អន្តរជាតិ
ឥណ្ឌា​ចំណាយ​ជាង ៥០០ លាន​ដុល្លារ​ទិញ​កាំភ្លើង​បំពាក់​កងទ័ព​យាម​ព្រំដែន​ជម្លោះ​ជាមួយ​ចិន
17, Jan 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ឥណ្ឌា​នឹង​ចំណាយលុយ​ច្រើនជាង ៥៥០ លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​អាវុធ ១៦​ម៉ឺន​ដើម​ឲ្យ​កងទ័ព​របស់ខ្លួន​ដែល​នៅ​ការពារ​តាម​ព្រំដែន​។ ការ​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​ដើម្បី​ទិញ​សព្វាវុធ​នេះ កើតឡើង​ក្រោយ​ពេលដែល​ឥណ្ឌា​ប្រឈមមុខ​ខ្លាំង​ជាមួយ​ចិន​កន្លងមក​។​



​កាំភ្លើង​ទំនើបៗ​ជាង ១៦​ម៉ឺន​ដើម​ដែលមាន​តម្លៃ​ច្រើន​រយ​លាន​ដុល្លារ​អាមេរិក​នោះ​នឹងត្រូវ​នាំចូល​ដើម្បី​ពង្រឹងកម្លាំង​កងទ័ព​ឥណ្ឌា​ដែល​ត្រូវបំពេញ​ភារកិច្ច​ការពា​រ​ព្រំដែន​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការពារជាតិ​ឥណ្ឌា​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការសម្រេច​អនុញ្ញាត​ឲ្យ​មាន​ការទិញ​សព្វាវុធ​នេះ​ធ្វើឡើង​ក្រោយ​មានការ​អនុញ្ញាត​ជា​ផ្លូវការ​ពី​សំណាក់​ក្រុមប្រឹក្សា​លទ្ធកម្ម​ការពារជាតិ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា Nirmala Sitharaman ។

​សព្វាវុធ​ដែល​ត្រូវ​នាំចូល​នេះ​មាន​កាំភ្លើង​ស្វ័យប្រវត្តិ ៧២៤០០​ដើម និង​កាំភ្លើង​វែង​ធុន​ស្រាល ៩៣៨៩៥ ដើម​ផ្សេងទៀត​ដែលមាន​តម្លៃ​សរុប​រហូតដល់ ៥៥៣ លាន​ដុល្លារ​អាមេរិក​ឯណោះ​។​

​ក្រសួងការពារជាតិ​ឥណ្ឌា​បាន​អះអាងថា ការ​នាំចូល​សព្វាវុធ​ច្រើនសន្ធឹក​សន្ធាប់​នេះ​នឹង​រួមចំណែក​បាន​ច្រើន​ក្នុង​ការជួយ​បង្កើន និង​ពង្រឹងសមត្ថភាព​កងទ័ព​របស់ខ្លួន​ក្នុងការ​ការពារ​ព្រំដែន​ជាពិសេស​ឆ្លើយតបបាន​នឹង​ការគំរាមកំហែង​នានា​ផងដែរ​។ ថ្មីៗ​នេះ​ឥណ្ឌា​បានសម្រេច​បង្កើន​សកម្ម​ភាព​ល្បាត​នៅតាម​ព្រំដែន​ជម្លោះ​ជាមួយ​ចិន ហើយ​មហាអំណាច​នេះ​អួតថា សមត្ថភាព​ខ្លួន​ខ្លាំង​មិន​ចាញ់​ចិន​ដែរ​។​

អត្ថបទទាក់ទង


​ឥណ្ឌា​ប្រកាស​នាំចូល​សព្វាវុធ​ដើម្បី​ការពារ​បូរណភាព​ដែនដី​នេះ កើតឡើង​ត្រឹម​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​កងទ័ព​ឥណ្ឌា និង​ចិន ប្រឈមមុខ​ដាក់គ្នា​ខ្លាំង​នៅតាម​ព្រំដែន​តំបន់​ស្វយ័ត​ទី​បេ និង​ប្រទេស​ប៊ូ​តង់​នៅ​តំបន់ Doklam​។ ជម្លោះព្រំដែន​នៅ Doklam កើតឡើង​នៅ​ពាក់កណ្ដាល​ខែមិថុនា ឆ្នាំ​២០១៧ ក្រោយ​យោធា​ចិន​បញ្ជូន​គ្រឿងចក្រ​ឈូសឆាយ​នៅ​តំបន់​ខ្ពង់រាប​លើ​ភ្នំ​ហិមាល័យ ប៉ុន្តែ​ឥណ្ឌា​ដែលជា​សម្ព័ន្ធមិត្ត​ប៊ូ​តង់​បាន​ចូលទៅ​ឃាត់​រហូតដល់​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ឥណ្ឌា និង​ចិន​តែម្តង​។​
 
​តាមពិតទៅ ចាប់ពី​ពេលដែល​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ឡើងកាន់តំណែង​ឆ្នាំ ២០១៤ មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​ប្រឹងប្រែង​ពង្រឹង​ឥទ្ធិពល​យោធា​របស់ខ្លួន​ជា​លំដាប់​តាមរយៈ​ការ​នាំចូល​សព្វាវុធ​ទំនើបៗ និង​ពង្រឹង​ឧស្សាហកម្ម​យោធា​ក្នុង​ស្រុង​ផង​។​

​ក្រៅពី​ជម្លោះ​ជាមួយ​ចិន ឥណ្ឌា​ក៏​ស្ថិតក្នុង​ជម្លោះ​ដែនដី​ដ៏​រ៉ាំរ៉ៃ​នៅ​តំបន់​កា​ស្មៀ​រ​ជាមួយ​ប៉ា​គី​ស្ថាន​ដែរ​។ កងទ័ព​ប្រហែល ប្រាំ​សែន​នាក់​ត្រូវបាន​ពង្រាយ​ទៅតាម​ព្រំដែន​ជម្លោះ​ជាមួយ​ប៉ា​គី​ស្ថាន ហើយ​ឥណ្ឌា​ជានិច្ច​ជា​កាល​បាន​ចោទប្រកាន់ថា ប៉ា​គី​ស្ថាន​បញ្ជូន​ក្រុម​ភេរវជន​ចូលមកក្នុង​ព្រំដែន​ខ្លួន ហើយ​ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ក៏​កើត​ឡើយ​ជា​ញឹកញយ​ផងដែរ​។​


© រក្សាសិទ្ធិដោយ thmeythmey.com