សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឱនភាព​ពាណិជ្ជកម្ម​៖ កូរ៉េខាងត្បូង​បែរជា​នាំចូល «​គីម​ឈី​» ពី​ចិន​ដល់​ទៅ​៩៩​ភាគរយ​
18, Jan 2018 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ឱនភាព​ពាណិជ្ជកម្ម «​គីម​ឈី​» នៅ​កូរ៉េខាងត្បូង បាន​កើន​ឡើងជា​កំណត់ត្រា​នៅ​ឆ្នាំ​២០១៧ ។ នេះ​បើតាម​ទិន្នន័យ​របស់​សេវាកម្ម​គយ​កូរ៉េខាងត្បូង (KCS) ដោយ​លើកឡើងថា ផលិតផល​តម្លៃថោក​ពី​ចិន ហូរ​ដូច​ទឹកបាក់​ទំនប់​ចូលក្នុង​ទីផ្សារ​កូរ៉េខាងត្បូង​។​



​បើ​ប្រៀបធៀប​តាម​ទិន្នន័យ​របស់ KCS ចាប់តាំងពី​ឆ្នាំ​២០០០​មក ឱនភាព​ពាណិជ្ជកម្ម «​គីម​ឈី​» ដែលជា​អាហារ​អត្តសញ្ញាណ​របស់​កូរ៉េខាងត្បូង កើន​ឡើងជា​កំណត់ត្រា​នៅ​ឆ្នាំ​២០១៧ ជាមួយនឹង​ទឹកប្រាក់​៤៧.២៨​លាន​ដុល្លារ​អាមេរិក​។  របាយការណ៍​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​បង្ហាញថា តួលេខ​នៃ​ឱនភាព​ពាណិជ្ជកម្ម «​គីម​ឈី​» នៅ​ឆ្នាំ​២០១៧ កើន​១១​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦​។​

​យោងតាម​ទិន្នន័យ កាលពី​ឆ្នាំមុន កូរ៉េខាងត្បូង​នាំចូល​ម្ហូប​ស្ពៃជ្រក់​ប្រពៃណី​របស់ខ្លួន​រហូតដល់​ទៅ​២៧៥ ៦៣១ តោន ហើយ​នាំចេញ​តែ​២៤ ៣១១​តោន​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ៩៩​ភាគរយ​នៃ​តួលេខ​នាំចូល​នោះ គឺ​មកពី​ប្រទេស​ចិន​។​



​វិទ្យាស្ថាន​គីម​ឈី​ពិភពលោក​កូរ៉េខាងត្បូង រួមទាំង​ក្រុមហ៊ុន​ក​សិ​-​នេសាទ​កម្ម និង​ម្ហូបអាហារ​កូរ៉េ សុទ្ធតែ​មើលឃើញ​ពី​លំហូរ​ដ៏​ខ្លាំង​នៃ​ផលិតផល​ចិន​ចូលក្នុង​ទីផ្សារ​កូរ៉េខាងត្បូង មក ពោលគឺ​៨៩.៩​ភាគរយ​នៃ​គីម​ឈី​នៅ​ភោជនីយដ្ឋាន​កូរ៉េខាងត្បូង មាន​ប្រភព​មកពី​ចិន​។ 

​ចាប់ពី​ឆ្នាំ​២០១៦​មក តម្លៃ​នាំចេញ​គីម​ឈី​ពី​កូរ៉េខាងត្បូង មានតម្លៃ​៣.៣៦​ដុល្លារ​អាមេរិក​ក្នុង ១​គីឡូ ក្រាម ខណៈ​ការនាំ​ចូល​ពី​ចិន​មានតម្លៃ​តែ ០.៥​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម​។​

​គីម​ឈី ត្រូវដាក់​បញ្ចូល ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ កាលពី​ឆ្នាំ​២០១៣ ។ អាហារ​ប្រពៃណី​របស់​កូរ៉េខាងត្បូង​មួយ​នេះ ត្រូវបាន​ផ្សំ​ឡើង​ពី​បន្លែ​ជាច្រើន ក្នុងនោះ​មានដូចជា​ស្ពៃស ត្រសក់ ឆៃថាវ ខ្ទឹម ជាដើម​៕
អត្ថបទទាក់ទង



Tag:
 គីម​ឈី​
  ឱនភាព​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com