ជាតិ
អាជ្ញាធរ ដកហូតឯកសារមិនប្រក្រតីពីជនជាតិវៀតណាម និងឡាវ ជាង២ម៉ឺននាក់ ក្នុងរយៈពេល២ខែ
× ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានដកហូតឯកសាររដ្ឋបាលមិនប្រក្រតី ពីជនជាតិវៀតណាម និងឡាវ ដែលកំពុងរស់នៅកម្ពុជាចំនួន៦,២៤៤គ្រួសារ ដែលមានមនុស្សសរុបចំនួន ២១,១៦៧នាក់ ក្នុងនោះស្រី ៩,៨២៩នាក់ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ។ នេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ ដែលបានឲ្យដឹងទៀតថា ឯកសារដែលបានដកហូតមានជិត១ម៉ឺនច្បាប់ ដែលមានដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើរខ្មែរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនខ្មែរ។
បើតាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេស ដែលត្រូវបានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី អាចត្រឡប់ទៅប្រទេសដើមវិញ ឬអាចដាក់ពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន៍ ដែលត្រូវបានត្រួតពិនិត្យ និងសម្រេចដោយអាជ្ញាធរកម្ពុជា។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានជូនដំណឹងដល់ជនបរទេសដែលកំពុងតែកាន់កាប់ និងប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីថា ត្រូវចូលរួមសហការជាមួយក្រុមការងារមានសមត្ថកិច្ច ដោយយកឯកសារដើមមកឲ្យសមត្ថកិច្ចដកហូត៕
Tag:
ឯកសារមិនប្រក្រតី
វៀតណាម-ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com