កីឡាជាតិ
ជាតិ
សិក្ខាកាម​៣៥​រូប​បានការ​បណ្តុះបណ្តាល​បច្ចេក​ទេស​ប្រណាំង​កង់​ពី​អ្នកជំនាញ​មកពី​អូស្ត្រាលី​
18, Jan 2018 , 7:59 am        
រូបភាព
សកម្មភាពប្រណាំងកង់អន្តរជាតិអង្គរនៅខេត្តសៀមរាបកាលពីពេលកន្លងទៅ
សកម្មភាពប្រណាំងកង់អន្តរជាតិអង្គរនៅខេត្តសៀមរាបកាលពីពេលកន្លងទៅ
ដោយ:
​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កីឡា​ប្រណាំង​កង់​ដល់​គ្រូបង្វឹក​ថ្នាល និង​អត្ត​ព​លិ​ក​វ័យក្មេង​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ NOCC​។ វគ្គ​បណ្តុះបណ្តាល​ក្រោម​បទឧទ្ទេស​របស់​អ្នកជំនាញ​មកពី​អូស្ត្រាលី​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​៣៥​នាក់​។ អគ្គលេខាធិការ​សហព័ន្ធ​រំពឹង​គ្រូបង្វឹក​និង​អត្ត​ព​លិ​ក​វ័យក្មេង​ទាំងនេះ​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរឡើង​។



​គ្រូបង្វឹក​ថ្នាល​និង​អត្ត​ព​លិ​ក​វ័យក្មេង​ចំនួន​៣៥​នាក់​ទទួលបាន​ការបណ្តុះ​បណ្តាល​ផ្នែក​បច្ចេកទេស​កីឡា​ប្រណាំង​កង់​ពី​អ្នកជំនាញ​មកពី​ប្រទេស​អូស្ត្រាលី​ដែលមាន​សញ្ញាបត្រ​កម្រិត​១​ពី​សហព័ន្ធ​កីឡា​ទោចក្រយាន​អន្តរជាតិ​នៅ​ប្រទេស​ស្វី​ស​។ វគ្គ​បណ្តុះបណ្តាល​នេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។

​បើ​យោងតាម​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​លោក វង្ស ខាន់​ពៅ វគ្គ​បណ្តុះបណ្តាល​ដែលមាន​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​នេះ មាន​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​កីឡា​ប្រណាំង​កង់ របៀប​បង្វឹក វិន័យ របប​អាហារ និង Doping​។ លោក​រំពឹងថា សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​ចំណេះដឹង​ថ្មីៗ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

«​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារសំខាន់​ណាស់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្វឹក​ថ្នាល និង​កីឡាករ​វ័យក្មេង​របស់​យើង ព្រោះ​ពួកគេ​ជាស​រស​ទ្រូង​នៃ​ប្រទេសជាតិ​និង​ជា​ធនធាន​សម្រាប់​ឆ្នាំ​២០២៣​។ យើង​រៀបចំ​វគ្គ​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​គ្រូបង្វឹក​និង​អត្ត​ព​លិ​ក​វ័យក្មេង​ស្គាល់​ពី​របៀប​បង្វឹក ការហ្វឹកហាត់ វិន័យ របប​អាហារ​អនាម័យ និង​ពិធី​ការពារ​កុំ​ឲ្យ​មាន​សារធាតុ​(Doping)»​។ នេះ​ជា​បញ្ជាក់​របស់លោក វង្ស ខាន់​ពៅ ដែល​លោក​បាន​បន្ថែមថា តាមរយៈ​ការបណ្តុះបណ្តាល​នេះ​កម្ពុជា​នឹង​សម្បូរ​ធនធាន​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​វ័យក្មេង​កាន់តែច្រើន​នាពេល​អនាគត​។

​វគ្គ​បណ្តុះបណ្តាល​ស្តីពី​«​គ្រូបង្វឹក​ថ្នាល និង​អត្ត​ព​លិ​ក​វ័យក្មេង​កីឡា​ប្រណាំង​កង់​»​ទទួលបាន​ការឧបត្ថម្ភ​ទាំងស្រុង​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា​សហការ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​៕ 


Tag:
 ប្រណាំង​កង់​
  វង្ស ខាន់​ពៅ
© រក្សាសិទ្ធិដោយ thmeythmey.com