អន្តរជាតិ
លោក មហា​ធៀ ឌឺ​អ្នក​រិះគន់ ដោយ​ហៅ​ខ្លួនឯង​ថា​ជា​«​ជន​ផ្ដាច់ការ​»
18, Jan 2018 , 5:07 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (រូបភាព៖ AFP)
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (រូបភាព៖ AFP)
នៅ​ថ្ងៃទី​១៨ ខែមករា អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បានទទួល​ស្គាល់​ខ្លួន​លោក​ថា ជា​មេដឹកនាំ​ផ្ដាច់ការ ព្រោះ​លោក​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​ដល់​ទៅ​ឆ្នាំ​២២​ឆ្នាំ​ឯណោះ​។ លោក មហា​ធៀ ទទួលស្គាល់​បែបនេះ ក្រោយ​អ្នកនយោបាយ​បក្សប្រឆាំង និង​បក្ស​កាន់អំណាច​នៅ​ម៉ាឡេស៊ី​អះអាងថា លោក​ជាម​នុស្ស​ផ្ដាច់ការ និង​មិន​សក្តិសម​ធ្វើជា​នាយករដ្ឋមន្ត្រី​ម្ដង​ទៀតឡើយ​។​



​ការ​ក្លាយជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​ក្រុមប្រឆាំង​របស់​អតីត​បុរស​ខ្លាំង​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ ទទួល​ការស្វាគមន៍​ផង និង​ពាក្យរិះគន់​ផង​។ ទទួលបាន​ការស្វាគមន៍​ព្រោះ លោក មហា​ធៀ បំភ្លេច​រឿង​ចាស់ រួច​ចាប់ដៃ​ជាមួយ​អតីត​គូប្រជែង អាន់​វ៉ា អ៊ីប្រាហ៊ីម ដើម្បី​ប្រជែង​ជាមួយ​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨ ។ ឯ​ពាក្យរិះគន់​កើតឡើង ព្រោះ​លោក មហា​ធៀ ធ្លាប់ធ្វើ​នាយករដ្ឋមន្ត្រី​ម្ដង​រួចហើយ​។

​សំឡេង​រិះគន់​បាន​លេច​ចេញពី​បក្សប្រឆាំង និង​សម្ព័ន្ធភាព​កាន់អំណាច ដែល​ចាត់ទុក​ការដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០០៣ ជា​របប​ផ្ដាច់ការ និង​ថា លោក មហា​ធៀ មិនគួរ​ត្រឡប់​ទៅ​ប្រជែង​កៅអី​នាយករដ្ឋមន្ត្រី​នេះ​ម្ដង​ទៀតឡើយ​។ ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន លោក មហា​ធៀ ដែលមាន​វ័យ​៩២​ឆ្នាំ​ទៅហើយនោះ បាន​ទទួលស្គាល់ថា លោក​ពិតជា​មេដឹកនាំ​ផ្ដាច់ការ​ពិតមែន​។​

​តាម​សំណេរ​ដែលមាន​ន័យ​ឌឺដង​នេះ លោក មហា​ធៀ រៀបរាប់​ពី​សកម្មភាព​នានា​របស់លោក ដែល​និយម​ធ្វើ​ដោយ​មេដឹកនាំ​ផ្ដាច់ការ​។ លោក​និយាយថា និន្នាការ​ផ្ដាច់ការ​រប​ស់លោក​ចាប់ផ្ដើម​តាំងពី​លោក​នៅ​ធ្វើជា​រដ្ឋមន្ត្រី​អប់រំ​មកម្ល៉េះ​។ នៅពេលនោះ លោក​បានចេញ​បញ្ជា​ឲ្យ​លុប​ពាក្យ Mentari (​រដ្ឋមន្ត្រី​) ពី​ស្លាក​លេខ​រថយន្ត ព្រោះ​លោក​ខ្លាច​ត្រូវគេ​ធ្វើឃាត ហើយ​បាន​ហាមឃាត់​ការយក​ឈ្មោះ​លោក ឬ​ភរិយា​លោក​ដាក់​លើ​សាលារៀន ផ្លូវ ឬ​បន្ទប់ទឹក​សាធារណៈ​។

​ក្រៅពីនោះ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ក៏​លើកឡើងថា ពេល​ឡើងកាន់តំណែង​ភ្លាម លោក​បាន​បញ្ជា​ឲ្យ​ដោះលែង​អ្នកទោសនយោបាយ​ចំនួន​២១​នាក់ ដែល​ត្រូវ​ឃុំខ្លួន​ក្រោម​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង​ដោយ​ស្នាដៃ​នាយករដ្ឋមន្ត្រី​មុនៗ​។ «​ការដោះលែង​នេះ​ជា​ទង្វើ​របស់​មេដឹកនាំ​ផ្ដាច់ការ​។ អតីត​នាយករដ្ឋមន្ត្រី​មុនៗ​មិនបាន​ដោះលែង​នរណា​ឡើយ មានតែ​ចាប់​ថែម ព្រោះ​ជា​រឿង​ប្រជាធិបតេយ្យ​»​។ នេះ​ជា​សំណេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក មហា​ធៀ ។​

​ចុងក្រោយ​នោះ លោក មហា​ធៀ អះអាងថា លោក​សំណាង​ដែល​កាន់​ឈ្មោះ​ជា​មេដឹកនាំ​ផ្ដាច់ការ ហើយ​អាច​លាលែង​ពី​តំណែង​មុន​ស្លាប់ ខណៈដែល​មេដឹកនាំ​ផ្ដាច់ការ​អាល្លឺម៉ង់ អ៊ីតាលី អេ​ស្ប៉ា​ញ និង​ព័រទុយហ្កាល់ សុទ្ធតែ​ស្លាប់​មុន​លាលែង​។ ការចុះ​ចេញពី​តំណែង​មុនពេល​ស្លាប់​នេះ ត្រូវបាន​លោក មហា​ធៀ ចាត់ទុកជា​ទង្វើ​មេដឹកនាំ​ផ្ដាច់ការ​ពិតប្រាកដ ដូចដែល​អ្នក​រិះគន់​លោក​ធ្លាប់​និយាយ​នាពេល​កន្លងមក​៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com