ជាតិ
មន្ត្រី​រដ្ឋាភិបាល​៖ គ្មាន​ឡើយ ការលាង​លុយកខ្វក់រ​បស់​វិនិយោគិន​ចិន​នៅ​កម្ពុជា​
17, Jan 2018 , 4:49 pm        
រូបភាព
លោក ឱម យ៉ិនទៀង (ឆ្វេង) និងលោក ផៃ ស៊ីផាន
លោក ឱម យ៉ិនទៀង (ឆ្វេង) និងលោក ផៃ ស៊ីផាន
​ភ្នំពេញ​៖ រដ្ឋាភិបាល បដិសេធថា គ្មាន​ករណី​អ្នកវិនិយោគ​ចិន ប្រើប្រាស់​លុយកខ្វក់​មក​លាង​សម្អាត​នៅ​ប្រទេស​កម្ពុជា​ឡើយ​។ ការបដិសេធ​របស់រ​ដ្ឋា​ភិ​បាល​នេះ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន The New York Times របស់​អាមេរិក បាន​ចុះផ្សាយ​អំពី​ភាពមិនប្រក្រតី​របស់​វិនិយោគិន​ចិន ដែល​នាំគ្នា​សម្រុក​មក​ដាក់ទុន​រក​ស៊ី​នៅ​កម្ពុជា ដោយ​នាំយក​លុយកខ្វក់​ពី​ប្រទេស​ចិន​។



​ក្នុង​អត្ថបទ​សេដ្ឋកិច្ច​របស់​សារព័ត៌មាន The New York Times ដែល​ចុះផ្សាយ​កាលពី​ថ្ងៃទី​៩ មករា បានលើកឡើង​ពី​ភាព​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​យ៉ាង​ឆាប់រហ័ស តាមរយៈ​ការដាក់​វិនិយោគ​ពី​សំណាក់​អ្នកជំនួញ​ជនជាតិ​ចិន​។ The New York Times បាន​បន្តថា កម្ពុជា គឺជា​ទីកន្លែង​សម្បូរ​កម្លាំង​ពលកម្ម និង​ផ្ដល់​ផលប្រយោជន៍​ល្អ​ដល់​អ្នកវិនិយោគ​ចិន​។ ប៉ុន្តែ​មាន​កត្តា​ផ្សេងទៀត ដែលជា​មូលហេតុ​ពិតប្រាកដ​នោះ គឺថា​ទីក្រុង​ភ្នំពេញ ជាទី​ផ្សារ​អចលនទ្រព្យ​សម្រាប់​អ្នកវិនិយោគ​ចិន​ផងដែរ​។​

​សារព័ត៌មាន​របស់​អា​មេ​រិ​កមួយ​នេះ បាន​ស្រង់​សម្តី លោក George McLeod អ្នកជំនាញ​ពិគ្រោះ​យោបល់​ពី​ហានិភ័យ​នយោបាយ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក យ៉ាង​ដូច្នេះ​ថា​៖«​អ្នកជំនួញ​ចិន បានដឹង​យ៉ាងច្បាស់​ថា កម្ពុជា​ជា​ប្រទេស​មាន​បញ្ហា​បំណុល​ធ្ងន់ធ្ងរ ។ អ្នកជំនួញ ដែល​មក​វិនិយោគ​ទាំងនោះ ភាគច្រើន​មាន​មូលធន​ប្រហែល​២ ទៅ​៣​លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​កំពុងដាក់ទុន​វិនិយោគ​នៅក្រៅ​ប្រទេស​ចិន ដើម្បី​គេចវេះ​ចេញ ពី​ការតាមដាន​របស់​អាជ្ញា​ធរ​ចិន​ផងដែរ​»​។​

​បន្ថែម​ពីនេះ The New York Times សរសេរ​ទៀតថា កម្ពុជា​គឺជា​ទីកន្លែង​មួយ ដែល​ប្រើប្រាស់​ទុនវិនិយោគ​ក្នុង​វិស័យសេដ្ឋកិច្ច ជាមួយនឹង​ប្រាក់​ដុល្លារ​អាមេរិក​នៅក្នុង​គណ​នី សម្រាប់​ការ​បង្វិលប្រាក់​ក្នុង​ទំហំ​យ៉ាងច្រើន លើ​វិស័យសេដ្ឋកិច្ច​នេះ ដែល​វា​អាចបង្កើត​ឱកាស​ឲ្យ​អ្នកវិនិយោគ​ចិន លាង​សម្អាត​ប្រាក់​ទៀតផង​។ លោក George McLeod បាន​និយាយប្រាប់​កាសែត The New York Times ដូច្នេះ​ថា​៖

«​ធនាគារកណ្ដាល​កម្ពុជា នៅមាន​ភាព​ធូរ​លុង​នៃ​ការគ្រប់គ្រង​ផ្ទៃក្នុង និង​គោលនយោបាយ​ជុំវិញ​ការប្រឆាំង នឹង​ការលាង​សម្អាត​លុយ (​លុយ​បានមកពី​ការរកស៊ី​ខុសច្បាប់​) និង​ការកំណត់​អត្តសញ្ញាណ​ឲ្យ​ច្បាស់ ចំពោះ​អ្នកវិនិយោគ​ទាំងនោះ ដែល​វា​កំពុងតែ​ផ្ដល់ឱកាស​ឲ្យ​អ្នកវិនិយោគ​ចិន​យ៉ាង​ធំ ក្នុងការ​បើកផ្លូវ​សម្រាប់​ដឹកជញ្ជូន​ប្រាក់​កខ្វក់ ដែល​បានមកពី​បទឧក្រិដ្ឋ និង​មន្ត្រី​រដ្ឋាភិបាល​ចិន​ដែល​ពុករលួយ​។​បើតាម​បទពិសោធន៍​របស់ខ្ញុំ ដែល​កំពុង​ស៊ើបអង្កេត​លើ​ករណីនេះ​នៅ​កម្ពុជា​នោះ ខ្ញុំ​ជឿជាក់ថា ប្រាក់​កខ្វក់​ទាំងនោះ បានមកពី​ចិន People Republic of China (P.R.C) ដែលជា​ផ្នែក​មួយ នៃ​មូលធនវិនិយោគ​ក្នុងប្រទេស​កម្ពុជា​នេះ​»​។​

​តែ​យ៉ាងណា​រដ្ឋាភិបាល​កម្ពុជា បដិសេធ​ចំពោះ​ការលើកឡើង​លោក George McLeod ដែល​ចុះផ្សាយ​ដោយ​កាសែត The New York Times នេះ​។ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​និយាយថា អ្នកវិនិយោគ​ចិន ដែល​មក​ដាក់ទុន​រក​ស៊ី​នៅ​កម្ពុជា សុទ្ធតែ​ទទួលបាន​ការគាំទ្រ និង​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​ចិន​។ ក្នុងន័យនេះ លោក ផៃ ស៊ី​ផាន បាន​ពន្យល់ថា រាល់​ថវិកា​ដែល​អ្នកជំនួញ​ចិន យកមក​វិនិយោគ​នេះ គឺមាន​ការត្រួតពិនិត្យ​ពី​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ឬ​ពី​នាយករដ្ឋមន្ត្រី​ជាដើម មុននឹង​អនុញ្ញាត​ឲ្យ​ពួកគេ​មករក​ស៊ី​នៅ​កម្ពុជា​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ បាន​បកស្រាយ​ដូច្នេះ​ថា​៖«​អ្នកវិនិយោគ​ឯកជន​ចិន និង​អ្នកវិនិយោគ​ជា​ផ្លូវការ​ជាង​៩០ យើង​ឃើញ​អ្នកវិនិយោគ​ទាំងអស់នេះ គឺ​ពួកគេ​អាច​យកលុយ​ចេញមក​ប្រើ ល្គឹកណា​រដ្ឋាភិបាល​ចិន​អនុញ្ញាត​។ នេះ​ជា​កិច្ចការ​ពិនិត្យពិច័យ ប្រយ័ត្នប្រយែង ប្រឆាំង​អំពើពុករលួយ និង​ការលាង​លុយ​របស់​ចិន​។ ដូច្នេះ លុយ​ដែល​ធ្លាក់​មក​កម្ពុជា យើង​មិនឃើញ​លុយ​ទាំងអស់នេះ ជា​លុយ​ស្មោកគ្រោក​ទេ​»​។​

​ស្ដាប់​ប្រសាសន៍​របស់ លោក ផៃ ស៊ី​ផាន​៖




​ងាក​មក​ករណី​ត្រួតពិនិត្យ​ប្រាក់​វិនិយោគ​នៅ​កម្ពុជា​វិញ លោក ផៃ ស៊ី​ផាន បាន​បន្ថែមថា ធនាគារកណ្ដាល​កម្ពុជា មានការ​គ្រប់គ្រង តាមដាន​ត្រឹមត្រូវ លើទឹក​ប្រាក់​វិនិយោគ ដែល​បង្វិល​ចូល​គណនី​របស់​ក្រុម​អ្នកជំនួញ​ចិន​ទាំងអស់ រួមទាំង​ថវិកា​វិនិយោគិន​បរទេស​ដទៃ​ទៀតផង​ដែរ​។ បើតាម លោក ផៃ ស៊ី​ផាន នៅក្នុង​ធនាគារកណ្ដាល មាន​ក្រុមការងារ FBI និង​គណៈកម្មការ​ប្រឆាំង នឹង​ការលាង​លុយកខ្វក់ ដើម្បី​ត្រួតពិនិត្យ​លើ​ប្រាក់​វិនិយោគ នៅតាម​គណនី​របស់​អ្នកជំនួញ​បរទេស​ទាំងអស់​។​

​ស្តាប់​ការលើកឡើង​របស់លោក ផៃ ស៊ី​ផាន​​៖




​ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង បាន​និយាយថា អង្គភាព​លោក បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចិន ដើម្បី​ស៊ើបអង្កេត​លើ​ករណី​លំហូរ​សាច់ប្រាក់​វិនិយោគិន​ចិន​នៅ​កម្ពុជា ដោយ​យកចិត្តទុកដាក់​បំផុត ប៉ុន្តែ​មិនទាន់​រកឃើញ       ករណី​អ្នកវិនិយោគ​ចិន លាង​ប្រាក់​កខ្វក់​ឡើយ​។ «​កន្លងមក​យើង​ក៏បាន​សហការ​យ៉ាង​ស្អិតល្មួត ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចិន ព្រោះ​ចិន​មាន​គោលការណ៍​ប្រឆាំង​ពុករលួយ​ខ្លាំងក្លា​ដែរ ហើយ​គេ​មិន​ចង់​ឲ្យ​មុខសញ្ញា​ពុករលួយ​ចិន រត់គេច​ទៅ​ប្រទេស​ណា​ដោយ​ងាយស្រួល​ទេ​។ បើ​មាន​កើតឡើង​នៅ​ប្រទេស​ណា គេ​នឹង​ស្នើ​សហការ​ចាប់បញ្ជូន​ទៅវិញ​។ ហើយ​កន្លងមក យើង​ក៏មាន​ការសហការ​ជាមួយ​ចិន ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​មួយចំនួន​ដែរ ដែល​ពាក់ព័ន្ធ​នឹង​ការលាង​លុយ​នេះ ប៉ុន្តែ​មិនទាន់មាន​ឃើញ​អ្វី​ពិត​ប្រាកដថា ជា​អំពើ​នៃ​ការលាង​លុយ​ទេ​»​។ នេះ​បើតាម​លោក ឱម យ៉ិនទៀង​។​

​សូម​ស្ដាប់​សំឡេង​៖




​កម្ពុជា​កំពុង​ស្ថិតនៅ​មាត់ច្រក​នៃ​«​បញ្ជី​ប្រផេះ​» (Grey List) របស់​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ាស៊ីហ្វិក (APG)​។ «​បញ្ជី​ប្រផេះ​» គឺជា​សញ្ញា​ហានិភ័យ​មួយ ដល់​បណ្ដា​ប្រទេស​នៅក្នុង​ពិភពលោក នៃ​សមាជិក​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច (APG) ដែល​សង្ស័យថា មាន​ករណី​ចរាចរ​លើ​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ​។ APG ទុក​រយៈពេល​១៥​ខែ (​គិតពី​ខែ​កក្ដ​ដា​១​ឆ្នាំ​២០១៧ ដល់​តុលា ឆ្នាំ​២០១៨) ដើម្បី​គេចផុត​ពី​«​បញ្ជី​ប្រផេះ​» ដែល​កុំ​ឲ្យ​បង្ក​ផលប៉ះពាល់​ដល់​អ្នកវិនិយោគ​ក្នុងប្រទេស​កម្ពុជា​។ កម្ពុជា​ត្រូវ​ផ្ដល់​របាយការណ៍​រយៈពេល​៣​ខែម្ដង ដល់​ក្រុមប្រឆាំង​ការសម្អាត​ប្រាក់​កខ្វក់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ត្រួតពិនិត្យ​នឹង​វាយតម្លៃ​។ នេះ​បើតាម​របាយការណ៍​វាយតម្លៃ (Mutual Evaluation Report-MER) ដែល​បានធ្វើ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២០ របស់​APG នៅ​ទីក្រុង​កូឡុំបូ ប្រទេស​ស្រីលង្កា​។
អត្ថបទទាក់ទង

​តែ​យ៉ាងណា​លោក ឱម យ៉ិនទៀង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មកដល់ពេលនេះ​កម្ពុជា មិនទាន់​ប្រឈមមុខ​ជាប់​ក្នុង​បញ្ជី​«​ប្រផេះ​» ឬ​ស្ថិតនៅ​មាត់ទ្វារ​«​បញ្ជី​ប្រផេះ​» នៅឡើយ​ទេ ពោលគឺ​កម្ពុជា​នៅតែ​ស្ថិតនៅក្នុង​បញ្ជី​«​ស​» ដែល​បង្ហាញថា នៅ​កម្ពុជា​គ្មាន​ករណី​លាង​សម្អាត​ប្រាក់​ឡើយ​៕

​សូម​ស្ដាប់​សំឡេង​៖





Tag:
 ឱម យ៉ិនទៀង​
  ផៃ ស៊ី​ផាន​
  សម្អាត​ប្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com