កីឡាជាតិ
ជាតិ
គុន​ដាវ​រំពឹង​កីឡាករ​ខ្មែរ​-​អាមេរិក​ជួយ​សាង​ជ័យជម្នះ​ក្នុង​ជើងឯក​អាស៊ាន​នៅ​ម៉ាឡេស៊ី​
18, Jan 2018 , 2:26 pm        
រូបភាព
លោក សុខ អាង (អាវសទី៤រាប់ពីឆ្វេង)ថតជុំគ្នាជាមួយកីឡាករនៅអាកាសយានដ្ឋានម៉ាឡេស៊ី
លោក សុខ អាង (អាវសទី៤រាប់ពីឆ្វេង)ថតជុំគ្នាជាមួយកីឡាករនៅអាកាសយានដ្ឋានម៉ាឡេស៊ី
ដោយ:
​ទោះបី​ចាត់ទុក​វៀតណាម​និង​សិង្ហ​បុរី​ជា​ឧបសគ្គ​ក្នុងការ​ប្រជែង​មេដាយ​ក៏ដោយ តែ​កីឡា​គុន​ដាវ​កម្ពុជា​រំពឹង​ខ្ពស់​ថា​នឹង​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​ចំនួន​៩​រូប​(​ស្រី​៣)​ឲ្យ​ចូលរួម​ការប្រកួត​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨ មួយ​នេះ​។​



​លោក សុខ អាង គ្រូបង្វឹក​ដាវ​ធំ​ដែល​ដឹកនាំ​កីឡាករ​ទៅ​ចូលរួម​ប្រកួត​រំពឹង​កីឡាករ​កូនកាត់​ខ្មែរ​-​អាមេរិក​ជួយ​សាង​ជ័យជម្នះ​ជូន​កម្ពុជា នា​ការប្រកួត​កីឡា​គុន​ដាវ​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។ កីឡាករ​កូនកាត់​ខ្មែរ​-​អាមេរិក ប៉ូល​វ៉ា​ហ្គ ហ្វ្រេ​ន​ធិ​សិទ្ធ អូរ​មិន​ស្គី ដែល​ចូលរួម​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​រូបនេះ ជា​កីឡាករ​គុន​ដាវ​ជម្រើសជាតិ​នៅ​សហរដ្ឋអាមេរិក​។

«​សម្រាប់​ការប្រកួត​ឆ្នាំនេះ​យើង​បាន​ដឹកនាំ​កីឡាករ​ចំនួន​៩​នាក់​ចូលរួម ហើយ​អ្វី​ដែលជា​ក្តី​រំពឹង​របស់​យើង​ដោយសារ​ឆ្នាំនេះ​យើង​ទើបតែ​ទទួលបាន​កីឡាករ​ខ្មែរ​-​អាមេរិក​ពីររូប​លេង​តំណាង​ឲ្យ​កម្ពុជា​។ ក្នុងចំណោម​អ្នក​ទាំងពីរ​មាន​ម្នាក់​ជា​កីឡាករ​ជម្រើសជាតិ​របស់​អាមេរិក​។ ដូច្នេះ​យើង​រំពឹងថា​នឹង​ទទួលបាន​លទ្ធផល​ល្អ​សម្រាប់​ការប្រកួត​ឆ្នាំនេះ​»​។ នេះ​ជា​ក្តី​រំពឹង​របស់លោក សុខ អាង ដែល​កំពុង​ស្ថិតនៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។



​លោក សុខ អាង បានចាត់ទុក​វិញ្ញាសា​ក្រុម​ដាវ​ធំ​បុរស ឯកត្តជន​ដាវ​ធំ​បុរស​ដែលមាន​កីឡាករ​ខ្មែរ​-​អាមេរិក ប៉ូល​វ៉ា​ហ្គ ហ្វ្រេ​ន​ធិ​សិទ្ធ អូរ​មិន​ស្គី និង​វិញ្ញាសា​ដាវ​កាប់​ឯកត្តជន​នារី​ជា​វិញ្ញាសា​សក្តានុពល​ក្នុងការ​ប្រជែង​មេដាយ​សម្រាប់​កម្ពុជា​។ កីឡាករ​កម្ពុជា​ទាំងនេះ​ត្រូវ​ប្រកួត​លើ​៦​វិញ្ញាសា​រួមមាន​វិញ្ញាសា​ដាវ​ធំ​ក្រុម​បុរស ដាវ​កាប់​ក្រុម​នារី ដាវ​ធំ​ឯកត្តជន​បុរស ដាវ​តូច​ឯកត្តជន​បុរស ដាវ​កាប់​ឯកត្តជន​បុរស និង​ដាវ​កាប់​ឯកត្តជន​នារី​។

​ទន្ទឹមនឹង​បង្ហាញ​ក្តី​រំពឹង​គ្រូបង្វឹក​ដាវ​ធំ​រូបនេះ ចាត់ទុក​វៀតណាម និង​សិង្ហ​បុរី​ជា​ឧបសគ្គ​ធំ​ក្នុងការ​ប្រជែង​មេដាយ​សម្រាប់​កម្ពុជា​។ ការចាត់ទុក​បែបនេះ​ដោយសារ​ប្រទេស​ទាំងពីរ​សុទ្ធតែ​បាន​ជាប់​វគ្គ​ជម្រុះ​អូឡាំពិក​ឆ្នាំ​២០១៦ នៅ​ទីក្រុង​រី​យ៉ូ​ប្រទេស​ប្រេ​ស៊ី​ល​។



​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​នេះ​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨​។ ហើយ​មាន​ប្រទេស​ចូលរួម​ចំនួន​១០​រួមមាន​ម៉ាឡេស៊ី កម្ពុជា ថៃ ឡាវ វៀតណាម សិង្ហ​បុរី ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​ប្រទេស​ព្រុយ​ណេ​។

​កីឡាករ​ទាំង​៩​នាក់​រួមមាន​កីឡាករ ឃីម សា​មាន​, ប៉ូល​វ៉ា​ហ្គ ហ្វ្រេ​ន​ធិ​សិទ្ធ អូរ​មិន​ស្គី​, ថុង តាំង​ជីន​, ជី​ម ធារ៉ា​, មេត្តា ជ័​ដ​, សំ សិទ្ធិ​បញ្ញា​, កីឡាការិនី ឆាយ លីន​លី​, ស៊ន និ​ច និង​កីឡាការិនី យី លីហ្សា​៕ 


Tag:
 ​គុន​ដាវ​
  សុខ អាង​
  ជើងឯក​អាស៊ីអាគ្នេយ៍
© រក្សាសិទ្ធិដោយ thmeythmey.com