ជាតិ
ឆ្នាំ២០១៧ សាខាពន្ធដាខេត្តព្រះសីហនុ ប្រមូលពន្ធបានជិត ២០លានដុល្លារ
× ឆ្នាំ២០១៧ សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលពន្ធបានចំនួន ១៩,៤១៨,៧២៨ ដុល្លារ ដោយកើនឡើង ១៨៨ភាគរយ ក្នុងនោះចំណូលថវិកាជាតិមានចំនួន ២០,៩២៤,១១១,០៨៧រៀល ស្មើនឹងជាង ៥លានដុល្លារ កើនឡើង ១២៨ភាគរយ។ នេះបើតាមការផ្សាយទីភ្នាក់ងារសារព័ត៌មានជាតិ(AKP) ថ្ងៃទី១៨ ខែមករា នេះ។
AKP បានស្រង់សម្តីរបស់លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ ទៅចុះផ្សាយថា ក្នុងឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធដារ បានសហការជាមួយនឹងធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ា ក្នុងការរួមចំណែកប្រមូលពន្ធលើសេវាសាធារណៈ នានានៅក្នុងខេត្តព្រះសីហនុ។ បើតាម AKP ដដែល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានបន្ត ការងារប្រមូលពន្ធនៅក្នុងឆ្នាំ២០១៧ មានសន្ទុះកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។
លោក សន ស៊ីផល បានបញ្ជាក់ដូច្នេះថា៖«សន្ទុះនៃការទិញ ដូរផ្ទេរកម្មសិទ្ធិអចលនទ្រព្យក្នុងខេត្តនេះ មានការកើនឡើងធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ មិនមានការកកស្ទះ ដូចឆ្នាំកន្លងទៅ។ ពិសេសនៅពេលបិទបញ្ចប់នៃការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០១៧»។ លោក បញ្ជាក់ចុងក្រោងថា នៅឆ្នាំ២០១៨ ការប្រមូលពន្ធនៅ ខេត្តព្រះសីហនុ នឹងមានការកើនឡើងជាបន្តទៀត៕
Tag:
ប្រមូលពន្ធ
សន ស៊ីផល
© រក្សាសិទ្ធិដោយ thmeythmey.com