ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការសិក្សា​៖ តម​ប្រៃ​អាចជួយ​ជីវិត​យើង​បាន​
26, Jan 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​ទំព័រមុខ​របស់​សារព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​នូវ​ដំណឹង​ល្អ​មួយ​ថា ការកាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ​អាចជួយ​សង្គ្រោះ​ជីវិត​មនុស្ស​យើង​បាន​។ រឿងនេះ​គឺ​ផ្អែកទៅលើ​ការសិក្សា​មួយ​ដែល​ពិនិត្យ​ទៅលើ​ទិន្នន័យ​បាន​ពី​ការសង្កេត​សុខភាព​សម្រាប់​ប្រទេស​អង់គ្លេស របប​អាហារ​ថ្នាក់ជាតិ និង​ជីវជាតិ ព្រមទាំង​ការិយាល័យ​សម្រាប់​ស្រង់​ស្ថិតិ​ថ្នាក់ជាតិ​រវាង​ឆ្នាំ ២០០៣ និង ២០១១ (Health Survey for England, The National Diet and Nutrition Survey, and the Office for National Statistics)​។



​អ្នកស្រាវជ្រាវ​បានជ្រើសរើស​ឆ្នាំ​២០០៣ សម្រាប់​ការចាប់ផ្តើម ដោយសារតែ​នេះ​គឺជា​ពេលវេលា​ដែល​នាយកដ្ឋាន​សុខាភិបាល​ចុះ​យុទ្ធនា​ការណ៍​កម្មវិធី​កាត់បន្ថយ​ជាតិ​ប្រៃ​។ ការ​ញ៉ាំ​ជាតិ​ប្រៃ​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​កាលណា​សម្ពាធ​ឈាម​ខ្ពស់ នឹងធ្វើ​ឲ្យ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​ដែរ​។ ការសិក្សា​នេះ​បាន​ពិនិត្យ​ទៅលើ​ការប្រែប្រួល​ទៅលើ​មធ្យមភាគ​នៃ​ការ​ញ៉ាំ​ប្រៃ សម្ពាធ​ឈាម និង​ការស្លាប់​ដោយសារតែ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​ក្នុង​ពេលវេលា​នេះ​។ ជាមួយគ្នានេះដែរ មធ្យមភាគ​នៃ​សម្ពាធ​ឈាម និង​ការ​ញ៉ាំ​ប្រៃ​មានការ​ថយចុះ​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់  ដូច្នេះ​វា​ក៏​បន្ថយ​ចំនួន​នៃ​ការស្លាប់​ដោយសារតែ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​ដែរ​។

​នៅពេល​អ្នកស្រាវជ្រាវ​គ្រាន់​តែពិនិត្យ​ទៅលើ​អ្នក​ដែល​មិន​ប្រើ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម និង​ថ្នាំ​ផ្សេងៗ​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​សម្ពាធ​ឈាម នៅ​វា​នៅតែ​ជា​រឿង​ដ៏​សំខាន់​មួយ​ក្នុងការ​ថយចុះ​សម្ពាធ​ឈាម​នៅ​ចន្លោះ​ឆ្នាំ ២០០៣ និង ២១១​ដែរ​។

​ការចុះ​សម្ពាធ​ឈាម​អាច​ដោយសារតែ​ការប្រែប្រួល​សុខភាព និង​របៀប​រស់នៅ​ដែល​មិនបាន​រាប់បញ្ចូល​ដែរ​។ មួយវិញទៀត វា​ក៏​អាចទាក់ទង​នឹង​ការរីកចម្រើន​លើ​ការថែទាំ​សុខភាព​និង​ការព្យាបាល​។ យ៉ាងណាមិញ ការសិក្សា​នេះ​មាន​និ​ន្នា​គាំទ្រ​ដល់​ការណែនាំ​សុខភាព​ដែល​តម្រូវ​ឲ្យ​មនុស្ស​យើង​ញ៉ាំ​ជាតិ​ប្រៃ​កុំ​ឲ្យ​ច្រើនជាង ៦​ក្រាម​ក្នុង​មួយថ្ងៃ ឬ​ស្មើនឹង​មួយ​ស្លាបព្រា​កាហ្វេ ដើម្បី​បន្ថយ​ការ​លើស​សម្ពាធ​ឈាម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com