ជាតិ
គម្រោងជួសជុលពិតានឈើនៅរោងទងកូរសមុទ្រទឹកដោះ ត្រូវការឈើគគីរជាង១០ម៉ែត្រគូប
× សៀមរាប៖ អង្គការមូលនិធិប្រាសាទបុរាណពិភពលោក (World Monument Fund-WMF) របស់សហរដ្ឋអាមេរិក កំពុងរៀបចំក្បាច់ចម្លាក់ ដើម្បីឆ្លាក់លើពិតានឈើ នៅរោងទងកូរសមុទ្រទឹកដោះ នាប្រាសាទអង្គរវត្ត។ តាមប្រធានគម្រោង គម្រោងជួសជុលពិតានឈើនេះ ត្រូវការឈើគគីរប្រមាណជាង ១០ម៉ែត្រគូប។
ក្រោយពីប្រមូលឯកសារ និងសិក្សាស្រាវជ្រាវអស់ជាច្រើនឆ្នាំរួចមក អង្គការមូលនិធិប្រាសាទបុរាណពិភពលោក កំពុងដំណើរការជួសជុលពិតានឈើ ដែលមានទីតាំងនៅរោងទងកូរសមុទ្រទឹកដោះ។ ពិតានឈើនេះ មានក្បូរក្បាច់ចម្លាក់ជាច្រើន ដែលទាមទារឲ្យអ្នកជំនាញផ្ចិតផ្ចង់ ទាំងការជ្រើសរើសជាង និងសាច់ឈើ ធ្វើយ៉ាងណាត្រូវធានាថា ការជួសជុលស្របទៅតាមទម្រង់ដើម។ គម្រោងនេះ ជាកិច្ចសហប្រតិបត្តិការ រវាងអង្គរការមូលនិធិប្រាសាទបុរាណពិភពលោក និងអាជ្ញាធរជាតិអប្សរា ហើយត្រូវបានសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់បំផុត។
លោកស្រី ជាម ផល្លី អ្នកសម្របសម្រួលអង្គការមូលនិធិប្រាសាទបុរាណពិភពលោកបានឲ្យដឹងថា គេមិនទាន់អាចប៉ាន់ស្មានថា គម្រោងនេះ អាចនឹងបញ្ចប់នៅពេលណាឲ្យប្រាកដនោះទេ ព្រោះសព្វថ្ងៃ គម្រោងនេះមានជាងឆ្លាក់តែម្នាក់ប៉ុណ្ណោះ ដែលទាមទារឲ្យមានការបណ្តុះបណ្តាលជាងច្រើននាក់ទៀត ដើម្បី ពន្លឿនក្នុងគម្រោងនេះ។ តាមការរៀបរាប់របស់លោកស្រី ជាងចម្លាក់ដែលឆ្លាក់តាមទម្រង់ដើម និងទទួលស្គាល់ដោយគណៈកម្មការអាយស៊ីស៊ី-អង្គរ មានតែម្នាក់គត់នៅសាលាវិចិត្រសិល្បៈ ហើយគាត់អាចឆ្លាក់ក្បាច់ បានប្រមាណ៤ផ្កា ក្នុងមួយខែ ដូច្នេះគាត់ត្រូវចំណាយពេលប្រហែល ៧ឆ្នាំ ទើបអាចឆ្លាក់ចម្លាក់ជាង ៣០០ផ្កានោះបាន សរុបជាង ១០០ផ្ទាំង។
ចំណែកឈើដែលត្រូវប្រើប្រាស់សម្រាប់ធ្វើពិតាន ជាប្រភេទឈើគគីរ។ តាមការពន្យល់ពីអ្នកជំនាញ មូលហេតុដែលជ្រើសរើសឈើគគីរមកប្រើ ព្រោះឈើពិតានដែលសល់ពីបុរាណ និងបានរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ និងសារមន្ទីរនៅប្រទេសបារាំង ក៏ជាសាច់ឈើគគីរដែរ។ លោកស្រី ជាម ផល្លី ពន្យល់ថា សាច់ឈើគគីរធន់នឹងទឹក។ លោកស្រីបន្ថែមថា គម្រោងនេះ ត្រូវការឈើគគីរប្រមាណជាង ១០ម៉ែត្រគូប។ ប៉ុន្តែអ្វីដែលជាបញ្ហានៅពេលនេះ គឺកង្វះឈើដែលធ្វើឲ្យគម្រោងមានភាពយឺតយ៉ាវ។
គម្រោងបំពាក់ពិតានឈើថ្មី លើរោងទងកូរសមុទ្រទឹកដោះនេះ ទទួលបានការគាំទ្រពីគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី២៥ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥កន្លងមក។ ពិតានឈើថ្មី ដែលនឹងត្រូវយកទៅបំពាក់លើថែវកូរសមុទ្រទឹកដោះនេះ គឺមានឆ្លាក់ចម្លាក់ក្បាច់ ធ្វើតាមសំណង់បុរាណ ដោយមានក្បាច់ចំនួន១០ប្រភេទ គឺ ក្បាច់ផ្កាចាន់ ក្បាច់ផ្កាពងត្រី ក្បាច់ត្រឡាចបំបែក ក្បាច់ពេជ្រក្តារ ក្បាច់ចែងអង្គរ ក្បាច់ស្នឹងព័ទ្ធ ក្បាច់សន្លឹកឈូកបំបែក ក្បាច់ពងត្រីរង្វង់ ក្បាច់កេសរ និងក្បាច់ផ្លែឈូក។
សព្វថ្ងៃ ភ្ញៀវទេសចរជាច្រើនចាប់អារម្មណ៍នឹងចម្លាក់កូរសមុទ្រទឹកដោះ ដែលស្ថិតនៅផ្នែកខាងក្រោយបង្អស់ នៃថែវប្រាសាទអង្គរវត្ត។ អ្នកជំនាញពន្យល់ថា ការរៀបចំពិតានឈើឲ្យមានឡើងវិញ នឹងធ្វើឲ្យសំណង់ស្ថាបត្យកម្មទាំងមូល មានព្រលឹងដែរ។ ដូច្នេះ ក្រោយពេលជួសជុលដាក់ពិតានរួច នៅរោងទងនេះ នឹងកាន់តែទាក់ទាញទេសចរ ឲ្យមកទស្សនាថែមមួយកម្រិតទៀត។
គួរបញ្ជាក់ថា អង្គការមូលនិធិប្រាសាទបុរាណពិភពលោក បានប្រើពេល៨ឆ្នាំ សិក្សាពីរចនាសម្ព័ន្ធនៅថែវកូរសមុទ្រទឹកដោះ។ តាមអ្នកជំនាញ ចំណុចនេះ ត្រូវបានជួសជុលម្តងនៅសម័យបារាំង តែដោយសង្គ្រាម បារាំង ក៏មិនបានរៀបចំដំបូលដែលខ្លួនរើដាក់ខាងក្រោមនោះឡើយ ទើបធ្វើឲ្យរចនាសម្ព័ន្ធនៅទីនោះ មានការលំបាកសម្រាប់អ្នកស្រាវជ្រាវ។ គម្រោងជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះ ចាប់ផ្តើមពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ដែលជាកិច្ចសហប្រតិបត្តិការ រវាងអង្គការមូលនិធិប្រាសាទបុរាណពិភពលោក និងអាជ្ញាធរជាតិអប្សរា។ ការជួសជុលនេះ គឺប្រើប្រាស់បន្ទះសំណ ពី២ ទៅ៣មីលីម៉ែត្រ ធ្វើយ៉ាងណាកុំឲ្យទឹកលិចដំបូល ដែលនឹងអាចប៉ះពាល់ដល់ចម្លាក់នៅជញ្ជាំង៕
Tag:
អង្គរវត្ត
ប្រាសាទ
គគីរ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com