ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចម្អិន​សាច់​ញ៉ាំ​អាចធ្វើ​ឲ្យ​មានការ​ភ្លេចភ្លាំង​ច្រើន​ដែរ​ទេ​?
27, Jan 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា ការ​ចម្អិន​សាច់​ញ៉ាំ​ជា​អាហារ​ប្រហែលជា​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​ភ្លេចភ្លាំង​ច្រើន​។ រឿងនេះ​ធ្វើឡើង​ក្រោយពី​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​របស់​អាមេរិក​ធ្វើ​ទៅលើ​សត្វ​កណ្តុរ និង​មនុស្ស ដើម្បី​ចង់ដឹង​ទៅលើ​សារធាតុ Advanced Glycation End Products (AGEs) ហើយ​ថា​តើ​វា​មាន​ទំនាក់ទំនង​ជាមួយនឹង​ការកើត​អាកា​រៈ​ភ្លេចភ្លាំង និង​ចង្កោម​រោគសញ្ញា Metabolic ឬ​អត់​។



​ការ​ចម្អិន​សាច់​ប្រហែលជា​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​បង្កើតជា​សារធាតុ AGEs ដែល​សារធាតុ​នេះ​ត្រូវបាន​គេ​យល់ថា​ជា ម៉ូលេគុល​អាក្រក់ ព្រោះ​វា​អាច​បង្ក​ជាការ​បំផ្លាញ​ដល់​កម្រិត​កោសិកា ជាពិសេស​ដំណើរការ​មួយ​ឈ្មោះថា​ការធ្វើ​អុកស៊ីតកម្ម​របស់​កោសិកា​តែម្តង​។

AGEs ត្រូវបាន​រាងកាយ​ផលិត​តាមបែប​ធម្មជាតិ​មួយ ប៉ុន្តែ​វា​ក៏មាន​ក្នុង​អាហារ​ដែរ​ដូចជា សាច់ និង​ស៊ុត និង​វិធី​ចម្អិន​អាហារ​ដូចជា ការ​បំពង ចៀន និង​ឆា​ជាដើម​។ អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប​កណ្តុរ​ដែល​ស៊ី​អាហារ​មាន​សារធាតុ​នេះ​ខ្ពស់ និង​កណ្តុរ​ដែល​ស៊ី​អាហារ​មាន​សារធាតុ​នេះ​ទាប​។ សម្រាប់​កណ្តុរ​ចាស់ៗ​ដែល​ស៊ី​អាហារ​មាន​សារធាតុ​នេះ​ខ្ពស់​គឺមាន​ការប្រែប្រួល​ខួរក្បាល ដោយ​កើនឡើង​ចំនួន​ប្រូតេអ៊ីន Amyloid Protein ដែលជា​របស់​សម្គាល់​ដ​ល់​ជំងឺ​ភ្លេចភ្លាំង​ក្នុងពេល​ចាស់ជរា​លើ​មនុស្ស​។ កណ្តុរ​ដែល​ស្ថិតក្នុង​ក្រុម​ដែល​ស៊ី​អាហារ​មាន​សារធាតុ AGE ខ្ពស់​គឺមាន​រោគសញ្ញា​ស្រដៀង​គ្នា​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​ដែរ ដូច​ជាមាន​បញ្ហា​លើ​ការរក្សា​តុល្យភាព​រាងកាយ និង​ប្រើប្រាស់​រាងកាយ​ដែល​ត្រឹមត្រូវ​។ កណ្តុរ​ចាស់ៗ​ដែល​ស៊ី​អាហារ​មាន​សារធាតុ AGE ខ្ពស់​ក៏​ធ្លាប់មាន​ការប្រែប្រួល​របៀប​នៃ​ការរំលាយ​អាហារ ដែល​រឿងនេះ​ជា​លក្ខណៈ​មួយ​របស់​ចង្កោម​រោគសញ្ញា Metabolic លើ​មនុស្ស​ដែរ​។

​បន្ទាប់មក អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​ទៅលើ​មនុស្ស​ប្រមាណ ៩៣​នាក់ ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​។ កាលណា​មនុស្ស​មាន​កម្រិត​នៃ​សារធាតុ AGE ក្នុង​ឈាម​ខ្ពស់​គឺ​ជាប់ទាក់ទង​នឹង​ការថយចុះ​ភាព​ឆ្លាត​វៃ និង​បន្ថយ​ភាព​ទទួលយក​អាំង​ស៊ុយ​លីន​ក្នុង​រយៈពេល ៩​ខែក្រោយ​។ យ៉ាងណាមិញ ក្នុងចំណោម​ពួកគេ​ទាំងអស់​មិនមាន​នរណា​ម្នាក់​កើតមាន​អាកា​រៈ​ភ្លេចភ្លាំង ឬ​ចង្កោម​រោគសញ្ញា Metabolic ឡើយ​។

​សរុបទៅ លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ឲ្យ​ដឹងថា វា​អាចមាន​ទំនាក់ទំនង​មួយ​រវាង​សារធាតុ AGEs ជាមួយនឹង​ភាព​ភ្លេចភ្លាំង និង​ចង្កោម​រោគសញ្ញា Metabolic ថ្វីបើ​អ្នកជំនាញ​បាន​និយាយថា វា​មិនមាន​ចម្លើយ​ណាមួយ​ពិតប្រាកដ​​ក៏ដោយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com