កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Leicester ថា Mahrez អាចមានតម្លៃខ្លួនលើសពី ១៣០លានដុល្លារ រូបភាព ពីទីភ្នាក់ងារសារព័ត៌មាន AFP
× អ្នកចាត់ការទូទៅ Leicester City លោក Claude Puel ថា Riyad Mahrez អាចមានតម្លៃខ្លួនលើសពី១០០លានផោន (១៣៨លានដុល្លារ) ប្រសិនបើរូបគេចាកចេញនៅចុងបញ្ចប់រដូវកាលនេះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
«វាគឺជាការរំពឹងទុកហើយយើងមិនអាចឆ្លើយតបទៅនឹងការរំពឹងទុកនេះជាមួយនឹងព័ត៌មានទាំងអស់នោះទេ។ ប្រហែលជានៅចុងបញ្ចប់រដូវកាលនេះ Mahrez នឹងមានតម្លៃខ្លួនច្រើនជាង ១០០លានផោន»។ លោក Puel លើកឡើងដូច្នេះក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទ ទី១៥ ខែមករា។
អ្នកចាត់ការសញ្ជាតិបារាំង វ័យ៥៦ឆ្នាំ ដែលទើបចូលដឹកនាំក្រុមរហស្សនាមកញ្ជ្រោងកាលពីខែតុលាកន្លងទៅបានបន្ថែមថា ដំណឹងចង់ចាកចេញរបស់ម្ចាស់ពានរង្វាន់កីឡាករល្អនៅអង់គ្លេសប្រចាំឆ្នាំ២០១៦ គឺគ្រាន់ជាពាក្យចចាមអារ៉ាមប៉ុណ្ណោះទេ ពេលនេះរូបគេកំពុងរីករាយជាមួយ Leicester និងមិត្តរួមក្រុម តែបើមានក្រុមដ៏ទៃចង់បាន Mahrez មែនគឺតម្លៃមិនក្រោម ១៣០លានដុល្លារឡើយ។
ខ្សែបម្រើក្រុមជម្រើសជាតិអាល់ហ្សេរី វ័យ ២៦ឆ្នាំរូបនេះ ធ្លាប់ស្នើរចាកចេញពីកីឡដ្ឋាន King Power ម្តងដែរ ក្រោយក្លិបម្ចាស់ជើងឯក Premier League រដូវកាល ២០១៥-២០១៦ បដិសេធសំណើរចង់បានរបស់ AS Roma នៅមុនបើករដូវកាលថ្មីនេះដល់ទៅ៣ដងរួចមក។
Mahrez បានផ្លាស់ពីក្រុម Le Havre (ក្លិបក្នុងលីកទី២បារាំងបច្ចុប្បន្ន) មកចូលរួមជាមួយក្លិបដែលមានម្ចាស់ជាអ្នកជំនួញថៃក្នុងតម្លៃត្រឹម ៤០ម៉ឺនផោន ប្រហែល ៥៥ម៉ឺនដុល្លារប៉ុណ្ណោះកាលពីឆ្នាំ២០១៤៕
Tag:
បាល់ទាត់
Leicester City
Claude Puel
Riyad Mahrez
© រក្សាសិទ្ធិដោយ thmeythmey.com