ជាតិ
ព្រះរាជអាជ្ញា សម្រេចឲ្យឃុំខ្លួនព្រះអង្គ ប៊ុត ប៊ុន​តិ​ញ លោក ប៉ា ងួនទៀង និង​លោក មឿ​ន តុលា
18, Jan 2018 , 4:18 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក មឿន តុលា ព្រះអង្គ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង
ពីឆ្វេងទៅស្តាំ៖ លោក មឿន តុលា ព្រះអង្គ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង
​ភ្នំពេញ​៖ លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ដាក់​ព្រះ​ភិក្ខុ ប៊ុត ប៊ុន​តិ​ញ លោក ប៉ា ងួនទៀង និង មឿ​ន តុលា ដែល​ធ្លាប់​ធ្វើជា​គណៈកម្មការ​ក្នុងការ​រៀបចំ​បុណ្យ​លោក​បណ្ឌិត កែម ឡី ឲ្យ​ស្ថិតនៅក្រោម​ការឃុំខ្លួន​ជា​បណ្តោះអាសន្ន​។ ប៉ុន្តែ​មកដល់ពេលនេះ អ្នក​ទាំងបី មិនទាន់​ជាប់ឃុំ​នៅឡើយ​ទេ​។



​លោក​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង បាន​ប្រាប់​ហេតុផល​ក្នុង​ដីកា​សន្និដ្ឋានថា ការសម្រេច​ឲ្យ​អ្នក​ទាំងបី ស្ថិតក្នុង​ការឃុំខ្លួន​ជា​បណ្តោះអាសន្ន គឺ​ដើម្បី​បង្ការ​ការកើតឡើង​នូវ​បទល្មើស​ថ្មី​ទៀត ហើយក៏​អាច​រក្សា​ជន​ត្រូវ​ចោទ ទុក​ជូន​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ផងដែរ​។ ការធ្វើ​បទ​ចោទ និង​ឈានដល់​សម្រេច​ឲ្យ​មានការ​ឃុំខ្លួន​នេះ គឺធ្វើឡើង​បន្ទាប់ពី​ព្រះរាជអាជ្ញារង បានបញ្ចប់​ការស៊ើបអង្កេត​បឋម​រួចរាល់​លើ​ករណី​អ្នក​ទាំងបី ហើយក៏​ចេញ​ដីកា​សន្និដ្ឋាន បញ្ជូន​ទៅកាន់​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​។ ដីកា​សន្និដ្ឋាន​នេះ​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៤​ខែមករា​កន្លងទៅ​។​

​ខ្លឹមសារ​ក្នុង​ដីកា​សន្និដ្ឋាន​បង្ហាញថា ថវិកា​ដែល​សប្បុរសជន​បាន​បរិច្ចាគ​ក្នុង​ពី​ធី​​បុណ្យ​លោក កែម ឡី  បាន​បាត់បង់​ដោយ​ក្រុមគ្រួសារ​របស់លោក កែម ឡី ពុំបាន​ទទួល​នោះទេ​។ ហេតុដូច្នេះ លោក​ព្រះរាជអាជ្ញារង ក៏បាន​ចោទ​អ្នក​ទាំងបី ដែល​ទទួល​កាន់កាប់​ថវិកា សម្រាប់​ការរៀបចំ​បុណ្យ​លោក កែម ឡី ពីបទ «​រំលោភ​លើ​ទំនុកចិត្ត​»​។

​ដីកា​សន្និដ្ឋាន​ពីរ​ទំព័រ​របស់​ព្រះរាជអាជ្ញា ដែល​បរិយាយ​ពី​អង្គហេតុ និង​អំពើ​ខុសឆ្គង​របស់​អ្នក​ទាំងបី បាន​សរសេរ​យ៉ាង​ដូច្នេះ ៖«...​បច្ច័យ​ដែល​ទទួលបាន​ពី​ការធ្វើ​បុណ្យសព​លោក បណ្ឌិត កែម ឡី រហូតដល់​បុណ្យ​១00​ថ្ងៃ ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស សរុប​យ៉ាងតិច​ប្រហែលជា ៣​សែន​ដុល្លារ​។ ប៉ុ​ន្ត មកដល់ពេលនេះ ក្រុមគ្រួសារ​របស់លោក​បណ្ឌិត កែម ឡី ពុំទាន់​បានទទួល​បញ្ជី​ឈ្មោះ​អ្នក​ចូល​បច្ច័យ និង​បច្ច័យ​ពី​គណៈកម្មការ​ឡើយ​...»​។​

​ការចោទប្រកាន់​និង​ការរៀបរាប់​នូវ​អង្គហេតុ​ទាំង​អម្បាលម៉ាន​របស់​ព្រះរាជអាជ្ញារង គឺ​ពឹង​ផ្អែកលើ​ពាក្យបណ្តឹង​របស់លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដែល​បានដាក់​ពាក្យ​ប្តឹង​គណៈកម្មការ​រៀបចំ​បុណ្យ​លោក កែម ឡី កាលពី​ចុងឆ្នាំ​២0១៧​។

​យ៉ាងណាក៏ដោយ មកដល់ពេលនេះ អ្នក​ទាំងបី កំពុងតែ​នៅក្រៅ​ការឃុំខ្លួន​នៅឡើយ​។ ព្រះអង្គ ប៊ុត ប៊ុន​តិ​ញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ និង​លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ត្រូវបាន​គេ​ឃើញ​នៅ​បរទេស​ជាច្រើន​ថ្ងៃ​ហើយ​។ រីឯ​លោក មឿ​ន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស  ក៏​ទំនង​មិន​នៅក្នុង​ស្រុក​ដែរ​៕


Tag:
 ​តុលាការ​
  ប៊ុត ប៊ុន​តិ​ញ​
  មឿ​ន តុលា​
  ប៉ា ងួនទៀង
© រក្សាសិទ្ធិដោយ thmeythmey.com