អន្តរជាតិ
ប្រមុខការទូតចិនរំឭករដ្ឋអាហ្វ្រិក «ប្រយ័ត្នខកឱកាសសហការជាមួយចិន ព្រោះចង់បានតៃវ៉ាន់»
× ប្រមុខការទូតចិនលោក វ៉ាង យី នៅថ្ងៃទី១៦ ខែមករា បានស្នើឲ្យរដ្ឋអាហ្វ្រិកទាំងអស់ចូលរួមក្នុងកិច្ចសហប្រតិបត្តិការរវាងអាហ្វ្រិក និងចិន ដែលជាមហាអំណាចមានសេដ្ឋកិច្ចជឿនលឿន។ លោក វ៉ាង យី និយាយបែបនេះ ដោយចង់សំដៅដល់ប្រទេសអាហ្វ្រិកដែលនៅមានចំណងទាក់ទងការទូតជាមួយតៃវ៉ាន់។
មហាយក្សចិនបានជះលុយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំទៅកាន់ទ្វីបអាហ្វ្រិក រាប់ទាំងការផ្ដល់ជំនួយអភិវឌ្ឍ និងការវិនិយោគក្នុងវិស័យសេដ្ឋកិច្ច។ កិច្ចសហប្រតិបត្តិការនេះធ្វើឲ្យទំនាក់ទំនងរវាងចិន និងអាហ្វ្រិកកាន់តែរឹងមាំជាលំដាប់។ រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានប្រាប់បណ្ដាប្រទេសអាហ្វ្រិកទាំងអស់ មិនត្រូវខកខានឱកាសធ្វើកិច្ចសហប្រតិបត្តិការជាមួយខ្លួនឡើយ ព្រោះចិននឹងជួយអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងនោះឲ្យរីកចម្រើន។
លោក វ៉ាង យី និយាយបែបនេះ ខណៈលោកទស្សនកិច្ចនៅរដ្ឋអាហ្វ្រិកសៅតូម៉េ និងប្រាំងស៊ីប ដែលជាប្រទេសចុងក្រោយនៃទស្សនកិច្ចមួយជុំទ្វីបអាហ្វ្រិកនៅដើមឆ្នាំ២០១៨ នេះ។ ទឹកប្រាក់សន្ធឹកសន្ធាប់របស់ចិន ក៏បានអូសទាញបណ្ដារដ្ឋអាហ្វ្រិកនានាដែលមានទំនាក់ទំនងជាមួយតៃវ៉ាន់ ឲ្យងាកមកជ្រើសរើសទីក្រុងប៉េកាំងវិញ។ សៅតូម៉េ និងប្រាំងស៊ីប ទើបភ្ជាប់ទំនាក់ទំនងជាមួយចិនក្នុងឆ្នាំ២០១៦ ក្រោយផ្ដាច់ចំណងការទូតជាមួយតៃវ៉ាន់។
ទន្ទឹមនឹងការអះអាងថា ចិនមានតែមួយ ហើយតៃវ៉ាន់ជាផ្នែកមួយរបស់ចិន មន្ត្រីការទូតចិនជាន់ខ្ពស់រូបនេះបានកោតសរសើរសៅតូម៉េ និងប្រាំងស៊ីប ដែលសម្រេចចិត្តត្រឹមត្រូវ។ ចាប់តាំងពីបោះបង់តៃវ៉ាន់ ហើយចាប់ដៃចិនមកនោះ ទំនាក់ទំនងទ្វេភាគីបានតភ្ជាប់លើគ្រប់វិស័យ ឯរដ្ឋអាហ្វ្រិកមួយនេះទទួលជំនួយយ៉ាងច្រើន ដែលបង្ហាញពីផលប្រយោជន៍ជាក់ស្ដែងដែលទទួលបានពីការទទួលស្គាល់នយោបាយចិនតែមួយ។
រដ្ឋមន្ត្រីការបរទេសចិនលើកឡើងដែរថា ដោយសារមានទំនាក់ទំនងជាមួយតៃវ៉ាន់ រដ្ឋអាហ្វ្រិកខ្លះមិនអាចភ្ជាប់ចំណងការទូតជាមួយចិនបានឡើយ ហើយក៏មិនអាចចូលរួមក្នុងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិកដែរ។ យ៉ាងណាមិញ លោកសង្ឃឹមថា នឹងមិនមានរដ្ឋអាហ្វ្រិកណាខកខានឱកាសជាប្រវត្តិសាស្ត្រដែលផ្ដល់ដោយចិនឡើយ និងជឿថា បងប្អូនប្រុសស្រីនៃទ្វីបអាហ្វ្រិក នឹងបន្តគាំទ្រការរួបរួមគ្នារបស់ចិន។
សូមបញ្ជាក់ថា ប្រទេសដែលទទួលស្គាល់តៃវ៉ាន់ជារដ្ឋឯករាជ្យមានមិនច្រើនឡើយ ហើយភាគច្រើនជារដ្ឋតូចៗនៅអាមេរិកខាងត្បូង និងអាហ្វ្រិក។ ប៉ុន្តែឆ្នាំមកនេះ ចិនបានអូសទាញមិត្តភក្តិតៃវ៉ាន់បានជាច្រើនប្រទេស តាមរយៈការប្រើប្រាស់ទឹកលុយដ៏សន្ធឹកសន្ធាប់ ខណៈតៃវ៉ាន់មិនអាចប្រកួតប្រជែងជាមួយអំណាចទឹកប្រាក់របស់ចិនបានឡើយ៕
Tag:
ចិន
អាហ្វ្រិក
តៃវ៉ាន់
វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com