អន្តរជាតិ
លោក ឌូ​ទើ​តេ បើកផ្លូវ​ឲ្យ​ចិន​ចូល​ស្រាវជ្រាវ​នៅ​«​តំបន់​ខ្ពង់រាប​បាតសមុទ្រ​»​របស់ខ្លួន
17, Jan 2018 , 3:15 pm        
រូបភាព
រូបភាព៖ Rappler
រូបភាព៖ Rappler
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន លោក រូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ បានអនុញ្ញាត​ឲ្យ​ចិន អនុវត្ត និង​សិក្សា​ស្រាវជ្រាវ​តាមបែប​វិ​ទ្យ​សាស្ត្រ​នៅ​តំបន់​បាតសមុទ្រ​ប៉ាស៊ីហ្វិក​របស់​ហ្វីលីពីន ។ ការអនុញ្ញាត​នេះ ធ្វើឡើង ក្រោម​ក្តីបារម្ភ​មួយ ដោយ​ការស្រាវជ្រាវ​នេះ អាច​គំរាមកំហែង​ដល់​អធិបតេយ្យ​ដែនសមុទ្រ​របស់​ហ្វីលីពីន​ផងដែរ ។



​លោក Harry Roque អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន នៅ​ថ្ងៃ​១៥ មករា បាន​លើកឡើងថា លោក ឌូ​ទើ​តេ ដែលជា​ប្រមុខ​គោលនយោបាយ​បរទេស​របស់​ហ្វីលីពីន បានអនុញ្ញាត​ឲ្យ​ចិន សហការ​ជាមួយ​សកល​វិទ្យាល័យ​ហ្វីលីពីន ដើម្បី​ចុះ​ស្រាវជ្រាវ​នៅ​តំបន់​បាតសមុទ្រ Benham Rise  ដែល​ត្រូវបាន​គេ​ជឿជាក់ថា ជា​តំបន់​ដែល​សំបូរ​ទៅដោយ​ជីវៈចម្រុះ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Straits Times ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ការអនុញ្ញាត​ឲ្យ​ចិន​ចុះ​ស្រាវជ្រាវ​នេះ មិន​ត្រូវបាន​ផ្សព្វផ្សាយ​ទូលំទូលាយ​ប៉ុន្មាន​នោះទេ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​ប្រធានាធិបតី​ដដែល​នោះ ក៏បាន​បញ្ជាក់ដែរថា ប្រសិនបើ មាន​អ្នកណា​ជំទាស់​ចំពោះ​ការស្រាវជ្រាវ​រួមគ្នា អាចធ្វើ​សំណើ​ទៅកាន់​សភា និង​លើក​បញ្ហា​នៅ​ទីនោះ​ចុះ ។

​អ្នកនាំពាក្យ​សង្កត់ធ្ងន់ថា​៖ «​ប្រសិនបើ​ការសម្រេចចិត្ត​របស់លោក​ប្រធានាធិបតី មិនមែនជា​រឿង​ល្អ​នោះទេ ដូច្នេះ​គេ​គួរ​បង្កើត​ច្បាប់​ដើម្បី​ហាម​ទៅ ។ តែ​ហ្វីលីពីន ផ្តល់​ការអនុញ្ញាត​ឲ្យ​តែ​ប្រទេស​ទាំងឡាយណា ដែល​អាច​បង្ហាញ​ពី​ផលប្រយោជន៍​នៅក្នុង​ការចុះ​ស្រាវជ្រាវ Benham Rise ប៉ុណ្ណោះ​»​។​

​គួរ​ជម្រាប​ផងដែរ​ថា តំបន់​Benham Rise ដែលជា​ផ្នែក​មួយ​នៃ​ឆ្នេរ​ប៉ាស៊ីហ្វិក ទើបតែ​ត្រូវបាន​អង្គការសហប្រជាជាតិ ប្រកាសថា ជា​ផ្នែក​មួយ​នៃ​តំបន់​ខ្ពង់រាប​បាតសមុទ្រ​របស់​ហ្វីលីពីន​នៅ​ឆ្នាំ​២០១២​នោះទេ ។ តំបន់​នេះ​ក៏​ទើបតែ​ត្រូវបាន​ហ្វីលីពីន ប្តូរ​ឈ្មោះ​មក​ដាក់ ថា "Philippine Rise" នៅ​ឆ្នាំមុន​ផងដែរ ៕


Tag:
 ហ្វីលីពីន​
  ចិន​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com