អន្តរជាតិ
ដើម្បី​កុំ​ឲ្យ​អង្ករ​ឡើងថ្លៃ ឥណ្ឌូណេស៊ី សម្រេច​នាំចូល​អង្ករ​ពី​ថៃ និង​វៀតណាម ៥០​ម៉ឺន​តោន
17, Jan 2018 , 8:19 am        
រូបភាព
រូបភាព៖ Jakarta Globe
រូបភាព៖ Jakarta Globe
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា នឹង​នាំចូល​អង្ករ​ច្រើន​ម៉ឺន​តោន​ពី​បណ្តា​មិត្ត​អាស៊ាន​ថៃ និង​វៀតណាម​ជាថ្មី​។ ការ​នាំចូល​អង្ករ​ក្នុង​បរិមាណ​ជាច្រើន​របស់​បងធំ​អាស៊ាន​មួយ​នេះ ដើម្បី​ទប់ស្កាត់​ការឡើង​ថ្លៃ​អង្ករ​នៅក្នុង​ស្រុក ដែល​បានអូសបន្លាយ​ជាច្រើន​ខែ​ហើយ​នោះ ។



​បើ​មិនមាន​ការប្រែប្រួល​នោះទេ នៅ​ចុងខែ​មករា​ខាងមុខនេះ អង្ករ​ប្រមាណ ៥០០,០០០ តោន ដែលជា​ផលិតផល​របស់​ថៃ និង​វៀតណាម នឹងត្រូវ​នាំចូល​ទៅក្នុង​ទីផ្សា​របស់​ឥណ្ឌូណេស៊ី​ហើយ ។ នេះ​បើ តាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី Enggartiasto Lukita ដែល​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន The Jakarta Post នាពេល​ថ្មី​នេះ ។

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការ​នាំចូល​អង្ករ ដែលមាន​កម្រិតស្តង់ដា​រ​មធ្យម​នេះ ដើម្បី​បន្ទាប​តម្លៃ​ផលិតផល​អង្ករ​នៅក្នុង​ប្រទេស ដែល​បាននិងកំពុង​តែ​ឡើងថ្លៃ​តាំងពី​ចុងឆ្នាំ​២០១៧ ដ្បិត​ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ ។

​នេះ​មិនមែនជា​លើកដំបូង​ឡើយ ដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី សម្រេច​នាំចូល​អង្ក​រប​រទេស ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​នៅក្នុង​ស្រុក​នោះ ។ នៅ​ឆ្នាំ​២០១៥​កន្លងទៅ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ក៏បាន​បញ្ជា​ទិញ​អង្ករ​ពី​មិត្ត​អាស៊ាន រួមមាន វៀតណាម និង​ថៃ ដ្បិត​បញ្ហា​កង្វះ​ការផ្គត់ផ្គង់ ក្រោយ​ឥណ្ឌូណេស៊ី បាន​ជួប​វិបត្តិ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​នោះ ។

​គួរ​ជម្រាប​ផងដែរ​ថា ដោយសារតែ​បញ្ហា​នៃ​ការកើនឡើង​តម្លៃ​របស់​អង្ករ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានកំណត់​ថ្លៃ​អតិបរមា​របស់​អង្ករ​តាម​តំបន់​មួយចំនួន ក្នុងតម្លៃ​ប្រមាណ ០.៧០ ដុល្លារ​អាមេរិក​ក្នុង​បរិមាណ​អង្ករ ១ គីឡូក្រាម ៕


Tag:
 ឥណ្ឌូណេស៊ី​
  ថៃ​
  វៀតណាម​
  អាស៊ាន​
  អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com