អន្តរជាតិ
UN បារម្ភខ្លាំងក្រោយ ត្រាំ កាត់បន្ថយជំនួយគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីន
× អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) ព្រួយបារម្ភខ្លាំងនៅពេលដែលសហរដ្ឋអាមេរិកសម្រេចកាត់ជំនួយដល់អង្គការសហប្រជាជាតិសម្រាប់គាំទ្រជនភៀសខ្លួនប៉ាឡេស្ទីន។ ការសម្រេចចិត្តនេះធ្វើឡើងត្រឹមពីរសប្តាហ៍ប៉ុណ្ណោះក្រោយលោក ដូណាល់ ត្រាំ គំរាមផ្តាច់ជំនួយប៉ាឡេស្ទីនដែលរឹងរូសមិនចូលចរចាជាមួយអ៊ីស្រាអែល។
ក្រសួងការបរទេសអាមេរិកបានប្រកាសកាត់បន្ថយលុយ ៦៥លានដុល្លារនៃជំនួយសរុប ១២៥ លានដុល្លារអាមេរិកដែលផ្តល់ឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកការងារមនុស្សធម៌និងគាំទ្រជនភៀសខ្លួន (UNRWA) នៅថ្ងៃអង្គារទី ១៦ មករា។
ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ នេះបានធ្វើឲ្យអាជ្ញាធរប៉ាឡេស្ទីនខឹងសម្បារខ្លាំង ប៉ុន្តែធ្វើឲ្យអ៊ីស្រាអែលសប្បាយចិត្តខ្លាំង។ ចំណែកមន្ត្រីអង្គការសហប្រជាជាតិវិញនោះបានបង្ហាញការបារម្ភខ្លាំងព្រោះការបន្ថយជំនួយនេះនឹងធ្វើឲ្យបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរនៅពេលខាងមុខ។
«ខ្ញុំព្រួយបារម្ភខ្លាំង ហើយខ្ញុំរំពឹងខ្លាំងថា នៅពេលខាងមុខអាមេរិកនឹងបន្តផ្តល់ជំនួយដល់គម្រោងគាំទ្រប្រជាជនប៉ាឡេស្ទីនដោយសារអាមេរិកជាប្រទេសផ្តល់ជំនួយដ៏សំខាន់មួយ»។ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងដូច្នេះ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ UNRWA ទទួលបន្ទុកផ្តល់សេវាសំខាន់ៗមានទាំងជំនួយមនុស្សធម៌ អប់រំ សេវាសង្គម និង សុខាភិបាលដល់បណ្តាជនភៀសខ្លួនប៉ាឡេស្ទីននៅទឹកដីដែលអ៊ីស្រាអែលកាន់កាប់ នៅហ្ស៊កដានី ស៊ីរី និងលីបង់។
ប្រមុខអង្គការសហប្រជាជាតិដដែលបានសង្កត់ធ្ងនថា សេវាទាំងអស់ដែលទីភ្នាក់ងារលោកផ្តល់ឲ្យជនភៀសខ្លួនគឺមានសារសំខាន់ខ្លាំង ហើយបើសិនជាមិនមានជំនួយនេះទេ ប្រជាជនទាំងនោះនឹងប្រឈមមុខគ្រោះថ្នាក់ខ្លាំងផងនៅពេលខាងមុខ។ ប៉ុន្តែលោក បានអះអាងថា អង្គការសហប្រជាជាតិនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីទប់ស្កាត់បញ្ហាទាំងនេះ។
ដូណាល់ ត្រាំ សម្រេចកាត់ជំនួយគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីនេះ កើតឡើងពីរសប្តាហ៍ប៉ុណ្ណោះក្រោយមេដឹកនាំរូបនេះគំរាមផ្តាច់ជំនួយប៉ាឡេស្ទីនព្រោះប៉ាឡេស្ទីនមិនព្រមចូលតុចរចាជាមួយអ៊ីស្រាអែល។ ម្យ៉ាងវាក៏កើតឡើងក្រោយពេលដែលប៉ាឡេស្ទីនសុំជំនួយឲ្យមហាសន្នបាតអង្គការសហប្រជាជាតិថ្កោលទោសអាមេរិក ដែលហ៊ានទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីអ៊ីស្រាអែលកន្លងមកនោះ។
យ៉ាងណាមិញ អ្នកនាំពាក្យសេតវិមានអាមេរិក Heather Nauert បានអះអាងថា ការសម្រេចកាត់បន្ថយជំនួយនេះមិនទាក់ទងទាល់តែសោះជាមួយការដាក់ទណ្ឌកម្មប៉ាឡេស្ទីន ដែលបដិសេធចូលចរចាជាមួយអ៊ីស្រាអែលកន្លងមក។ ក្រៅពីនេះ វាក៏មិនទាក់ទិនការសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងការថ្កោលទោសអាមេរិកដែលទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីអ៊ីស្រាអែលដែរ។
Tag:
UN
ដូណាល់ ត្រាំ
ប៉ាឡេស្ទីន
អាន់តូនីញ៉ូ ហ្គូតេរ៉េស
© រក្សាសិទ្ធិដោយ thmeythmey.com