ជាតិ
សេដ្ឋកិច្ច
Oxfam ៖ កំណើន​មហាសេដ្ឋី មិនមែនជា​សញ្ញា​ល្អ​នៃ​ការរីកចម្រើន​សេដ្ឋកិច្ច​ទេ​
23, Jan 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អង្គការ Oxfam បានបង្ហាញ​របាយការណ៍​មួយ​ថា កំណើន​មហាសេដ្ឋី មិនមែនជា​សញ្ញា​ល្អ នៃ​ការរីកចម្រើន​សេដ្ឋកិច្ច​ទេ ។ ក្នុង​របាយការណ៍ Oxfam បន្តថា ក្រុមមនុស្ស​មួយ​ភាគរយ​ក្នុង​ពិភពលោក បាន​ក្ដោប​ក្ដាប់​ទ្រព្យសម្បត្តិ​៨២​ភាគរយ ដែល​កើតឡើង​កាលពី​ឆ្នាំ​២០១៧ ខណៈដែល​ប្រជាពលរដ្ឋ​ក្រីក្រ ស្ទើ​តែ​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​សរុប​ទូទាំង​ពិភពលោក​មិន​ទទួលបាន​អ្វី​ឡើយ​។ Oxfam ចេញ​របាយការណ៍​នេះ​ឡើង ស្រប​ពេលដែល​អ្នកមាន​ទ្រព្យសម្បត្តិ​លើ​ពិភពលោក ត្រៀម​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​



​របាយការណ៍​ថ្មី​ពី​អង្គការ​សប្បុរសធម៌ ដែល​អង្គការ Oxfam ទទួលបាន​នោះ រកឃើញ​ដូចគ្នា​ដែរ​ថា ទ្រព្យសម្បត្តិ​របស់​ក្រុម​មហាសេដ្ឋី កើនឡើង​៦​ដង​លឿន​ជាង​បុគ្គលិក​ធម្មតា ចាប់តាំងពី​ឆ្នាំ​២០១០​។ ហើយ​មហាសេដ្ឋី​ផ្សេងៗ​ទៀត បាន​លេចចេញ​ជា​រូប​រាងរាល់​២​ថ្ងៃ​ម្ដង ចន្លោះ​ពី​ខែមីនា ឆ្នាំ​២០១៦ ដល់​ខែមីនា​ឆ្នាំ​២០១៧​។​

​បន្ថែម​ពីនេះ​អង្គការ Oxfam បានបង្ហាញ​ទិន្នន័យ​ដែល​ខ្លួន​រកឃើញថា ក្រុមមនុស្ស​ដែលមាន​ទ្រព្យសម្បត្តិ​មួយចំនួន បាន​ក្ដោប​ក្ដាប់​ទ្រព្យសម្បតិ​ជាច្រើន ខណៈដែល​មនុស្ស​រាប់រ​យ​លាន​នាក់ កំពុង​តស៊ូ​រស់នៅ​ទាំង​លំបាក​ក្នុង​ភាពក្រីក្រ​។ នាយក​ប្រតិបត្តិ​អង្គការ Oxfam លោក Winnie Byanyima បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖«​ចំនួន​មហាសេដ្ឋី​កើនឡើង មិនមែនជា​សញ្ញា​ល្អ​នៃ​ការរីកចម្រើន​ក្នុង​ផ្នែក​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែ​វាស​ញ្ញា​នៃ​ការបរាជ័យ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​»​។​

​ជាមួយគ្នានេះ​លោក Winnie Byanyima បាន​សង្កត់ធ្ងន់ថា ស្ថានភាព​កម្មករ​ស្ត្រី គឺជា​រឿយៗ​អាច​រកប្រាក់​ចំណូល​តិចជាង​បុរស ហើយក៏​តែងតែ​ទទួលបាន​ការងារ​ដែល​មាន​ប្រាក់ចំណូល​ទាប និង​គ្មាន​សុវត្ថិភាព​។ បើតាម Oxfam ៩​ភាគ​១០ នៃ​មហាសេដ្ឋី គឺជា​បុរស​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ធំៗ​ល្បីឈ្មោះ ចំនួន​៥​ក្នុង​ពិភពលោក គ្រាន់តែ​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ ពួកគេ​អាច​រក​ចំណូល​ស្មើនឹង​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​ប្រទេស​បង់​ក្លា​ដេ​ស រក​ចំណូល​ពេញ​មួយជីវិត​។

«​ប្រជាពលរដ្ឋ​ដែល​បម្រើ​ការងារ​ក្នុង​វិស័យ​សម្លៀកបំពាក់ ដំឡើង​ទូរ​សព្ទ និង​ការដាំដុះ​ផលិតផល​កសិកម្ម​សម្រាប់​ចំណីអាហារ កំពុង​ត្រូវបាន​កេងប្រវ័ញ្ច ដើម្បី​ធានាបាន​ការផ្គត់ផ្គង់​នូវ​តម្លៃ​ទំនិញ​ទាប និង​បង្កើន​ចំណូល​ដល់​ដំណើការ​អាជីវកម្ម​រប​ស់​អ្នកវិនិយោគ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Winnie Byanyima ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​នីមួយៗ​កំណត់​ចំណូល​ម្ចាស់​ភាគហ៊ុន និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ធំៗ និង​បង្រួម​ឲ្យ​តូច​នូវ​គម្លាត​នៃ​ការផ្ដល់ប្រាក់​បៀវត្ស​ដល់​បុគ្គលិក ដោយ​មិនត្រូវ​រើសអើង​ភេទ​។​

​វេទិកា​សេដ្ឋកិច្ចពិភពលោក នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស នៅ​ឆ្នាំ នឹង​លើក​ពី​ប្រធានបទ នៃ​របៀប​«​ចែករំលែក​អនាគត​ក្នុង​ដំណើ​បែកបាក់​ពិភពលោក​»៕

Tag:
 Oxfam
 ​ សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com