អន្តរជាតិ
ដើម្បី​លើកកម្ពស់​ភាសាជាតិ បារាំង​មាន​ពាក្យថ្មី​ប្រើ​ជំនួស​ពាក្យ Smartphone
16, Jan 2018 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ពាក្យ Smartphone (​ទូរ​សព្ទ​ឆ្លាត​វៃ​) នឹង​ក្លាយជា​ភាសា​និយាយ ឬ​ភាសា​បន្ទាប់បន្សំ​ប៉ុណ្ណោះ សម្រាប់​អ្នកប្រើប្រាស់​ភាសា​បារាំង ពីព្រោះ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ គណៈកម្មាធិការ​ពង្រឹង​ការប្រើប្រាស់​ភាសា​បារាំង បានកំណត់​ឲ្យ​ប្រើប្រាស់​ពាក្យថ្មី​មួយទៀត​។​



«Le Mobile Multifonction» ដែល​មានន័យថា «​ទូរ​សព្ទ​ដៃ​ដែលមាន​មុខងារ​ច្រើន​» គឺ​ពាក្យ​ដែល​ត្រូវ​ប្រើប្រាស់​ផ្លូវការ​ក្នុង​ភាសា​បារាំង ដោយ​ត្រូវ​ជំនួស​ពាក្យ «Smartphone» ឬ «​ទូរ​សព្ទ​ឆ្លាត​វៃ​» ។ គណៈកម្មាធិការ​ពង្រឹង​ការប្រើប្រាស់​ភាសា​បារាំង (La Commission d’enrichissement de la langue française) បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​ជំរុញ​ការប្រើប្រាស់​ពាក្យថ្មី​នេះ ក្នុង​ឯកសារ​ផ្លូវការ​។​

​តាមពិតទៅ បើតាម​ការផ្សាយ​របស់ AFP ចាប់តាំងពី​ឆ្នាំ​២០០៩​មក  បារាំង​បានកំណត់​ឲ្យ​ប្រើប្រាស់​ពាក្យ​ផ្សេង​ក្រៅពី «Smartphone» រួចទៅហើយ ពោលគឺ​ពាក្យ «Terminal de Poche» ឬ «Ordiphone» ដែល​ក្នុងន័យ​សំដៅលើ​ទូរ​សព្ទ​ឆ្លាត​វៃ​។ ដូច្នេះ ក្រោយ​ការអនុម័ត​នេះ ពាក្យ «Le Mobile Multifonction» ត្រូវ​ជំនួស «Terminal de Poche» ឬ «Ordiphone» ដោយ​ស្វ័យប្រវត្តិ​។​

​ក្រៅពី​ពាក្យ «Smartphone» បារាំង​ក៏មាន​ពាក្យ​ខ្លួនឯង​ផ្ទាល់​ផងដែរ ដោយ ពាក្យ «Téléviseurs connectés» ជំនួស «SmartTV», «L’Internet des Objets» ជំនួស «Internet of Things» ជាដើម​។ ពាក្យ «Start-Up» ក៏​ស្ថិតក្នុង​ការពិចារណា​ផងដែរ​៕


Tag:
 ​ភាសាជាតិ​
  Smartphone
© រក្សាសិទ្ធិដោយ thmeythmey.com