ជាតិ
សេដ្ឋកិច្ច
កម្ពុជាកំពុងចរចាជាមួយប្រទេសដទៃ ដើម្បីដោះស្រាយបញ្ហាយកពន្ធត្រួតគ្នា
× ភ្នំពេញ៖ កម្ពុជាកំពុងចរចាជាមួយប្រទេសដទៃ ដើម្បីដោះស្រាយបញ្ហាពន្ធត្រួតគ្នា ក្នុងទិសដៅសម្រួលដល់ការវិនិយោគទៅវិញទៅមក។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ការចរចាលើពន្ធត្រួតគ្នានេះ គឺផ្ដោតលើការបញ្ចៀសមិនឲ្យយកពន្ធត្រួតស៊ីគ្នា ដែលផ្ដល់ការងាយស្រួលដល់អ្នកវិនយោគទុនទាំងអស់។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កាលពីថ្ងៃទី១៧ មករា សម្ដេច ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«យើងកំពុងតែចរចាជាមួយបណ្ដាប្រទេសនានា ដើម្បីបញ្ចៀសការមិនយកពន្ធត្រួតគ្នា ដើម្បីសម្រួលឲ្យអ្នកវិនិយោគមកកាន់ប្រទេសយើង ឬយើងទៅកាន់ប្រទេសគេ ព្រោះអ្នកវិនិយោគនៅកម្ពុជាបច្ចុប្បន្ន មិនគ្រាន់តែមានលទ្ធភាពវិនិយោគនៅប្រទេសខ្លួនឯងទេ តែមានលទ្ធភាពវិនិយោគនៅប្រទេសក្រៅដូចគេ ដូចឯងដែរ។ ហើយនេះគឺជាផ្នែកដ៏សំខាន់នៃនយោបាយការបរទេសរបស់យើង ដែលនយោបាយបែបនេះ វាស្ថិតនៅក្នុងលក្ខខណ្ឌតម្រូវនៃពាណិជ្ជកម្មពិភពលោក»។
ជុំវិញការយកពន្ធត្រួតគ្នានេះ គឺសំដៅទៅលើកាតព្វរបស់អ្នកវិនិយោគ ដែលតម្រូវឲ្យបង់ពន្ធ២ដង សម្រាប់ការងាររកស៊ីរបស់ខ្លួន។ ត្រង់ចំណុចនេះ បានន័យថា បើអ្នកវិយោគថៃ ដាក់ទុនវិនិយោគលើជំនួញអ្វីមួយនៅកម្ពុជានោះ គឺគេត្រូវបង់ពន្ធឲ្យកម្ពុជាផង និងបង់ពន្ធឲ្យរដ្ឋាភិបាលថៃផង។ ដោយសារបញ្ហានេះហើយទើបរដ្ឋាភិបាលកម្ពុជា កំពុងចរចារជាមួយប្រទេសនានា ដើម្បីបញ្ចៀសការយកពន្ធត្រួតគ្នា ពោលគឺកំណត់ឲ្យអ្នកវិនិយោគបង់ពន្ធតែមួយម្ដង ហើយថាតើភាគីណាមួយត្រូវមានកាតព្វប្រមូលពន្ធពីអ្នកវិនិយោគ ដោយអាស្រ័យលើការចរចានៃកិច្ចព្រមព្រៀងគ្នាវិញទៅមក។
កន្លងមកកម្ពុជា ធ្លាប់ចុះកិច្ចព្រមព្រៀងជាមួយបណ្ដាប្រទេសមួយចំនួនដូចជា ថៃ ព្រុយណេ សិង្ហបុរីជាដើម ក្នុងការមិនយកពន្ធត្រួតគ្នានេះ៕
Tag:
សម្តេច ហ៊ុន សែន
ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com