អត្ថបទពាណិជ្ជកម្ម
ក្រុម The Brilliant របស់​កម្ពុជា​ជាប់​លេខ​៣​ជាមួយ​ប្រាក់រង្វាន់​៥០០០​ដុល្លារ ក្នុងការ​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន
17, Jan 2018 , 9:38 am        
រូបភាព
​ភ្នំពេញ​៖ ក្រុម​ជើងឯក​តំណាង​កម្ពុជា The Brilliant មកពី​សាកលវិទ្យាល័យ​កម្ពុជា បាន​នាំ​កិត្តិយស​ជូន​ជាតិ ដោយ​ទទួលបាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​៣ រួមទាំង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ៥,០០០ ដុល្លារ​អាមេរិក នៅក្នុង​ព្រឹត្តិការណ៍​ប្រឡងប្រជែង​ដ៏​លេចធ្លោ​មួយ​ថ្នាក់​តំបន់ សម្រាប់​និស្សិត​សាកលវិទ្យាល័យ គឺ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន​។ ជាមួយគ្នានេះ ក្រុម​ជើង​ថ្នាក់​ថ្នាក់​តំបន់ សម្រាប់​ឆ្នាំនេះ បាន​ទៅលើ​ក្រុម The Management មកពី​សាកលវិទ្យាល័យ Gadjah Mada University ប្រទេស​ឥណ្ឌូនេស៊ី ដែល​ទទួលបាន​ប្រាក់រង្វាន់ ១២,០០០​ដុល្លារ​អាមេរិក និង​ដំណើរ​ទស្សនកិច្ច​សិក្សា ទៅកាន់​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​តូ​ក្យូ ប្រទេស​ជប៉ុន​ទៀតផង​។​

​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ដែល​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ មាន​ក្រុម​ជើងឯក​ថ្នាក់ជាតិ មកពី ៦​ប្រទេស ក្នុង​តំបន់​អាស៊ាន រួមមាន​ប្រទេស​កម្ពុជា ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូនេស៊ី ថៃ និង​ប្រ៊ុយណេ សម្រាប់​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​។ ក្នុងនោះ ក្រុម Team Litquidity Capital មកពី​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី ទទួលបាន​ចំណាត់​លេខ​២ ជាមួយនឹង​ប្រាក់រង្វាន់ ៨,០០០​ដុល្លារ​អាមេរិក​។ ហើយ​ក្រុម TA មកពី​សាកលវិទ្យាល័យ​គ្រប់គ្រង និង​វិទ្យាសាស្ត្រ ប្រទេស​ម៉ាឡេស៊ី ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ជាមួយនឹង​ប្រាក់រង្វាន់ ២,៥០០​ដុល្លារ​អាមេរិក ខណៈដែល​ក្រុម Ray Kim មកពី​សាកលវិទ្យាល័យ​ឈៀង​ម៉ៃ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៥  ជាមួយនឹង​ប្រាក់រង្វាន់ ១,៥០០​ដុល្លារ​អាមេរិក ហើយ​ក្រុម HIO មកពី Politeknik ប្រទេស​ប្រ៊ុយណេ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៦ ជាមួយនឹង​ប្រាក់រង្វាន់ ៨០០​ដុល្លារ​អាមេរិក​។​



​លោកស្រី អ៊ុំ ចិន្តា​ភក្តី អគ្គនាយិកា​ធនធាន​ក្រុមហ៊ុន របស់​ធនាគារ CIMB បាន​ឲ្យ​ដឹងថា​៖ «​ស្របតាម​ចក្ខុវិស័យ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែលជា​ធនាគារ​សកល​ឈានមុខ​គេ​មួយ ក្នុង​តំបន់​អាស៊ាន ក្នុងការ​លើកកម្ពស់​ភា​ព​រីកចម្រើន​ក្នុង​តំបន់ នៃ​ការអភិវឌ្ឍន៍​សមត្ថភាព​យុវជន យើង​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​នាំយក និង​រៀបចំ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ថ្នាក់​តំបន់​នេះ មកកាន់​និស្សិត​ខ្មែរ​យើង ដើម្បី​លើកតម្កើង​ជំនាញ និង​ចំណេះដឹង​វិនិយោគ ក៏ដូចជា​ការទទួលស្គាល់​សក្តានុពល របស់​និស្សិត​ក្នុងស្រុក ទៅកាន់​ថ្នាក់​តំបន់ និង​លើ​ឆាក​អន្តរជាតិ​។ ហើយ​យើង​ពិត​ជាមាន​មោទនភាព​ចំពោះ​ក្រុម​ជើងឯក​ថ្នាក់ជាតិ​របស់​យើង ដែល​តែងតែ​ត្រឡប់មកវិញ ជាមួយនឹង​ជ័យលាភី​គាប់ប្រសើរ ដល់​សង្គមជាតិ​វិញ នា​ឆ្នាំកន្លងមក​។ ជាក់ស្តែង​ឆ្នាំនេះ ក្រុម​ជើងឯក​ថ្នាក់ជាតិ The Brilliant ទទួលបាន​ចំណាត់​លេខ ៣ ជាមួយនឹង​ប្រាក់រង្វាន់ ៥,០០០ ដុល្លារ​អាមេរិក​»​។​

​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ​។ ហើយ​ក្នុង​ឆ្នាំ​ទី​៨​នេះ កម្មវិធី​ប្រឡងប្រជែង​នេះ​មានការ​ចូលរួម​ពី​ប្រទេស​ប្រ៊ុយណេ ជា​លើកដំបូង និង​បានដាក់​បញ្ចូល​មុខងារ​ពិសេស គឺ​កម្មវិធី​ជួញដូរ​ភាគហ៊ុន តាម Mobile App និង​កម្មវិធី​វិភាគ​ទស្ស​ទាយ​ទិន្នន័យ​ទៀតផង​។ ជា​លទ្ធផល មាន​ក្រុម​ចូលរួម​ប្រឡងប្រជែង​សរុប រហូតដល់ ៣,៧២៧​ក្រុម មកពី ២០០​សាកលវិទ្យាល័យ នៃ​ប្រទេស​ទាំង​៦ ក្នុង​តំបន់​អាស៊ាន ដែល​កើនឡើង​ប្រមាណ ៧% លើសពី​ឆ្នាំមុន​។ សម្រាប់​ប្រទេស​កម្ពុជា យើង​បាន​ចូលរួម​ប្រកួតប្រជែង ក្នុង​រយៈពេល​៤​ឆ្នាំ​ចុងក្រោយ​ផងដែរ​។ គួរ​ឲ្យ​កត់សម្គាល់ ក្រុម​ជើងឯក​ថ្នាក់ជាតិ​តំណាង​កម្ពុជា ដណ្តើមបាន​ជ័យលាភី​ជើងឯក​រង​២​ឆ្នាំ​ដំបូង​ជាប់​គ្នា ចំណាត់ថ្នាក់​លេខ​៤​ម្តង និង​ចំណាត់ថ្នាក់​លេខ​៣ ក្នុងឆ្នាំនេះ​ផងដែរ​។​

​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅនេះ កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន បានប្រកាស​ក្រុម​ជើងឯក​ថ្នាក់ជាតិ នៅតាម​ប្រទេស​ទាំង​៦ ដែល​បាន​ចូលរួម​ប្រឡង​ជែង​។ ក្រុម​កំពូល​នេះ ត្រូវបាន​ជ្រើសរើស ក្រោយពី​ប្រកួតប្រជែង​គ្នា អស់​រយៈពេល ៣​សប្តាហ៍ នៅតាម​ប្រទេស​នីមួយៗ ដោយ​ផ្អែកលើ​ផលចំណេញ​ជា​ភាគរយ​ខ្ពស់បំផុត​។ ហើយ​ក្រុម​កំពូល​៣​នេះ ត្រូវដាក់​បង្ហាញ​គម្រោង​យុទ្ធសាស្ត្រ​របស់ខ្លួន ហើយ​ក្រុម​ដែលមាន​យុទ្ធសាស្ត្រ​ល្អ​បំផុត គឺ​ត្រូវបាន​ជ្រើសរើស​ជា ក្រុម​ជើងឯក​ថ្នាក់ជាតិ​។ យុទ្ធសាស្ត្រ​វិនិច្ឆ័យ​នេះ ផ្តោត​សំខាន់​លើ​ការចាប់យក​ភាគហ៊ុន សម្រាប់​ការ​ចំណេញ​រយៈពេល​វែង ព្រមទាំង​មូលធន​ធៀប​នឹង​ផលចំណេញ​រយៈពេល​ខ្លី​។​

​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ក្រុម​ជើងឯក​ថ្នាក់ជាតិ នៃ​ប្រទេស​ទាំង​៦ នឹងត្រូវ​ធ្វើ​បទ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ជួញដូរ​របស់ខ្លួន ដែល​បាន​យកមកប្រើ​ប្រាស់ នៅក្នុង​ការប្រកួតប្រជែង ទៅដល់​ចៅក្រម​វិនិច្ឆ័យ រួមមាន​សមាសភាព​ម​ក​ពី​គណៈ​គ្រប់គ្រង​របស់ CIMB នៃ​ប្រទេស​ម៉ាឡេស៊ី សិង្ហ​បុរី ថៃ និង​ឥណ្ឌូនេស៊ី ព្រមទាំង​ច្រៅ​ក្រម​កិត្តិយស ពី​ផ្សារភាគហ៊ុន​ឥណ្ឌូនេស៊ី​ផងដែរ​។ ក្រុម​ប្រកួត​ត្រូវបាន​វាយតម្លៃ ដោយ​ផ្អែកលើ​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​ខ្លី និង​វែង ការចាប់យក​ភាគហ៊ុន និង​សមត្ថភាព​សម្រេចចិត្ត​វិនិយោគ ក៏ដូចជា​ជំនាញ ក្នុងការ​ប្រើប្រាស់​កម្មវិធី​វិភាគ​ទស្ស​ទាយ​ទិន្នន័យ​ផងដែរ​។​

​ដៃគូ​សហការ​នៃ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន រួមមាន​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ក្រសួង​អប់រំ​ឧ​ត្ត​ម​សិក្សា​នៃ​ប្រទេស​ម៉ាឡេស៊ី ក្រុមហ៊ុន​ទូរគមនាគមន៍ Progresif Cellular ព្រមទាំង​ផ្សារភាគហ៊ុន​ប៊ូរ​សា​ម៉ាឡេស៊ី (Bursa Malaysia) ផ្សារភាគហ៊ុន​ឥណ្ឌូណេស៊ី (IDX) ផ្សារភាគហ៊ុន​សិង្ហ​បុរី (SGX) ផ្សារភាគហ៊ុន​ថៃ (SET) ផ្សារភាគហ៊ុន​កម្ពុជា (CSX) និង​ផ្សារភាគហ៊ុន​ហុងកុង (HKEx)​។​

​សម្រាប់​ព័ត៌មាន​លម្អិត អំពី​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន សូម​ចូលទៅ​កាន់​គេហទំព័រ https://stockchallenge.itradecimb.com/

​អំពី​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី​
​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី ជា​ផ្នែក​មួយ​នៃ​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ នៅ​ថ្ងៃទី​១៩ ខែវិច្ឆិការ ឆ្នាំ​២០១០ ដោយបាន​បើក​សាខាពាណិជ្ជ​ទី​១ នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន ធនាគារ​មាន​សាខា​ចំនួន ១១​កន្លែង នៅក្នុង​ខេត្ត​រាជធានី​សំខាន់ៗ​ទាំង​៥ រួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម និង​ខេត្តបាត់ដំបង​។ ជាមួយនឹង​អតិថិជន​ទាំង​បុគ្គល​សរុប​ប្រមាណ ២៣,០០០​នាក់ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី មាន​ផ្តល់ជូន​សេវាកម្ម និង​ផលិតផល​ធនាគារ​ដ៏​ទូលំទូលាយ រួមមាន​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល សេវាកម្ម​ហិរញ្ញ​ពាណិជ្ជកម្ម ព្រមទាំង​សេវាកម្ម​ហិរញ្ញវត្ថុ​សាជីវកម្ម និង​សេវា​ប្រតិបត្តិការ​ផងដែរ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​ទី​ពីរ​របស់​ប្រទេស​ម៉ាឡេស៊ី និង​ជា​ធនាគារ​សាកល​នាំមុខគេ​មួយ​ក្នុង​តំបន់​អាស៊ាន​។ ធនាគារ​នេះ​មាន​ផ្តល់ជូន​សេវាកម្ម​ធនាគារពាណិជ្ជ ធនាគារ​វិនិយោគ ធនាគារ​ឥស្លាម ក៏ដូចជា​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និង​ធានារ៉ាប់រង​។ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ក្រុង​គូ​ឡា​ឡាំ​ពួ បច្ចុប្បន្ននេះ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​វត្ត​មាននៅ​ប្រទេស​ចំនួន ៩ ក្នុងចំណោម​ប្រទេស​ទាំង​១០ ក្នុង​តំបន់​អាស៊ាន (​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា និង​ឡាវ​)​។ ក្រៅពី​តំបន់​អាស៊ាន ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏មាន​វត្ត​មាននៅ​ប្រទេស​ចិន ហុងកុង ឥណ្ឌា ស្រីលង្កា តៃវ៉ាន់ កូរ៉េ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​។​
 
​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បណ្តាញ​សាខា​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន ជាមួយ​សាខា​ជាង ៩០០ កន្លែង គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​។ ធនាគារ​វិនិយោគ​រប​ស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ក៏​ស្ថិត​ក្នុងចំណោម​ធនាគារ​វិនិយោគ​ធំជាងគេ​បំផុត​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ផ្តល់​ការវិភាគ​ទៅលើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុន​ជាង ១.០០០ ក្រុមហ៊ុន នៅក្នុង​តំបន់ ។

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដំណើរការ​អាជីវកម្ម​តាមរយៈ​អង្គភាព​ចំបង​បី គឺ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Bank) ធនាគារ​វិនិយោគ ស៊ី​អាយ​អិ​ម​ប៊ី (CIMB Investment Bank) និង ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ឥស្លាម (CIMB Islamic)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​ភាគហ៊ុន ៩២,៥% នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី នៀ​ហ្គា (Bank CIMB Niaga) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង ៩៣,៧% នៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ថៃ (CIMB Thai) នៅក្នុង​ប្រទេស​ថៃ​។​

​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ត្រូវបាន​ចុះបញ្ជី​ភាគហ៊ុន​នៅលើ​ទីផ្សារ​មូល​ប​ត្រ ប៊ូរ​សា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ហូល​ឌី​ង ប៊ឺ​ហាដ (CIMB Group Holding Berhad)​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​មូលធន​ទីផ្សារ នៅលើ​ទីផ្សារ​មូល​ប​ត្រ ប្រហែលជា ៣៨,១ ពាន់​លាន រីង​ហ្គី​ត​ម៉ាឡេស៊ី គិត​ត្រឹម​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៧​។ ស៊ី​អាយ​អិ​ម​ប៊ី គ្រុប មាន​បុគ្គលិក​សរុប​ជាង ៣៩.០០០​នាក់ នៅក្នុង​ប្រទេស​ចំនួន ១៥​។​

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com