ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តំបន់តូចមួយក្នុងខួរក្បាលអាចធ្វើឲ្យមានអារម្មណ៍ភ័យខ្លាចនៅថ្ងៃក្រោយ
× យោងទៅតាមសារព័ត៌មាន BBC News បានឲ្យដឹងថា កន្លែងមួយប៉ុនគ្រាប់សណ្តែកហ័រឡាំងតាវ អាចបង្ហាញលក្ខណៈរបស់មនុស្សទៅជាបាក់ទឹកចិត្តបាន។ អ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេសគិតថា ពួកគេបានសម្គាល់ដឹងអំពីផ្នែកមួយនៃខួរក្បាលដែលទទួលខុសត្រូវលើអារម្មណ៍ភ័យខ្លាច ហើយវាត្រូវបានគេស្គាល់ថាជា Habenula ដែលវាក៏ប្រហែលជាជាប់ទាក់ទងនឹងការបាក់ទឹកចិត្តដែរ។
ដំណឹងនេះគឺផ្អែកទៅលើការសិក្សាដ៏តូចមួយដែលប្រើប្រាស់ការស្គេនខួរក្បាលដើម្បីពិនិត្យទៅលើសកម្មភាពខួរក្បាលលើអ្នកស្ម័គ្រចិត្ត។ ក្រោយពីស្គេនរួច គេបានបង្ហាញនូវរូបភាពមួយចំនួនដែលមានជាប់ទាក់ទងនឹងការមានឱកាសមួយនៃការទទួលបាន ឬបាត់បង់លុយមួយផោន មិនមានទទួលបានប្រាក់ចំណូល ឬទទួលបានការឈឺចាប់ដោយសារតែការឆក់ខ្សែភ្លើង។ អ្នកស្រាវជ្រាវសង្ឃឹមថា អ្នកចូលរួមស្ម័គ្រចិត្តនឹងសិក្សាដឹងលឿនទាក់ទងនឹងរូបភាពទាំងនេះ ជាពិសេសរូបភាពដែលជាប់ទាក់ទងនឹងការឈឺចាប់ដោយសារការឆក់ខ្សែភ្លើង ហើយរឿងនេះក៏អាចបញ្ជាក់អំពីអារម្មណ៍ភ័យខ្លាច អស់សង្ឃឹមខ្លាំង និងភ័យខ្លាច។
អ្នកស្រាវជ្រាវបានរកឃើញសកម្មភាពមួយនៅក្នុងតំបន់ Habenula មានការកើនឡើងនៅពេលអ្នកស្ម័គ្រចិត្តសិក្សាប៉ះពាល់នឹងរូបភាពឈឺចាប់ ដូច្នេះរឿងនេះសបញ្ជាក់ថា វាដើរតួនាទីដ៏សំខាន់មួយក្នុងការប្រកាសអាសន្នដល់រាងកាយ និងការសម្រាករបស់ខួរក្បាលនៅពេលរឿងមិនល្អទំនងនឹងកើតមាន។
ស្ថិតក្នុងកម្រិតមួយ តំបន់ Habenula ឃើញថាពោរពេញដោយមុខងារដ៏សំខាន់មួយ ឬអាចជាកន្លែងផ្តល់សញ្ញាព្រមានដល់មនុស្សយើងដើម្បីចៀសវាងរឿងដែលគ្រោះថ្នាក់ ឬយ៉ាងហោចណាស់អាចឲ្យយើងយល់ដឹងអំពីកំហុសឆ្គងដែលយើងបានធ្វើរួចហើយដែរ។ អ្នកស្រាវជ្រាវបានប៉ាន់ស្មានទៅលើសកម្មភាពខ្លាំងរបស់តំបន់ Habenula នេះថា វាប្រហែលជាប់ទាក់ទងនឹងការបាក់ទឹកចិត្ត និងការថប់អារម្មណ៍ទូទៅខុសធម្មតា ដែលគ្រប់គ្រាន់នឹងធ្វើឲ្យមនុស្សយើងមានអារម្មណ៍ខ្លាច និងបារម្ភជាប់អំពីអនាគត់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com