ជាតិ
អង្គការ​ជំនាញ វាយតម្លៃថា ប្រសិទ្ធភាព​ការងារ​របស់​សភា​ក្នុង​ឆ្នាំ​២0១៧ ថយចុះ​ខ្លាំង​
16, Jan 2018 , 10:59 pm        
រូបភាព
 រូបសំណាកព្រះបាទជយវរ្ម័នទី៧ ក្នុងរដ្ឋសភា
រូបសំណាកព្រះបាទជយវរ្ម័នទី៧ ក្នុងរដ្ឋសភា
​ភ្នំពេញ​៖ អង្គការ​មួយ ដែលមាន​ជំនាញ​ខាង​ការបោះឆ្នោត បាន​វាយតម្លៃ​ជារួម​ថា ក្នុង​ឆ្នាំ​២0១៧ ការងារ​របស់​រដ្ឋសភា មាន​ប្រសិទ្ធភាព​តិចជាង​ឆ្នាំ​២0១៦​។ ប៉ុន្តែ តំណាងរាស្ត្រ​មានមុខមាត់​ម្នាក់ មកពី​គណបក្សកាន់អំណាច ឆ្លើយតប​ថា ការវាយតម្លៃ​នេះ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះទេ​។



«​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋសភា ក្នុង​ឆ្នាំ​២0១៧ បាន​ធ្លាក់ចុះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២0១៦»​។ នេះ​គឺជា​ឃ្លា​ទីមួយ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី «​ការសង្កេត​រដ្ឋសភា និង​តំណាងរាស្ត្រ ឆ្នាំ​ទី​៤ នៃ​នីតិកាល​ទី​៥» ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុម​ហ្វ្រេ​ល (Comfrel)​។​

​ខុម​ហ្វ្រេ​ល  បាន​លើកយក​ព្រឹត្តិការណ៍​ជាច្រើន ក្នុង​ឆ្នាំ​២0១៧ ដែល​ពាក់ព័ន្ធ​នឹងស្ថាប័ន​រដ្ឋសភា មក​បរិយាយ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ហើយក៏​វាយតម្លៃ​ជារួម​លើ​កិច្ចការ​របស់​តំណាងរាស្ត្រ​និង​រដ្ឋសភា​។ បើតាម​ការវាយតម្លៃរ​បស់​អង្គ​ការជំនាញ​ខាង​ការបោះឆ្នោត​មួយ​នេះ ក្នុង​ឆ្នាំ​២0១៧ ភាគច្រើន​នៃ​កិច្ចការ​ក្នុង​រដ្ឋសភា គឺជា​ចំណុច​អវិជ្ជមាន​។

​ខុម​ហ្រេ្វ​ល យល់ថា បញ្ហា​ធ្ងន់ធ្ងរ​បំផុត គឺ​តំណាងរាស្ត្រ​គណបក្សកាន់អំណាច បាន​កែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​កុំ​ឲ្យ​បុគ្គល​ណា​ម្នាក់  ដែលមាន​ឈ្មោះ​ជា​អ្នកទោស ធ្វើជា​សមាជិក ឬ​ធ្វើជា​ប្រធាន​គណបក្ស រួមទាំង​ផ្តល់​សិទ្ធិ​ឲ្យ​តុលាការ​កំពូល អាចរំលាយ​គណបក្ស​ណាមួយ​បាន ហើយ​ជា​លទ្ធផល គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​នូវ​ការរំលាយចោល​។ លើសពីនេះ ការដែល​រដ្ឋសភា កែប្រែ​ច្បាប់បោះឆ្នោត​ទាំង​បួន ដែលមាន​ខ្លឹមសារ​ជារួម​ថា «​រាល់​អាសនៈ​នៃ​គណបក្ស​ដែល​ត្រូវបាន​រំលាយចោល ត្រូវ​យកទៅ​ចែក​ឲ្យ​គណបក្ស​ដទៃ​» ក៏ត្រូវ​បាន​ខុម​ហ្វ្រេ​ល ចាត់ទុកថា មាន​ផលប៉ះពាល់ និង​ភាពអយុត្តិធម៌ ចំពោះ​សំឡេង​ម្ចាស់ឆ្នោត​។​

​ការ​រឹតត្បិត​សកម្មភាព​ការងារ​របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង និង​ការបើកផ្លូវ​ឲ្យ​សមត្ថកិច្ច ចាប់​លោក កឹម សុខា ប្រធាន​គណបក្សប្រឆាំង ដាក់ពន្ធនាគារ ក៏ត្រូវ​បាន​ខុម​ហ្វ្រេល សរសេរ​ចូលក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ដែរ​។ ចំណែកឯ សកម្មភាព​របស់​គណៈ​កម្ម​ការជំនាញ​របស់​រដ្ឋសភា និង​ការឡើង​បញ្ចេញមតិ​របស់​តំណាងរាស្ត្រ​ក្នុង​អង្គប្រជុំ​នៃ​រដ្ឋសភា រួមទាំង​ការចុះទៅ​មូលដ្ឋាន ក៏បាន​ធ្លាក់ចុះ​ដូចគ្នា​។ 

​ការវាយតម្លៃ​របស់​ខុម​ហ្វ្រេ​ល​ខាងលើ មិន​ទទួលបាន​ការយល់ស្រប​សូម្បី​បន្តិច ពី​លោក ឈាង វុន តំណាងរាស្ត្រ​លេចធ្លោ​មួយរូប ពី​គណបក្ស​ប្រជាជន​កម្ពុជា​។ ដោយ​យល់ថា​ខុម​ហ្វ្រេ​ល​មាន​ភាពលម្អៀង​និង​មនោសញ្ចេតនា​ទៅរក​គណបក្សប្រឆាំង លោក ឈាង វុន ក៏​ហ៊ាន​អះអាង​ភ្លាមៗ​ថា ការវាយតម្លៃ​នេះ គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះទេ​។

​តំណាងរាស្ត្រ​គណបក្សកាន់អំណាច​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​តាំងពី​រដ្ឋសភា កើតមក យើង ខិតខំ​ធ្វើការ​បម្រើ​រាស្ត្រ​ណាស់ ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​។ យើង មិនដែល​ធ្វេសប្រហែស​ទេ​។ គណបក្ស​នោះ មិន​ចូលធ្វើការ ហើយ​មក​វាយតម្លៃ​រដ្ឋ​សភា​ទាំងមូល គឺ​មិនត្រូវ​ទេ​»​។

​លោក ឈាង វុន ថ្លែង​ការពារ​ថា ចំពោះ​ការកែប្រែ​ច្បាប់ ឬ​ការបង្កើត​ច្បាប់​កន្លងមក គឺ​ដើម្បី​ឆ្លើយតប​នឹង​សភាព​ការណ៍​បច្ចុប្បន្ន ដូ​ច្នេះ​វា គ្មាន​អ្វីដែល​ខុសឆ្គង​នោះទេ​។ ម្យ៉ាងទៀត លោក បកស្រាយ​ថា ការកែ​ច្បាប់​ទាំងនោះ តែង​ឆ្លងកាត់​ការពិភាក្សាគ្នា មុននឹង​រដ្ឋសភា អនុម័ត​។ លោក បញ្ជាក់​ចុងក្រោយ​ថា ប្រទេស​កម្ពុជា ក៏​ដូច​ប្រទេស​នានា​ដែរ ដែល​តែងតែ​ធ្វើ​ច្បាប់ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។

នៅពេល​នីតិ​កាលទី​៥ នៃ​រដ្ឋសភា ជិត​ផុត​ហើយ​នោះ ស្រាប់តែ​ស្ថាប័ន​រដ្ឋសភា មាន​ការផ្លាស់ប្តូរ​ជា​គំហុក នៅ​ចុងឆ្នាំ​២0១៧ ពោលគឺ តំណាងរាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវអស់​សុពលភាព ព្រោះតែ​គណបក្ស​នេះ ត្រូវបាន​រំលាយចោល ហើយ​អាសនៈ​ទាំង​៥៥ ក៏ត្រូវ​ប្រគល់​ឲ្យ​គណបក្ស​ដទៃ​។ ចំណែកឯ អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏ត្រូវ​បាន​យកទៅ​ចែក​ឲ្យ​គណបក្ស​ផ្សេងៗ​ដែរ​។

​សហគមន៍​អន្តរជាតិ​នានា បាន​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​ព្រឹត្តិការណ៍​ទាំងនេះ​។ ប៉ុន្តែ គណបក្សកាន់អំណាច នៅតែ​បន្ត​ប្រកាស​ជំហរ​ថា អ្វីៗ​ដែល​ស្ថាប័ន​ជាតិ ដូចជា រដ្ឋសភា តុលាការ និង​រដ្ឋាភិបាល បានធ្វើ​កន្លងមក គឺ​ត្រឹមត្រូវ និង​ស្ថិតក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន ដោយ​បរទេស​មិនអាច​លូកដៃ​ចូល​បានឡើយ​៕


Tag:
 ​រដ្ឋសភា​
  ខុម​ហ្វ្រេ​ល​
  ឈាង វុន​
© រក្សាសិទ្ធិដោយ thmeythmey.com