ជាតិ
ឆ្នាំ២០១៧ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់បានរថយន្ត ដឹកលើសទម្ងន់ជាង៩សែនគ្រឿង និងពិន័យប្រាក់ជាង១លានដុល្លារ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ឡើងអានសុន្ទរកថា ស្តីពីរបាយការណ៍បូកសរុបការងារក្នុងឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨
× នៅឆ្នាំ២០១៧ លេខាធិការដ្ឋាននៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកយុទ្ធនាការចុះបង្ក្រាបរថយន្តដឹកលើសទម្ងន់កំណត់ចំនួន ៩២៣,៦៥៨គ្រឿង ក្នុងនោះ រថយន្ដចំនួន ២,៩៥៣គ្រឿង ត្រូវបានផាកពិន័យ ដោយទទួលបានប្រាក់ចំនួន ៥,៧៧៨,៨២០,២០០រៀល ដែលស្មើនឹងប្រមាណ ១,៤២៣,២១០លានដុល្លារ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ ពីក្រសួងសាធារណការ និងដឹកជញ្ជូន។
របាយការណ៍នោះ បានឲ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសសរុបចំនួន ២៣,៦៧៨គ្រឿង ក្នុងចំនួននេះ កាត់ទ្រុងបានចំនួន ១,២១៥គ្រឿង។ របាយការណ៍ដដែល បន្តថា ក្រសួងសាធារណការ បានត្រួតពិនិត្យយានដ្ឋានជួសជុលសរុបចំនួន ៣,០៦៩កន្លែង ក្នុងចំនួននេះ មិនមានច្បាប់អនុញ្ញាតចំនួន ១,២៥០កន្លែង ហើយនិងយានដ្ឋានកែច្នៃ និងដំឡើងសរុបចំនួន ១៧៧កន្លែង ក្នុងចំនួននេះមិនមានច្បាប់អនុញ្ញាតចំនួន ៤៨កន្លែង។
បើតាមរបាយការណ៍ខាងលើ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មានចំនួន១៤កន្លែង ក្នុងនោះ ភ្នំពេញ ៣កន្លែង និងនៅតាមខេត្ត ៩កន្លែង ហើយការត្រួតពនិនិត្យយានយន្តទូទាំងប្រទេស ចំនួន ២២៦,៥៤៦គ្រឿង។ ដូចគ្នានេះដែរ រថយន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័តមាន ៣គ្រឿង ដោយបានត្រួតពិនិត្យយានយន្តចំនួន ១៦,០៥៧គ្រឿង៕
Tag:
យានយន្ត
ពិន័យជាប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com