អន្តរជាតិ
វៀតណាម​ចង់យក​ប្រៀប​លើ​មតិ​ប្រឆាំង​តាម​អ៊ីនធឺណិត​ដោយ​ប្រើ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​អ៊ីនធឺណិត​បរទេស​
17, Jan 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​តៃប៉ិ ៖ សេចក្តីព្រាងច្បាប់​មួយ​ដែល​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ស្នើ​ទៅ​សមាជិកសភា​នៅ​ខែម​ករានេះ គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​សេវាកម្ម​អ៊ីនធឺណិត​បរទេស​នានា​ត្រូវមាន​ការិយាល័យ​តំណាង​របស់ខ្លួន​នៅក្នុង​ប្រទេស​វៀតណាម បើសិន​ពួកគេ​មាន​អ្នកប្រើប្រាស់​ជា​ពលរដ្ឋ​វៀតណាម​យ៉ាងហោចណាស់ ១​ម៉ឺន​នាក់ ឬ​ប្រសិនបើ​ពួកគេ​ត្រូវបាន​គេ​ស្នើ​ឲ្យ​មាន​ការិយាល័យ​ក្នុងស្រុក​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ផ្លូវការ​របស់​ប្រទេស​វៀតណាម​។​



​កាសែត VnExpress International បាន​រាយការណ៍​កាលពី​ថ្ងៃទី​១១ ខែមករា​ថា​សេចក្តីព្រាងច្បាប់​នេះ ដែល​កំពុង​ត្រូវបាន​ពិនិត្យ​ដោយ​សភាតំណាងរាស្ត្រ​ជាតិ​វៀតណាម ក៏​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បរទេស​ទាំងអស់​នោះ រក្សាទុក​ក្នុង​ទឹកដី​វៀតណាម​នូវ​ទិន្នន័យ​របស់​ពលរដ្ឋ​វៀតណាម​ផងដែរ​។​

​សេចក្តីរាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​សេវាកម្ម​ទាំងអស់នោះ គួរតែ​ប្រមូល «​ទិន្នន័យ​សំខាន់ៗ ដែល​ប្រមូលបាន​ពី​សកម្មភាព​នៅក្នុង​ប្រទេស​»​។​

​អ្នកវិភាគ​និយាយថា ច្បាប់​ទៅលើ​ក្រុមហ៊ុន​អ៊ីនធឺណិត​បរទេស​ដែលជា​ទូទៅ​មិន​រង​ការដាក់កំហិត ដូចជា​ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Google ជាការ​ពង្រីក​ការ​បន្តឹង​ការត្រួតត្រា​របស់​ប្រទេស​កុ​ម្មុយ​និ​ស្ត​នេះ ទៅលើ​ការប្រឆាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បន្ទាប់ពី​សកម្មភាព​លើកដំបូង​អស់​រយៈពេល​២​ឆ្នាំនេះ​។ ទាំង​ក្រុមហ៊ុន Facebook និង Google មាន​ប្រជាប្រិយភាព​ក្នុងចំណោម​ពលរដ្ឋ​វៀតណាម​។​

​លោក Trung Nguyen ព្រឹទ្ធបុរស​មហាវិទ្យាល័យ​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Ho Chi Minh ផ្នែក​វិទ្យាសាស្ត្រ​សង្គម​និង​មនុស្សសាស្ត្រ បាន​ថ្លែងថា​៖ «​នា​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប្រទេស​វៀតណាម​បានឃើញ​ការកើនឡើង​យ៉ាងខ្លាំង​ពី​ការប្រើប្រាស់​អ៊ីនធឺណិត និង​បណ្តាញ​សង្គម ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ជីវភាព​ពលរដ្ឋ​វៀតណាម​។ ដូច្នេះ ខ្ញុំ​គិតថា រដ្ឋាភិបាល​បានដឹង​ពី​សារៈសំខាន់​នៃ​បណ្តាញ​សង្គម​»​។​

​លោក​បន្ថែមថា​៖ «​នេះ​ជា​មូល​ហេតុដែល​រដ្ឋាភិបាល​វៀតណាម​ចង់​មាន​វត្តមាន​របស់​ពួកគេ ដើម្បី​ត្រួតត្រា​បណ្តាញ​សង្គម​»​។​

​និន្នាការ​នៃ​ការ​រឹតបន្តឹង​

​អ្នកជំនាញ​ជឿជាក់ថា ការចាប់ខ្លួន​អ្នកសរសេរ​ប្លុក​ជា​បន្តបន្ទាប់​កាលពី​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៧ បានបង្ហាញ​ពី​ភាព​រសើប​របស់​រដ្ឋាភិបាល​វៀតណាម ចំពោះ​ទស្សនៈ​សាធារណជន​អំពី​អំពើពុករលួយ និង​អសមត្ថភាព​របស់​អាជ្ញា​ធរ​។​

​ទស្សនៈ​ទាំងនោះ ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាល និង​ពលរដ្ឋ បើទោះជា​កំណើនសេដ្ឋកិច្ច​ដ៏​លឿន​របស់​ប្រទេស​វៀតណាម នាំមក​ផលប្រយោជន៍​ជាច្រើន ដូចជា​ការបង្កើត​ការងារ​ក៏ដោយ​។​

​កាលពី​ខែមិថុនា ឆ្នាំ ២០១៧ ក្រសួង​សន្តិសុខ​សាធារណៈ​ដំបូង​ឡើយ បានស្នើ​ច្បាប់ នេះ​ដើម្បី​ផ្តល់​អំណាច​ដល់​ខ្លួន​ក្នុងការ​គ្រប់គ្រង​ខ្លឹមសារ​ព័ត៌មាន​ដែល​ត្រូវបាន​គេ​ហាមឃាត់ រួមទាំង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​សកម្មភាព​ប្រឆាំងនឹង​រដ្ឋាភិបាល​។​

​ម្ចាស់​ហាង​កាហ្វេ​អ៊ីនធឺណិត ត្រូវបាន​តម្រូវ​ឲ្យ​តំឡើង​កម្មវិធី​តាមដាន​សកម្មភាព​ប្រើប្រាស់​នៅលើ​ប្រព័ន្ធ​កុំព្យូទ័រ និង​តម្រូវ​ឲ្យ​អតិថិជន​បង្ហាញ​អត្តសញ្ញាណប័ណ្ណ​ដើម្បី​ឲ្យ​អ្នកស៊ើប​អង្កេត​អាច​ពិនិត្យ​បាន​។​

​ប៉ុន្តែ​ប្រទេស​វៀតណាម​ខ្វះ​ផែនការមេ​សម្រាប់​ការត្រួតត្រា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត មិន​ដូច​ប្រទេស​កុ​ម្មុយ​និ​ស្ត​ចិន​ក្បែរ​ខាង​របស់ខ្លួន​នោះទេ​។ ឧទាហរណ៍ ប្រទេស​វៀតណាម​មិនបាន​ឆែក​រក​ពាក្យ​ដែល​បង្ក​ការប្រឆាំង​តាម​គេហទំព័រ ហើយក៏​មិនបាន​បិទ​បណ្តាញ​សង្គម​បរទេស​នោះដែរ​។ ប៉ុន្តែ អាជ្ញា​ធរមាន​សិទ្ធិ​ក្នុងការ​បញ្ឈប់​ខ្លឹមសារ​ណា​ដែល​ឃោសនា​ប្រឆាំងនឹង​រដ្ឋ​។​

​ស្ថិតិ​របស់​រដ្ឋាភិបាល​បាន​បង្ហាញថា ប្រមាណ ៧០% នៃ​ពលរដ្ឋ​វៀតណាម​ចំនួន ៩២​លាន​នាក់​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ ៥៣ លាន​នាក់​ប្រើប្រាស់​បណ្តាញ​សង្គម​។ ដោយសារ​មិនមាន​បណ្តាញ​សង្គម​ក្នុងស្រុក​ដែល​ទូលំទូលាយ​នោះ ពលរដ្ឋ​ប្រើប្រាស់​បណ្តាញ​សង្គម​បរទេស​។​

​លោក Lam Nguyen ប្រធាន​គ្រប់គ្រង​ជាមួយនឹង​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IDC បាន​ថ្លែងថា អាជ្ញាធរ​ក៏​សង្ឃឹមថា ច្បាប់​នេះ ដែល​បាន​ឈានដល់​សេចក្តីព្រាង​លើក​ទី​៥ នឹង​បន្ថយ​បញ្ហា​ការផ្សាយ​ព័ត៌មាន​មិន​ពិត (fake news) បង្ក្រាប​ដល់​ការបោកប្រាស់​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​បញ្ឈប់​ការ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ (hack) ដែល​បាន​ប៉ះពាល់​គេហទំព័រ​ចំនួន ១៨.០០០ រួមទាំង​គេហទំព័រ​អាកាសចរណ៍​ជាតិ​ផងដែរ​។ លោក​បន្ថែមថា ហានិភ័យ​នៃ​បទឧក្រិដ្ឋ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គឺ​ខ្ពស់​ណាស់​នៅ​ប្រទេស​វៀតណាម​។​

​ការិយាល័យ​តំណាង​របស់​ក្រុមហ៊ុន​បរទេស​ទាំងនោះ ដែល​តម្រូវ​ដោយ​ច្បាប់​ថ្មី​នេះ នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បរទេស​ទាំងអស់​នេះ​បង់ពន្ធ និង​គោរព​ច្បាប់​ក្នុងប្រទេស ខណៈ​ឥឡូវនេះ ពួកគេ​អាច​ជៀសវាង​បាន ដោយសារ​ពួកគេ​មាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស​។​

​លោក Trung Nguyen  ថ្លែងថា ក៏ប៉ុន្តែ គោលបំណង​ដ៏​សំខាន់​របស់​ច្បាប់​ថ្មី​ដែល​មិនទាន់​សម្រេច​នេះ គឺ​មិន​ឲ្យ​មានការ​ប្រឆាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​លោក Yee Chung Seck ដែលជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​មេធាវី​បរទេស Baker & McKenzie ប្រចាំ​នៅ​ប្រទេស​វៀតណាម​បាន​និយាយថា​៖ «​ជាការ​ពិតណាស់ មាន​ខ្លឹមសារ​ខ្លះ​ធ្វើ​ឲ្យ​ពួកគេ (​រដ្ឋាភិបាល​វៀតណាម​) រសើប​។ ដូច្នេះ​សួរថា តើ​ការរសើប​នោះ បាន​ហួស​កម្រិត ហើយ​ក្លាយទៅជា​ការរំលោភបំពាន​ហើយ​ឬ​នៅ​?»

​ក្រុមហ៊ុន​បរទេស​រំពឹងថា​នឹងត្រូវ​អនុវត្តតាម​

​ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Google ត្រូវគេ​រំពឹងថា នឹង​ត្រូវគោរព​តាមច្បាប់​ថ្មី​នេះ បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​។ ក្រុមហ៊ុន​ទាំង ២ មិនបាន​ផ្តល់​អត្ថាធិប្បាយ​ចំពោះ​រឿងនេះ​ទេ ប៉ុន្តែ​ក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង​របស់​ប្រទេស​វៀតណាម បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​បានទទួល​ការសហការ​ជំហាន​ដំបូង​ពី​ក្រុមហ៊ុន​ទាំង​២​។​

​ក្រសួង​ដដែល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Google និង​ក្រុមហ៊ុន YouTube បាន​ដក «​វីដេអូ​ដែល​បង្ក​ការខូចខាត និង​មិន​ស្របច្បាប់​ជាច្រើន​» បើទោះជា​វីដេអូ​ទាំងនោះ​នៅតែមាន​នៅលើ​បណ្តាញ​សង្គម Facebook ក៏ដោយ​។ ក្រុមហ៊ុន Facebook បាន​លុបចោល​គណនី​ចំនួន ៦៧០ ក្នុងចំណោម​គណនី​ចំនួន​៥​ពាន់ ដែល​ប្រទេស​វៀតណាម​ថា ជា​គណនី​ក្លែងក្លាយ ឬ​ចែក​ចា​យ‍ «​ខ្លឹមសារ​បរិហារកេរ្តិ៍ អាសគ្រាម និង​អំពើ​ហិ​ង្ស‍ា​»​។​

​កាសែត VnExpress International បាន​រាយការណ៍​ថា ក្រុមហ៊ុន Facebook បាន​លុបចោល​គណនី​ចំនួន ១៥៩ ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល ហើយ​ក្រុមហ៊ុន Google បាន​លុបចោល​វីដេអូ​ចំនួន ៤.៥០០ «​ដែលមាន​ទិន្នន័យ​មិនល្អ​និង​បំពុល​ពី​គេហទំព័រ YouTube»​។​

​សេចក្តីថ្លែងការណ៍​បាន​ឲ្យ​ដឹងថា​៖ «​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ទៅលើ​ការព្រួយបារម្ភ​របស់​ប្រទេស​វៀតណាម​អំពី​ព័ត៌មាន ដែល​បង្ក​ឲ្យ​មានការ​ប្រឆាំងនឹង​រដ្ឋា​ភិ​បាល ការប្រឆាំង​គណបក្ស (​កុ​ម្មុយ​និ​ស្ត​វៀតណាម​) អំពើហិង្សា ឬ​បង្ខូច​របប​ដឹកនាំ ដូច្នេះហើយ​ប្រទេស​វៀតណាម អំពាវនាវ​ឲ្យ​មានការ​សហការ​ពី​ក្រុមហ៊ុន Facebook ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​»​។ សេចក្តីថ្លែងការណ៍​នេះ​មាន​ឡើង​បន្ទាប់ពី​កិច្ចប្រជុំ​មួយ​រវាង​រដ្ឋមន្ត្រី​ព័ត៌មាន​វៀតណាម និង​លោក Damien Yeo ដែលជា​ប្រធាន​កិច្ចការ​និយតកម្ម​តំបន់​របស់​ក្រុមហ៊ុន Facebook​។​

​ក្រុមហ៊ុន​អ៊ីនធឺណិត ទំនង​នឹង​អនុវត្តតាម បើសិនជា​មិន​ប៉ះពាល់​ខ្លាំង​ដល់​ពាណិជ្ជកម្ម​របស់​ពួកគេ​។​

​លោក Lam Nguyen បាន​និយាយថា​៖ «​ខ្ញុំ​គិតថា ក្នុង​កម្រិត​មួយ​ជាក់លាក់ បើសិនជា​ក្រុមហ៊ុន​បរទេស​មិន​ចំណាយ​ថវិកា​ច្រើន ឬក៏​មិនមាន​ភាពរអាក់រអួល​ដល់​ពាណិជ្ជកម្ម​របស់​ពួកគេ​នៅ​ប្រទេស​វៀតណាម​ទេនោះ ពួកគេ​នឹង​ព្យាយាម​គោរព​តាម​»​។​

​បើ​យោងតាម​គេហទំព័រ​របស់​ក្រសួង​របស់​ប្រទេស​វៀតណាម «​ប្រធាន​ផ្នែក​កិច្ចការ​ផ្លូវច្បាប់​របស់​ក្រុមហ៊ុន Facebook បាន​សន្យាថា​នឹង​សហការ​ជាមួយ​អាជ្ញាធរ [​វៀតណាម​] ដើម្បី​ទប់ទល់​នឹង​ព័ត៌មាន​មិនល្អ​ដែលមាន​ទ្រង់ទ្រាយ​សកលលោក​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com