កីឡាជាតិ
ជាតិ
ក្រោយ​ការចាកចេញ​កីឡាករ​កូរ៉េខាងជើង ទ័ព​បាន​កីឡាករ​កូរ៉េខាងត្បូង និង​ជប៉ុន ជំនួស​វិញ​
17, Jan 2018 , 4:02 pm        
រូបភាព
លោក ខូវ ឆាយ​ (ទី៣រាប់ពីស្តាំ)ថតជុំគ្នាជាកីឡាករបរទេសដែលបានចុះកិច្ចសន្យា១រដូវកាលជាមួយទ័ព
លោក ខូវ ឆាយ​ (ទី៣រាប់ពីស្តាំ)ថតជុំគ្នាជាកីឡាករបរទេសដែលបានចុះកិច្ចសន្យា១រដូវកាលជាមួយទ័ព
ដោយ:
​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ (​ទ័ព​) កាលពី​ថ្ងៃទី​១៦ ខែមករា បានបង្ហាញ​សមាសភាព​កីឡាករ​បរទេស​ទាំង​៥​រួមមាន​កូរ៉េខាងត្បូង​៣​នាក់ និង​ជប៉ុន​២​នាក់​ដែល​ត្រូវ​ជំនួស​កៅអី​កីឡាករ​កូរ៉េខាងជើង​ដែល​ផ្ទេរ​ទៅ​ក្លិប​វិសាខា​។ ជាមួយ​សមាសភាព​ថ្មី​នេះ ទ័ព​រំពឹងថា ខ្លួន​នឹង​អាច​កែប្រែ​ប្រវត្តិសាស្ត្រ​ជើងឯក​រង​ពីរ​ឆ្នាំ​ជាប់​គ្នា​សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៨​។ ការរំពឹង​បែបនេះ​ដោយសារ​កីឡាករ​បរទេស​ដែល​ទើប​ចុះកិច្ចសន្យា​សុទ្ធ​តែមាន​ទម្រង់​លេង និង​សមត្ថ​ភាពល្អ​។​



​ក្រោយ​កិច្ចសន្យា​ជាមួយ​កីឡាករ​កូរ៉េខាងជើង​ទាំង​៤​អស់​សុពលភាព ក្រុម​ទ័ព​បាន​ងាក​ទៅ​ចុះកិច្ចសន្យា​នាំចូល​កីឡាករ​កូរ៉េខាងត្បូង​និង​ជប៉ុន​ដើម្បី​ជំនួស​កៅអី​ទាំងនេះ​។ កីឡាករ​កូរ៉េខាងត្បូង​៣​រូប​រួមមាន​ខ្សែប្រយុទ្ធ Lee Junheob, ខ្សែការពារ Yoo Tae ho, ខ្សែបម្រើ Na Hyosung និង​កីឡាករ​ជប៉ុន​ពីររូប​រួមមាន​ខ្សែការពារ Yudai Ogawa និង​ខ្សែបម្រើ Daiki Matsumoto បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ក្រសួងការពារជាតិ​រយៈ​ពេល​១​ឆ្នាំ​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨​។​

​អ្នកចាត់ការ​ទូទៅ​ក្លិប​ក្រសួងការពារជាតិ​លោក ខូវ ឆាយ បាន​បញ្ជាក់ថា កីឡាករ​បរទេស​ទាំង​៥​ដែល​ទើប​ចុះកិច្ចសន្យា​នេះ​មាន​ទម្រង់​លេង​និង​សមត្ថភាព​អាច​ទទួលយកបាន ពោល​គឺមាន​បច្ចេកទេស​ល្អប្រសើរ​ជាង​កីឡាករ​កូរ៉េខាងជើង​។ «​កីឡាករ​បរទេស​ទាំង​នេះ​បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​យើង​ពេញ​មួយ​រដូវ​កាល ហើយ​សមត្ថភាព​របស់​ពួកគាត់​អាច​ទទួលយកបាន​។ ខ្ញុំ​គិតថា​ពួកគាត់​នឹង​អាចជួយ​ឲ្យ​ក្លិប​ដណ្តើមបាន​លទ្ធផល​ល្អ​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខូវ ឆាយ​។

​តាមរយៈ​កិច្ចសន្យា​ថ្មី​នេះ​អ្នកចាត់ការ​ទូទៅ​ខាងលើ​មាន​ម​ហិ​ច្ឆិ​តា​ចង់​ក្លាយជា​ម្ចាស់​ជើងឯក​រដូវ​កាល​ឆ្នាំ​២០១៨ ដើម្បី​ក្លាយជា​ក្រុម​តំណាង​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​«​យើង​បាន​ជើងឯក​រង​លី​គ​កំពូល​២​ឆ្នាំ​គឺ​លើក​ទី​១​ឆ្នាំ​២០១៦ ដោយ​ចាញ់​ក្រុម​បឹងកេត​១​ពិន្ទុ​ហើយ​ឆ្នាំ​២០១៧ យើង​បាន​ចាញ់​ក្រុម​បឹងកេត​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត អ៊ីចឹង​មហិច្ឆតា​របស់​យើង​នៅ​ឆ្នាំនេះ គឺ​យើង​ចង់បាន​តំណែង​ជើងឯក​ដើម្បី​ក្លាយជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​»​។ នេះ​ជា​មហិច្ឆតា​របស់លោក ខូវ ឆាយ ដែល​បានលើកឡើង​ក្នុង​ពិធី​បង្ហាញមុខ​កីឡាករ​បរទេស​កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៨​។​

​ក្រោយ​កិច្ចសន្យា​ជាមួយ​ក្លិប​ក្រសួងការពារជាតិ​អស់​សុពលភាព​កីឡាករ​កូរ៉េខាងជើង​ទាំង​៤​នាក់​រួម​ខ្សែប្រយុទ្ធ Cheo Myong-ho, Ri Hyok Chol, Kim Kyong-hun និង​ខ្សែការពារ Jang Song-hyok បាន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​ចំណូល​ថ្មី​ដែល​ទើប​ឡើង​ពី​ក្របខណ្ឌ​លី​គ​លំដាប់​ទី​២​វិសាខា​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៨​។ កីឡាករ​កូរ៉េខាងជើង​ទាំងនេះ​បាន​ចំណាយពេល​២​ឆ្នាំ​រួមរស់​ជាមួយ​ទ័ព និង​បានរួម​ចំណែក​ជួយ​ឲ្យ​ក្រុម​នេះ​ទទួលបាន​ជើងឯក​រង​ពីរ​រដូវ​កាល​គឺ​ឆ្នាំ​២០១៦ និង ២០១៧៕  


Tag:
 បាល់ទាត់​
  ទ័ព​
  ខូវ ឆាយ
© រក្សាសិទ្ធិដោយ thmeythmey.com