ជាតិ
សមាជិក​ព្រឹទ្ធសភា​អាមេរិក ស្នើ​ឲ្យ​ចាត់វិធានការ​បន្ថែម ដើម្បី​ឲ្យ​កម្ពុជា ក្លាយជា​រដ្ឋ​ឯកោ​
28, Jan 2018 , 5:24 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ)  លោក Ben Cardin និងលោក John McCain  សមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិក
(ពីឆ្វេងទៅស្តាំ) លោក Ben Cardin និងលោក John McCain សមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិក
​ភ្នំពេញ​៖ សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយចំនួន ជំរុញ​ឲ្យ​ដាក់​សម្ពាធ​បន្ថែម មកលើ​រដ្ឋាភិបាល​កម្ពុ​ជា ហើយ​ខិតខំ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ក្លាយជា​ឯកោ​។ អ្នកនាំពាក្យ​គណបក្សកាន់អំណាច តប​វិញ​ថា បំណង​នេះ មិនអាច​បានសម្រេច​ឡើយ ព្រោះ​កម្ពុជា នៅមាន​ប្រទេស​ជាច្រើន​ទៀត ដែល​បន្ត​គាំទ្រ​។



«​សហរដ្ឋអាមេរិក ត្រូវធ្វើ​កិច្ចការ​បន្ថែមទៀត ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា នៅឯ​កោ ហើយបន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​នៃ​ប្រទេស​នេះ ដើម្បី​ឲ្យ​ស្ថានការណ៍ ត្រឡប់​ទៅរក​សភាព​ដើម​វិញ​»​។ នេះ​គឺជា​ការចង់បាន​របស់​លោក John McCain និង លោក Ben Cardin  សមាជិក​ព្រឹទ្ធសភា​ដ៏​លេចធ្លោ​នៃ​សហរដ្ឋអាមេរិក​។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​៦​នាក់​ផ្សេងទៀត ក៏បាន​ចូលរួម​ទាមទារ​ជាមួយ​លោក John McCain និង លោក Ben Cardin  ដែរ​។

​បំណង​របស់​ពួកគេ គឺធ្វើឡើង​តាមរយៈ​​លិខិត​មួយ ដែល​ចុះហត្ថលេខា​រួមគ្នា កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២0១៨ ហើយ​បាន​ផ្ញើ​ទៅកាន់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ដើម្បី​ស្នើ​ឲ្យ​យក​បញ្ហា​ផ្សេងៗ នៅ​ប្រទេស​កម្ពុជា ទៅ​ពិភាក្សា​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​។ លើសពីនេះ ពួកគេ ក៏​ចង់​ឲ្យ​តំណាង​របស់​សហរដ្ឋអាមេរិក សហការ​ជាមួយ​ប្រទេស​នានា​ជា​សម្ព័ន្ធ​មិត្រ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​នៃប្រទេសកម្ពុជា នៅក្នុង​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ដែល​នឹង​បើក​កិច្ចប្រជុំ​នាពេលខាងមុខ​។

​បញ្ហា ដែល​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង​៨​នាក់ យល់ថា បានធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់ចុះ រួមមាន ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ ការមិន​ឲ្យ​ថ្នាក់​ដឹ​កនាំ​១១៨​នាក់​នៃ​គណបក្ស​នេះ ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ការឃុំ​លោក កឹម សុខា ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការបិទ​អង្គការក្រៅរដ្ឋាភិបាល ជាដើម​។​

​លោក សុខ  ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជប​កម្ពុជា ចំអក​ឲ្យ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំងនោះ​ថា ធ្វើ​កិច្ចការ ដោយ​មិនចេះ​មើល​សភាពការណ៍​។ លោក ឆ្លើយតប​ថា បើ​ប្រទេសមួយ មិន​គាំទ្រ​កម្ពុជា ក៏​នៅមាន​ប្រទេស​ជាច្រើន​ទៀត ដែល​នៅ​បន្ត​គាំទ្រ​។ លោក បន្តថា បើ​កម្ពុជា បាត់​ជំនួយ​មួយ នៅមាន​ជំនួយ​១0​ទៀត​ឯណោះ​។

​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បាន​សរសេរ​សារ​ទៅកាន់​អ្នកកាសែត​យ៉ាង​ដូច្នេះ​ថា​៖«​មហិច្ឆតា ដែល​ចង់​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឯកោ ត្រូវ​បរាជ័យ និង​គ្មាន​ប្រសិទ្ធភាព​ឡើយ​»​។​

​ក្នុងចំណោម​សហគមន៍​អន្តរជាតិ សហរដ្ឋអាមេរិក បានចេញ​មុខមាត់​ខ្លាំងជាងគេ ក្នុងការ​ដាក់ទណ្ឌកម្ម​និង​សម្ពាធ​មកលើ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចាប់​លោក កឹម សុខា ដាក់ពន្ធនាគារ​។ សហរដ្ឋអាមេរិក បាន​ផ្តាច់ជំនួយ​លើ​ការបោះឆ្នោត​មក​កម្ពុជា​។ ប្រទេស​មហាអំណាច​មួយ​នេះ ក៏បាន​រឹតបន្តឹង​ក្នុងការ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយចំនួន​ផងដែរ​។

​ចំណែកឯ​សហភាព​អឺ​រុ​ប បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុងការ​ផ្តាច់ជំនួយ​ផ្នែ​ការបោះឆ្នោត មក​ឲ្យ​កម្ពុជា​។ សហភាព​អឺ​រុ​ប ធ្លាប់​ព្រមាន​ថា នឹង​ព្យួរ​ការអនុគ្រោះ​ពន្ធ​ក្នុង​ការនាំ​ផលិតផល​ពី​កម្ពុជា ចូលទៅ​ទីផ្សារ​អឺរ៉ុប​។

​ក្រៅពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប សហគមន៍​អន្តរជាតិ​ផ្សេងទៀត មិនទាន់​ចេញមក​ដាក់​សម្ពាធ​និង​ទណ្ឌកម្ម​ជាក់ស្តែង មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​នោះទេ ដោយ​ពួកគេ គ្រាន់​តែចេញសេចក្តីថ្លែងការណ៍ ដើម្បី​សម្តែង​ការមិន​ពេញចិត្ត ហើយ​ថ្កោលទោស​ប៉ុណ្ណោះ​។

​បច្ចុប្បន្ននេះ ក្រុម​អ្នកនយោបាយ​គណបក្សប្រឆាំង បានរ​ត់ទៅ​ប្រមូល​ផ្តុំគ្នា នៅក្រៅ​ប្រទេស ដើម្បី​តស៊ូ និង​ធ្វើ​ចលនា​តាម​រូបភាព​ផ្សេងៗ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ត​ចាត់វិធានការ​ជាក់ស្តែង មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។ ថ្មីៗ​នេះ លោក សម រង្ស៊ី រួមទាំង​សហការី បានរួម​គ្នា​បង្កើត​ចលនា​សង្គ្រោះ​ជាតិ នៅក្រៅ​ប្រទេស ដើម្បី​បន្ត​ការទាមទារ​របស់ខ្លួន​។ បំណង​របស់​ពួកគេ គឺ​ចង់​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ ដើម្បី​ចូលរួម​ក្នុងការ​បោះឆ្នោត នៅ​ឆ្នាំ​២0១៨​។

​យ៉ាងណា​ក៏ដោយចុះ ភាគី​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច បានប្រកាស​ជា​ញឹកញាប់​ហើយ​ថា គណបក្សប្រឆាំង មិនអាច​រស់​ឡើងវិញ​ឡើយ​។ រដ្ឋាភិបាល និង​គណបក្សកាន់អំណាច ក៏​មិន​ខ្វល់​ដែរ ចំពោះ​ការដាក់ទណ្ឌកម្ម ឬ​ការមិនទទួលស្គាល់​នូវ​ការបោះឆ្នោត ពី​សហគមន៍​អន្តរជាតិ​៕   


Tag:
 អាមេរិក​
  កម្ពុជា​
  ទណ្ឌកម្ម​)
© រក្សាសិទ្ធិដោយ thmeythmey.com