ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បន្លែសម្បូរសារធាតុ Nitrate ល្អចំពោះសុខភាពបេះដូង
× យោងទោតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា បន្លែពណ៌បៃតងមានសារធាតុគីមី Nitrate អាចពង្រឹងដល់សុខភាពបេះដូងមនុស្សយើងបាន។ ក្នុងការសិក្សាថ្មីមួយ អ្នកស្រាវជ្រាវបានពិនិត្យទៅលើឥទ្ធិពលនៃរបបអាហារសម្បូរសារធាតុ Nitrate ចំពោះសត្វកណ្តុរ។
Nitrate គឺជាសារធាតុគីមីមួយប្រភេទដែលអាចមានប្រតិកម្មទៅនឹងសារធាតុខុសៗគ្នាមួយចំនួនតាមរបៀបជាច្រើនរបស់វា។ ឧទាហរណ៍ វាអាចប្រើជារបស់បង្កកំណើត ឬធាតុផ្សំសកម្មក្នុងគ្រាប់បែក។ សារធាតុ Nitrate ខ្លះ ត្រូវបានគេប្រើជាថ្នាំសម្រាប់ព្យាបាលជំងឺបេះដូង ព្រោះវាជួយធ្វើឲ្យសរសៃឈាមរីកធំ។
ការសិក្សានេះបានរកឃើញថា កណ្តុរដែលចាក់បញ្ចូលសារធាតុ Nitrate នេះមានការថយចុះចំនួនកោសិកាគ្រាប់ឈាមក្រហម ជាងកណ្តុរដែលមិនបានចាក់។ រឿងនេះមានជាប់ទាក់ទងនឹងការថយចុះរបស់អ័រម៉ូន Erythropoietin (EPO) ដែលមានតួនាទីក្នុងការសម្របសម្រួលកោសិកាគ្រាប់ឈាមក្រហម។
ការដែលមានចំនួនកោសិកាគ្រាប់ឈាមក្រហមច្រើនពេក ពេលខ្លះអាចធ្វើឲ្យមានជាកំណកឈាមបាន។ កំណកឈាមពេលខ្លះអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងររហូតដល់កើតជាជំងឺដាច់សរសៃឈាមខួរក្បាលផង។ ការសិក្សានេះបានរកឃើញថា ការដែលបង្កើនចំនួនសារធាតុ Nitrate ក្នុងរបបអាហារ នឹងបញ្ឈប់ការថយចុះចំនួនអុកស៊ីសែន ដើម្បីកុំឲ្យមានការផលិតអ័រម៉ូន EPO ច្រើនពេក។ ការដែលបង្កើនចំនួន Nitrate នឹងជួយបន្ថយភាពខាប់របស់ឈាម ប៉ុន្តែមិនប៉ះពាល់ដល់ការផ្គត់ផ្គង់អុកស៊ីសែនឡើយ។
ខណៈពេលដែលការសិក្សានេះមានការចូលរួមតែលើកណ្តុរ ហើយក៏មិនមានការពិសោធន៍លើមនុស្ស ដូច្នេះវាតែងតែជារឿងល្អមួយក្នុងការញ៉ាំបន្លែពណ៌បៃតងឲ្យបានច្រើន ព្រោះតែវាមានជីវជាតិមួយចំនួនដែលត្រូវបានគេរកឃើញថាអាចជួយបង្ការជំងឺមហារីក និងជំងឺបេះដូងបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com