ជាតិ
សង្គមជាតិ
ក្រសួង​ព័ត៌មាន ប្រាប់​ឲ្យ​វិទ្យុ​ស្ត្រី FM ១០២ អនុវត្តតាម​លក្ខខណ្ឌ​ឲ្យ​បាន​ត្រឹមត្រូវ​
17, Jan 2018 , 10:29 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន ព្រមាន​វិទ្យុ​ស្ត្រី FM ១០២ MHz ឲ្យ​អនុវត្តតាម​លក្ខខណ្ឌរ​បស់​ក្រសួង​ឲ្យ​បាន​ត្រឹមត្រូវ ។ ការព្រមាន​របស់​ក្រសួង​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់ពី​ត្រួតពិនិត្យ​ឃើញថា វិទ្យុ​ស្ត្រី FM១០២ MHz បាន​ជួល​ហ្វ្រេ​កង់​ស៍​ផ្សាយ​បន្ត​ឲ្យ​ទៅ​អ្នកដទៃ ដោយ​មិន​សុំ​ការអនុញ្ញាត​ពី​ក្រសួង​។​


 
​ក្រសួង​ព័ត៌មាន បាន​រំឭក​ប្រាប់​លោកស្រី ជា ស៊ុន​ដា​ណែ​ត នាយិកា​ស្ថានីយ៍​វិទ្យុ​ស្ត្រី FM ១០២ MHz ថា ក្រសួង​បានផ្ដល់​ហ្វ្រេ​កង់​ស៍​វិទ្យុ FM ១០២ សម្រាប់ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ដោយ​មិន​តម្រូវ​ឲ្យ​មានការ​ជួល​ម៉ោង​ឲ្យ​អ្នកដទៃ​ផ្សាយ​បន្ត​ឡើយ​។ ប៉ុន្តែ​ចំណុច​នេះ​ក្រសួង​ព័ត៌មាន ពិនិត្យឃើញថា វិទ្យុ FM ១០២ បាន​អនុវត្ត​ផ្ទុយ​ពី​លក្ខខណ្ឌ​របស់​ក្រសួង ។ ក្រសួង​ព័ត៌មាន ប្រាប់​លោកស្រី ជា ស៊ុន​ដា​ណែ​ត ឲ្យ​បញ្ឈប់​ការជួល​ហ្វ្រេ​កង់ FM102 MHz របស់ខ្លួន នៅ​រាជធានី​ភ្នំពេញ និង​ហ្វ្រេ​កង់​ស៍​វិទ្យុ​ផ្សាយ​បន្ត​នៅតាម​ខេត្ត​នានា ឲ្យ​ទៅ​អ្នកដទៃ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​។​
 
​លិខិត​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែល​បាន​ផ្ញើ​ទៅ​នាយិកា​ស្ថានីយ៍​វិទ្យុ​ស្ត្រី FM ១០២ MHz បាន​សរសេរ​ដូច្នេះ​ថា​៖«​ដើម្បី​បំពេញ​កាតព្វកិច្ច​តាមផ្លូវ​ច្បាប់ ប្រសិនបើ​លោកស្រី​ចង់​ជួល​អាជ្ញាប័ណ្ណ​ហ្វ្រេ​កង់​ស៍​វិទ្យុ FM ១០២ MHz ជា​បន្តទៀត សូម​លោកស្រី​បំពេញ​សំណុំបែបបទ​ស្នើសុំ​ការអនុញ្ញាត​ជួល​ហ្វ្រេ​កង់​ស៍​ពី​ក្រសួង​ព័ត៌មាន​ជាមុនសិន​។ ក្រសួង​ទុកពេល​ឲ្យ​ពីរ​សប្ដាហ៍​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ ដើម្បី​ឲ្យ​លោកស្រី​បំពេញបែបបទ​ស្នើសុំ​ការអនុញ្ញាត​ជួល​ហ្វ្រេ​កង់​ស៍​វិទ្យុ FM ១០២ MHz»​។​
 
​ប៉ុន្តែ​ក្នុងករណី​វិទ្យុ FM ១០២ MHz នៅតែ​អនុវត្តតាម​ក្រសួង​ព័ត៌មាន​ទេនោះ ក្រសួង​នឹង​ដកហូត​ប្រកាស ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​វិទ្យុ​ស្ត្រី FM102 MHz នេះ​វិញ​ជា​ស្ថាពរ និង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​តែម្តង​៕

Tag:
 ខៀវ កាញារីទ្ធ​
 ​ក្រសួង​ព័ត៌មាន​
  វិទ្យុ​ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com