់អំណាច ធ្លាប់​ថ្លែង​ការពារ​ថា ប្រទេស​កម្ពុជា នៅតែ​អាច​រៀបចំ​ការបោះឆ្នោត​ជាធម្មតា ទោះជា​គណបក្ស​មួយចំនួន មិន​ចូលរួម ឬ​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​ក៏ដោយ​។ ភាគី​រដ្ឋាភិបាល យល់ថា ប្រទេស​កម្ពុជា មិនអាច​បាត់បង់​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ព្រោះតែ​អវត្តមាន​គណបក្ស​មួយចំនួន​នោះទេ​៕ 

Tag:
 GDP
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com