អន្តរជាតិ
សេ​អ៊ូ​ល​អនុញ្ញាត​ឲ្យ​ប្រជាជន​ប្រើ​មធ្យោបាយដឹកជញ្ជូន​សាធារណៈ​មិន​គិតថ្លៃ បន្ថយ​ការបំពុល​ខ្យល់​
16, Jan 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាជ្ញាធរ​ក្រុង​សេ​អ៊ូ​ល​បានសម្រេច​អនុញ្ញាត​ឲ្យ​ប្រជាជន​ខ្លួន​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​មិន​គិតថ្លៃ ដើម្បី​ដោះស្រាយ​បញ្ហា​បំពុលបរិយាកាស​ដែល​កំពុង​គំរាមកំហែង​សុខភាព​ប្រជាពលរដ្ឋ​។ ក្រៅពី​ផ្តល់​ការធ្វើដំណើរ​មិន​គិតថ្លៃ អាជ្ញាធរ​ក៏​បិទ​កន្លែង​ចត​ឡាន​ច្រើន​កន្លែង និង​បញ្ឈប់​ការសាងសង់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដូចគ្នា​។​



​ការបំពុល​ខ្យល់​កាន់តែ​ធ្ងន់ធ្ងរ​នៅក្នុង​រដ្ឋធានី​សេ​អ៊ូ​ល រហូតដល់​កម្រិត​មួយ​ប្រកាសអាសន្ន​ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​។ បើតាម​អាជ្ញាធរ​តំបន់​កម្រិត​ល្អងធូលី​មាន​រហូតដល់ ៥០ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​ខ្យល់ ដែល​វា​ស្ថិតក្នុង​កម្រិត​មួយ​គ្រោះថ្នាក់​ផង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Korea Times ដើម្បី​ដោះស្រាយ​បញ្ហា​បំពុល​ខ្យល់​ធ្ងន់ធ្ងរ​នេះ​អាជ្ញាធរ​ក្រុង​សេ​អ៊ូ​ល​បានសម្រេច​ដាក់ចេញ​វិធានការ​សំខាន់ៗ​មួយចំនួន​ក្នុងនោះ​មានការ​អនុ​ញ្ញ​ត​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ដោយ​ឥតគិតថ្លៃ​ផង​។​

​ក្រុង​សេ​អ៊ូ​ល​ចាប់ផ្តើម​អនុវត្ត​វិធានការ​របស់ខ្លួន​ចាប់ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ដោយ​ប្រជាពលរដ្ឋ​ក្រុង​សេ​អ៊ូ​លអាច​ជិះ​រថយន្ត ឬ​រថភ្លើង​បាន​ដោយ​ឥតគិតថ្លៃ​នៅ​ម៉ោង​ធ្វើដំណើរ​ចេញ​ឬ​ទៅ​ធ្វើការ​។ វិធានការ​នេះ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែច្រើន​នាំគ្នា​ងាក​មកប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​វិញ​។

​ក្រៅពី​ជំរុញ​ឲ្យ​ប្រជាជន​ធ្វើដំណើរ​តាម​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ អាជ្ញាធរ​ក្រុង​សេ​អ៊ូ​ល​ក៏បាន​សម្រេច​ដាក់​កម្រិត​ឲ្យ​មន្ត្រី​ខ្លួន​បន្ថយ​ការប្រើប្រាស់​រថយន្ត​ផ្ទាល់ខ្លួន និង បិទ​កន្លែង​ចត​ឡាន​ប្រហែល ៣៦០ កន្លែង រួមទាំង​បន្ថយ​គម្រោង​សាងសង់​នានា​របស់​រដ្ឋ​ផងដែរ​។​

​តាមពិតទៅ វិធានការ​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំមុន ក្រោយ​ពេលដែល​កម្រិត​ធូលី​ក្នុង​ខ្យល់​កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន និង​ខ្ពស់​ជា​បណ្តា​ទីក្រុង​ផ្សេងទៀត​ដូចជា​ញូ​វ​ដេលី របស់​ឥណ្ឌា​ទៅទៀត​។ អ្នកជំនាញ​បាន​ផ្តល់យោបល់​ថា កម្រិត​បំពុល​ខ្យល់​កើនឡើង​ខ្លាំង​ដោយសារតែ​ការប្រើប្រាស់​ប្រេងឥន្ធនៈ និង​ការបន្ត​ឧស្សាហកម្ម​ធ្យូងថ្ម​ផងដែរ​។​

​គេ​រំពឹងថា វិធានការ​តឹងរ៉ឹង​នេះ​នឹង​បន្ត​អនុវត្ត​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​ដើម្បី​ធានាថា បរិយាកាស​នឹង​ត្រឡប់​មករក​ស្ថានភាព​ល្អប្រសើរ​វិញ ហើយ​គេ​មិន​រំពឹងថា វិធានការ​នេះ​នឹង​បង្ក​ផលប៉ះពាល់​ដល់​ដំណើរ​ការងារ​ក្រុមហ៊ុន​ឯកជន​ឡើយ​៕


Tag:
 សេ​អ៊ូ​ល​
 ​ បំពុល​ខ្យល់​
© រក្សាសិទ្ធិដោយ thmeythmey.com