ជាតិ
​​​ន​យោ​បាយ​ជាតិ​
រឿង​នយោបាយ​ក្នុង​២០១៧ ធ្វើ​ឲ្យ​កម្ពុជា រង​ការវាយតម្លៃ​អវិជ្ជមាន ពី​អង្គការ​អន្តរជាតិ​
19, Jan 2018 , 5:38 pm        
រូបភាព
សម្តេច ហ៊ុន សែន និងលោក កឹម សុខា ដឹកនាំសកម្មជនរៀងៗខ្លួន ក្នុងយុទ្ធនាការឃោសនារកសំឡេងគាំទ្រ នារដូវកាលបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រក្សាឃុំ សង្កាត់ នៅអាណត្តិទី៤
សម្តេច ហ៊ុន សែន និងលោក កឹម សុខា ដឹកនាំសកម្មជនរៀងៗខ្លួន ក្នុងយុទ្ធនាការឃោសនារកសំឡេងគាំទ្រ នារដូវកាលបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រក្សាឃុំ សង្កាត់ នៅអាណត្តិទី៤
​ភ្នំពេញ​៖ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លើ​ពិភពលោក រិះគន់​រដ្ឋាភិបាល​កម្ពុ​ជា និង​បក្ស​កាន់អំណាច​ថា បានធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ ធ្លាក់ចុះ និង​រឹត​ត្បឹ​ត​សិទ្ធិសេរីភាព​។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់​បក្ស​កាន់អំណាច​បាន​និយាយ​ការពារ​ថា ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា កំពុង​តែមាន​ស្ថាន​ភាពល្អ​ជាងមុន​។

 


​ឈាន​ចូលឆ្នាំថ្មី មិនទាន់បាន​មួយខែ​ផង ក៏មាន​ការផ្សព្វផ្សាយ​ជា​ហូរហែ​នូវ​របាយការណ៍ របស់​អង្គការ​អន្តរជាតិ​នានា ដែល​បរិយាយ​ពី​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ​២0១៧ នៅ​ប្រទេស​កម្ពុជា​។ របាយការណ៍របស់អង្គការអន្តរជាតិ វាយតម្លៃ​ព្រឹត្តិការណ៍​ទាំងនោះ ​ថា​ជា​ចំនុច​អវិជ្ជមាន​របស់​កម្ពុជា​ក្នុងការ​អនុវត្ត​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។​

​នៅ​ថ្ងៃទី​១៨ ខែមករា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ពិភពលោក ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Human Rights Watch (HRW) បានចេញ​របាយការណ៍​មួយ ដែលមាន​កម្រាស់​រហូត​ដល់​ទៅជិត​៧00​ទំព័រ​ឯណោះ ដោយបាន​រៀបរាប់​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ​២0១៧ ដែល​កើតឡើង​នៅ​តាប​ណ្តា​ប្រទេស​ជាង​៩0 ហើយ​ក្នុងនោះ ក៏មាន​កម្ពុជា​ផងដែរ​។ ក្នុងចំណោម​ជិត​៧00​ទំព័រ​នៃ​របាយការណ៍​នោះ មាន​៥​ទំព័រ​ដែល​អត្ថាធិប្បាយ​ពី​ប្រទេស​កម្ពុជា​។

​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតឡើង​នៅ​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២0១៧ ហើយ​ត្រូវបាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បញ្ចូល​ទៅក្នុង​របាយការណ៍​រប​ស់​ខ្លួន រួមមាន ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ការមិន​ឲ្យ​ថ្នាក់ដឹកនាំ​១១៨​រូប​នៃ​គណបក្ស​នេះ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ការមិន​បើកផ្លូវ​ឲ្យ​លោក សម រង្ស៊ី វិល​មក​កម្ពុជា​វិញ ការចាប់​លោក កឹម សុខា រួមទាំង​តំណាងរាស្ត្រ​និង​សកម្មជន​បក្សប្រឆាំង​មួយចំនួនទៀត​។ លើសពីនេះ ការបិទ​អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័ន​សារព័ត៌មាន​មួយចំនួន រួមទាំង​ការបង្កើន​នូវ​ការប្រើ​ប្រព័ន្ធយុត្តិធម៌​មិន​ត្រឹមត្រូវ ដើម្បី​កាត់ទោស​ក្រុម​អ្នកប្រឆាំង និង​សកម្មជន​សិទ្ធិមនុស្ស ក៏​ស្ថិតក្នុង​របាយការណ៍​អង្គការសិទ្ធិមនុស្ស​មួយ​នេះដែរ​។

​ការ​ធ្វើទុក្ខបុកម្នេញ​ទាំងនោះ ត្រូវបាន​អង្គការ​លំដាប់​ពិភពលោក​មួយ​នេះ លើក​មក​ធ្វើជា​ទឡ្ហីករណ៍ ហើយក៏​វាយតម្លៃ​យ៉ាង​ដូច្នេះ​ថា​៖«​បរិយាកាស​សិទ្ធិពលរ​ដ្ឋ និង​សិទ្ធិ​នយោបាយ នៅ​ប្រទេស​កម្ពុជា បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ក្នុង​២0១៧​។ ស្ទើរ​ពេញ​មួយឆ្នាំ ក្នុង​ឆ្នាំ​២0១៧ រដ្ឋាភិបាល បាន​ជំទាស់​នឹង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ការជួបប្រជុំ​ដោយ​សន្តិវិធី​របស់​ប្រជាជន​កម្ពុជា ហើយ​បាន​បង្ក្រាប​ការតវ៉ា​ថែមទៀត​»​។​

​របាយការណ៍​ខាងលើ បានចេញ​ផ្សាយ ក្រោយ​របាយការណ៍​រប​ស់​អង្គការ​អន្តរជាតិ​មួយទៀត គឺ Freedom House តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ការវាយតម្លៃ​របស់ Freedom House មកលើ​ប្រទេស​កម្ពុជា គឺ​ដូចគ្នា​ស្ទើរ​ទាំងស្រុង ទៅនឹង​ការវាយតម្លៃ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​។

អត្ថបទទាក់ទង


​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា វាយបក​វិញ​ថា ថ្វី​ដ្បិត​មានឈ្មោះ​ជា អង្គការ​ឃ្លាំមើល​សិទ្ធមនុស្ស​ក្តី ប៉ុន្តែ​ការវាយតម្លៃ​របស់​អង្គការ​នេះ ពុំបាន​ពឹង​ផ្អែកលើ​ស្ថាន​ភាព​សិទ្ធិមនុស្ស​ជាក់ស្តែង​នៅ​កម្ពុជា​នោះទេ​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​រូបនេះ មិន​ត្រឹមតែ​មិន​ទទួលយក​ការវាយតម្លៃ​បែប​អវិជ្ជមាន​របស់​អង្គការ​អន្តរជាតិ​នោះទេ ប៉ុន្តែ លោក​ថែមទាំង​និយាយ​បញ្ច្រាស់​ថា ស្ថានភាព​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ភាពល្អប្រសើរ​។

​លោក សុខ ឥសាន បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ទទួលបាន​ផលប្រយោជន៍ ពី​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែ​លើកកម្ពស់​សិទ្ធិសេរីភាព និង​កា​រប​ញេ្ច​ញ​មតិ​»​។ លោក​បន្ថែមថា មានតែ​ក្រុម​អ្នក​ប្រឆាំងនឹង​ច្បាប់​ប៉ុណ្ណោះ ដែល​ត្រូវបាន​រដ្ឋាភិបាល ឬ​សមត្ថកិច្ច​ចាត់វិធានការ​។

​តាមពិតទៅ លោក សុខ ឥសាន បានលើកឡើង​កាលពី​កន្លងមក​មិនតិច​ដងនោះ​ទេ ទាក់ទង​នឹង​ចំណាត់ការ​លើ​លោក សម រង្ស៊ី លោក កឹម សុខា រួមទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។ លោក ធ្លាប់​អះអាង​ដដែលៗ​ថា រូបវន្តបុគ្គល និង​នីតិបុគ្គល​ទាំងនោះ បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​ខ្លួនឯង ទើប​បណ្តាល​ឲ្យ​សមត្ថកិច្ច និង​តុលាការ ចាត់​វិធា​ការ​តាមផ្លូវ​ចាប់ មិនមែន​មកពី​បក្ស​កាន់អំណាច​នោះទេ​។  

​អតីត​ក្រុម​អ្នក​នយោបាយ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ ពោលគឺ​គណបក្ស​ត្រូវ​រំលាយចោល ឯ​លោក សម រង្ស៊ី បន្ត​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ហើយ​លោក កឹម សុខា ក៏ត្រូវ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ ពួកគេ ពុំ​អាចធ្វើ​សកម្មភាព​អ្វី​បាន​ឡើ​នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន ពួកគេ​បានត្រឹមតែ​យក​ទឹកដី​បរទេស ធ្វើជា​កន្លែង​ឈរជើង​ប៉ុណ្ណោះ ដើម្បី​បន្ត​ទាមទារ​ឲ្យ​គណបក្ស​របស់ខ្លួន​រស់​ឡើយ​វិញ និង​បាន​ចូលរួម​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨​។ ថ្មីៗ​នេះ ក្រុម​អ្នកប្រឆាំង ដែលមាន​លោក សម រង្ស៊ី ជា​បង្គោល បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ (CNRM) ដើម្បី​បន្ត​ការទាមទារ​នៅក្រៅ​ប្រទេស​។

​ជា​លទ្ធផល ការតស៊ូ​របស់​ក្រុម​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស បាន​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​មួយចំនួន​ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​ខ្លះៗ​មកលើ​រដ្ឋាភិបាល​កម្ពុជា និង​បក្ស​កាន់អំណាច​។ ប៉ុន្តែ ផល​ជា​វិជ្ជមាន​សម្រាប់​ពួកគេ​ផ្ទាល់ នៅ​មិនទាន់​លេចឡើង​បន្តិច​នោះទេ​។

​ភាគី​បក្ស​កាន់អំណាច ប្រកាស​រួចហើយ​ថា បក្សប្រឆាំង​មិនអាច​ដំណើរការ​ឡើងវិញ​ឡើយ ហើយ​ការបោះឆ្នោត នឹង​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក​។ បក្ស​កាន់អំណាច​យល់ថា ឲ្យ​តែ​ប្រជាពលរដ្ឋ បាន​ចូលរួម​ការបោះឆ្នោត គឺ​គ្រប់គ្រាន់​ហើយ ដោយ​មិន​ខ្វល់​ពី​ការទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​នោះទេ​៕


Tag:
 HRW
  កម្ពុជា​
  ប្រជាធិបតេយ្យ​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com