កីឡាជាតិ
ជាតិ
បឹងកេតមិនទាន់រកឃើញ ខ្សែការពារថ្មីជំនួស រស់ សំអឿន តែសំឡឹងឃើញគ្រូកម្រិត A ម្នាក់ រូបភាពពីហ្វេសប៊ុកក្លិបបឹងកេត
× ក្រោយផុតសុពលភាពនៃកិច្ចសន្យាខ្លួន កីឡាករខ្សែបម្រើការពារ រស់ សំអឿន បានចាកចេញពីក្លិបបឹងកេតទៅរួមរស់ជាមួយក្លិបចំណូលថ្មីដែលទើបឡើងពីក្របខណ្ឌលីគលំដាប់ទី២វិសាខា សម្រាប់រដូវកាលឆ្នាំ២០១៨។ ក្រោយការចាកចេញរបស់ សំអឿន មកទល់ពីពេលនេះបឹងកេតមិនទាន់បានចុះកិច្ចសន្យាកីឡាករថ្មី ដើម្បីជំនួសកៅអីនេះនៅឡើយទេ។ ថ្នាក់ដឹកនាំក្លិបបឹងកេតបានបង្ហើបថា ក្លិបបានមើលឃើញសមាសភាពគ្រូបង្វឹកថ្មី ដើម្បីដឹកនាំក្រុមជំនួសតំណែងលោក ហៅ សុជាតិ រួចហើយ។
ក្រោយក្លិបបឹងកេតប្រកាសពីការចាកចេញរបស់ខ្សែបម្រើការពារ រស់ សំអឿន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មកទល់ពេលនេះក្លិបមិនទាន់រកឃើញកីឡាករថ្មីដើម្បីចុះកិច្ចសន្យាជំនួសកៅអីរបស់គេសម្រាប់រដូវថ្មីនៅឡើយទេ។ ក្រៅពីខ្សែបម្រើរូបនេះ មិនមានកីឡាករណាចាកចេញពីក្លិបនេះឡើយ ដោយពួកគេបានបន្តកិច្ចសន្យារយៈពេល១រដូវកាលរៀងៗខ្លួន។ នេះបើតាមការអះអាងរបស់ លោក បែ មករា អ្នកចាត់ការទូទៅរបស់ក្លិបបឹងកេត។
កីឡាករ រស់ សំអឿន បានចំណាយពេល៥ឆ្នាំរួមរស់ជាមួយក្លិបបឹងកេតពោលគឺចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ រូបគេបានជួយឲ្យក្លិបបឹងកេតលើកពានក្របខណ្ឌលីគកំពូលបានពីរលើកនៅឆ្នាំ២០១៦ និង២០១៧។ លើសពីនេះ សំអឿន បានជួយឲ្យបឹងកេតឈ្នះពានមុនបើករដូវកាលរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) CNCC Cup 2017 ទៀតផង។
ក្រោយសម្រេចមិនបន្តកិច្ចសន្យាជាមួយបឹងកេតកីឡាករ រស់ សំអឿន បានទៅប្រកបអាជីពជាមួយក្លិបចំណូលថ្មីដែលទើបឡើងពីក្របខណ្ឌលីគលំដាប់ទី២វិសាខាសម្រាប់រដូវកាលឆ្នាំ២០១៨។ ក្រៅពីខ្សែបម្រើការពារ រស់ សំអឿន ក្លិបវិសាខាបាននាំចូលកីឡាករជនជាតិកូរ៉េខាងជើងទាំង៤របស់ទ័ព និងកីឡាករកម្ពុជាមួយចំនួនទៀតផងដែរ ដើម្បីត្រៀមប្រជែងជើងឯកក្របខណ្ឌលីគកំពូល និងពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៨។
ទន្ទឹមនឹងនេះ អ្នកចាត់ការទូទៅខាងលើបានបង្ហើបឲ្យដឹងថា មកទល់ពេលនេះក្លិបបានមើលឃើញគ្រូបង្វឹកកម្រិត Licence A ដើម្បីដឹកនាំក្រុមជំនួសលោក ហៅ សុជាតិ (Licence B) សម្រាប់ពានរង្វាន់ AFC Cup 2018 ហើយ។ ជាមួយគ្នានេះក្លិបបឹងកេតក៏បានរកឃើញទីលានសម្រាប់ធ្វើជាម្ចាស់ផ្ទះនាការប្រកួតរដូវកាលថ្មីរបស់ខ្លួនផងដែរ។ តែទាំងឈ្មោះគ្រូបង្វឹក និងទីលានថ្មីលោក មករា មិនបានបញ្ជាក់ឈ្មោះនោះឡើយ ដោយទុកប្រកាសក្នុងសន្នីសីទសារព័ត៌មាននាពេលខាងមុខ។
គួរបញ្ជាក់ថា ពានរង្វាន់ AFC Cup 2018 តម្រូវឲ្យគ្រូបង្វឹកក្រុមនីមួយៗទាល់តែមានសមត្ថភាពកម្រិត Licence A ទើបអនុញ្ញាតឲ្យដឹកនាំក្រុមចូលរួម។ ក្រុមបឹងកេតស្ថិតនៅពូល F ជាមួយក្រុម Home United របស់សិង្ហបុរី, Shan United មីយ៉ាន់ម៉ា និងក្រុមរបសហ្វីលីពីន Ceres Negros៕
Tag:
បាល់ទាត់
បឹងកេត
រស់ សំអឿន
បែ មករា
© រក្សាសិទ្ធិដោយ thmeythmey.com