អន្តរជាតិ
UN ប្រកាសរកជំនួយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ក្រោយអាមេរិកបន្ថយលុយ
× នៅថ្ងៃទី១៧ ខែមករា ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ផ្ដល់ជំនួយដល់ជនភៀសខ្លួនប៉ាឡេស្ទីន បានប្រកូកប្រកាសស្វែងរកជំនួយពីសហគមន៍អន្តរជាតិ បន្ទាប់ពីអាមេរិកបានកាត់ជំនួយលើស៥០ភាគរយ។ អាមេរិកអះអាងថា ការកាត់បន្ថយជំនួយនេះ មិនជាប់ពាក់ព័ន្ធរឿងប្ដូរទីតាំងស្ថានទូតទៅហ្ស៊េរុយសាឡិមឡើយ តែអង្គការសហប្រជាជាតិលើកឡើងថា ជនភៀសខ្លួនប៉ាឡេស្ទីនរាប់លាននាក់នឹងរងផងប៉ះពាល់។
នៅថ្ងៃទី១៦ ខែមករា អាមេរិកបានប្រកាសកាត់បន្ថយទឹកប្រាក់ចំនួន៦៥លានដុល្លារពីកញ្ចប់ថវិកាចំនួន១២៥លានដុល្លារដែលត្រូវផ្ដល់ឲ្យទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ការផ្ដល់ជំនួយដល់ប៉ាឡេស្ទីន (UNRWA) ។ អាមេរិករងការរិះគន់ខ្លាំងពីអន្តរជាតិដោយសាររឿងនេះ។ មួយថ្ងៃក្រោយមក ទីភ្នាក់ងារនេះ ក៏ប្រកាសចាប់ផ្ដើមយុទ្ធនាការស្វែងរកមូលនិធិ ដើម្បីផ្គត់ផ្គង់ដំណើការផ្ដល់ជំនួយរបស់ខ្លួនបន្តទៀត។
យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua លោក Sami Mshasha អ្នកនាំពាក្យ UNRWA និយាយថា ការសម្រេចចិត្តកាត់បន្ថយជំនួយរបស់អាមេរិក គឺជារឿងដ៏ភ្ញាក់ផ្អើល និងប៉ះពាល់សិស្សប៉ាឡេស្ទីនច្រើនជាង៥សែននាក់ ព្រមទាំងប្រជាជនប៉ាឡេស្ទីនរាប់លាននាក់ផ្សេងទៀតដែលរស់នៅរាយប៉ាយទូទាំងតំបន់។ អ្នកនាំពាក្យរូបនេះបន្តថា ការផ្អាកជំនួយច្រើនជាងពាក់កណ្ដាលនេះនឹងប៉ះពាល់ដល់ស្ថិរភាពនៅមជ្ឈិមបូព៌ា។
ទោះជាអាមេរិកកាត់ជំនួយទឹកប្រាក់លើសពាក់កណ្ដាលក្ដី ទីភ្នាក់ងារ UNWRA ប្ដេជ្ញាចិត្តបន្តការងាររបស់ខ្លួនឲ្យអស់ពីលទ្ធភាពរបស់ខ្លួន។ លោក Mshasha បញ្ជាក់ថា UNWRA កំពុងជួបបញ្ហាឱនភាពហិរញ្ញវត្ថុ តែកំពុងទាក់ទងអ្នកផ្ដល់ជំនួយអន្តរជាតិទាំងអស់ដើម្បីបន្តដំណើការ និងការការពារជនភៀសខ្លួនប៉ាឡេស្ទីន។
សូមបញ្ជាក់ថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ UNRWA នេះ ទទួលបន្ទុកផ្តល់សេវាសំខាន់ៗមានទាំងជំនួយមនុស្សធម៌ ការអប់រំ សេវាសង្គម និង សុខាភិបាលដល់បណ្តាជនភៀសខ្លួនប៉ាឡេស្ទីនជាង៥លាននាក់ដែលរសនៅនៅទឹកដីប៉ាឡេស្ទីនដែលអ៊ីស្រាអែលកាន់កាប់ដូចជា Gaza និង West Bank ក៏ដូចជានៅតាមជំរំជនភៀសខ្លួននៅហ្ស៊កដានី ស៊ីរី និងលីបង់។ ទីភ្នាក់ងារមនុស្សធម៌នេះត្រូវបានបង្កើតតាំងពីឆ្នាំ១៩៤៩ មកម្ល៉េះ។
ការកាត់ជំនួយគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីនេះ កើតឡើងពីរសប្តាហ៍ប៉ុណ្ណោះក្រោយលោក ដូណាល់ ត្រាំ គំរាមផ្តាច់ជំនួយប៉ាឡេស្ទីន ដែលមិនព្រមចូលតុចរចាជាមួយអ៊ីស្រាអែល។ ម្យ៉ាងវាក៏កើតឡើងក្រោយពេលដែលប៉ាឡេស្ទីនសុំជំនួយឲ្យមហាសន្និបាតអង្គការសហប្រជាជាតិថ្កោលទោសអាមេរិក ដែលហ៊ានទទួលស្គាល់ក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីអ៊ីស្រាអែលកន្លងមកនោះ។ អ៊ីស្រាអែលគាំទ្រជំហរអាមេរិក ហើយថែមទាំងស្នើឲ្យលុបចោលទីភ្នាក់ងារមួយនេះទៅទៀត៕
Tag:
UN
អាមេរិក
ប៉ាឡេស្ទីន
អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com