ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចលនា​សង្គ្រោះ​ជាតិ​ប្រកាស​ខ្លួន​ជា​ផ្លូវការ ទោះ​រង​ការព្រមាន​ពី​ក្រុម​មេទ័ព​និង​មន្ត្រីជាន់ខ្ពស់​នៅ​កម្ពុជា​
29, Jan 2018 , 12:32 pm        
រូបភាព
លោក សម រង្ស៊ី អតីតប្រធានបក្សសង្គ្រោះជាតិ នៅក្នុងពិធីប្រកាសសុពលភាពចលនាសង្គ្រោះជាតិ
លោក សម រង្ស៊ី អតីតប្រធានបក្សសង្គ្រោះជាតិ នៅក្នុងពិធីប្រកាសសុពលភាពចលនាសង្គ្រោះជាតិ
​ភ្នំពេញ​៖ ទោះជា​មានការ​គំរាម​ផ្ទួនៗ​ពី​អាជ្ញាធរ និង​អ្នកនយោបាយ​នៃ​គណបក្សកាន់អំណាច​ក៏ដោយ ក៏​ទីបំផុត​ចលនា​សង្គ្រោះ​ជាតិ​ដែល​បង្កើតឡើង​ពី​ក្រៅប្រទេស ដោយ​ក្រុម​អ្នកនយោបាយ​ខាង​ប្រឆាំង នៅតែហ៊ាន​ប្រកាស​សុពលភាព​របស់ខ្លួន​ជា​ផ្លូវការ ដើម្បី​បន្ត​ការទាមទារ និង​សកម្មភាព តស៊ូ​។ មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល​កម្ពុជា និង​គណបក្សកាន់អំណាច បានចាត់ទុក​ចលនា​នេះ ថា​ជា​ក្រុម​ឧទ្ទាម ហើយ​ស្ថិត​នៅក្រៅ​ប្រព័ន្ធ​ច្បាប់​។



​ក្រុម​អ្នកនយោបាយ​ខាង​ប្រឆាំង ដែល​កំពុង​ប្រមូល​ផ្តុំគ្នា​នៅ​ឯនាយសមុទ្រ នៅតែ​បន្ត​ចូលរួម​សកម្មភាព ក្នុង​ចលនា​សង្គ្រោះ​ជាតិ​ដដែល ដោយ​ពួកគេ​ហាក់​មិន​ញញើត នឹង​ការ​គំរាម​ផ្លូវច្បាប់ និង​ការ​កម្ចាត់​ពី​សំណាក់​មេទ័ព និង​មេ​នគរបាល​កម្ពុជា​នោះទេ​។ ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា នៃ​សហរដ្ឋអាមេរិក នា​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨​នេះ ក្រុម​អ្នកនយោបាយ​ប្រឆាំង ដោយមាន​លោក សម រង្ស៊ី ជា​អធិបតី បានរៀបចំ​ពិធី​ប្រកាស​សុពល​ភាពជា​ផ្លូវការ នៃចលនា​សង្គ្រោះ​ជាតិ​​។ សមាជិក និង​អ្នកគាំទ្រ​ជាច្រើន​នាក់ បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​សុពលភាព នៃ​ចលនា​នេះ​។  
 
​ចាប់តាំងពី​ចលនា​សង្គ្រោះ​ជាតិ ​ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៨​មក ការព្រមាន​ពី​សំណាក់​ស្ថាប័ន​គ្រប់គ្រង​កម្លាំងប្រដាប់អាវុធ និង​គណបក្សកាន់អំណាច បានកើត​ឡើងជា​ហូរហែ​។ កងកម្លាំងប្រដាប់អាវុធ​នៅ​កម្ពុជា បានបង្ហាញ​ការប្រុងប្រយ័ត្ន​ជានិច្ច ចំពោះ​ចលនា​ថ្មី​របស់​ក្រុមប្រឆាំង​នេះ​។  
 
​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានប្រកាស​ខ្លាំងៗ​ថា កងទ័ព​នឹង​កម្ទេច​ចលនា​សង្គ្រោះ​ជាតិ ប្រសិនបើ​ចលនា​នេះ  បង្ក​ឲ្យ​មាន​អំពើហិង្សា​ក្នុងប្រទេស​កម្ពុជា​។ រដ្ឋមន្ត្រី ដែល​កាន់កាប់​ស្ថាប័នកង​ទ​ព័​រូបនេះ សង្កត់ធ្ងន់ៗ​ថា កងទ័ព​បាន​ត្រៀមកម្លាំង​រួចរាល់​ហើយ ដើម្បី​ទប់ទល់​នឹង​ចលនា​នេះ​។ 
 
​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ នៃ​កងរាជអាវុធហត្ថ​ប្រចាំឆ្នាំ​២០១៧ ដែល​រៀបចំ​នៅ​ទីប​ញ្ជា​ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៨ ប្រមុខ​ការពារជាតិ​រូបនេះ បាន​និយាយ​យ៉ាង​ម៉ឺងម៉ាត់​ថា​៖«​ចលនា​សង្គ្រោះ​ជាតិ ថា​រៀបចំ​ឲ្យ​មាន​ហិង្សា​នៅ​កម្ពុជា​។ ដូច្នេះ​ត្រៀម​ឲ្យ​ហើយ​ទៅ បើ​ឃើញ​រៀបចំ​បង្កើត​អំពើហិង្សា យើង​ដាក់​មុន​ហើយ​»​។ 
 
​ក្រោយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថ្លែង​បែបនេះ​ចប់ លោក សៅ សុខា ដែលជា​មេបញ្ជាការ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស ក៏​ឡើង​ថ្លែងបន្ត ដោយ​លោក ហៅ​ចលនា​សង្គ្រោះ​ជាតិ ថា​ជា​សកម្មភាព​ភេ​វរ​កម្ម​។  លោក អះអាងថា កងរាជអាវុធហត្ថ ត្រូវ​ត្រៀមខ្លួន​ដើម្បី​ទប់ស្កាត់ ដោយ​មិន​បណ្តោយ​ឲ្យ​ចលនា​នេះ ធ្វើ​សកម្មភាព​លើ​ទឹកដី​កម្ពុជា​តាម​អំពើ​ចិត្ត​ឡើយ​។ 
 
​រីឯ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ក៏​ចេញមុខ​ព្រមាន​ចលនា​សង្គ្រោះ​ជាតិ​ដែរ​។ ថ្លែង​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​២៧ ខែ មករា ឆ្នាំ​២០១៨ អគ្គមេបញ្ជាការ​កងទ័ព​រូបនេះ បាន​ផ្ញើ​សារ​ទៅកាន់​ក្រុម​អ្នកប្រឆាំង​នៅក្រៅ​ប្រទេស​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងនាម​ជា​កងយោធពល​ខេមរភូមិន្ទ យើង​ត្រូវតែ​ប្រឆាំង និង​កម្ចាត់​ចោល​ភ្លាម ចំពោះ​ចលនា​សង្គ្រោះ​ជាតិ ដែលមាន​បំណង​បំផ្លិចបំផ្លាញ​សន្តិភាព និង​សុខដុមរមនា​របស់​ប្រជាជន​កម្ពុជា​»​។​
 
​ចលនា​សង្គ្រោះ​ជាតិ ក៏បាន​រង​នូវ​ការព្រមាន​ពី​កម្លាំង​គរ​បាល​ផងដែរ​។ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​គ្រប់គ្រង​កម្លាំង​នគរបាល បាន​អះអាងថា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ រាប់​ចាប់តាំងពី​លោក សម រង្ស៊ី រួមទាំង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់ ដោយសារតែ​ចូលរួម​ក្នុង​ចលនា​នេះ​។ មែន​ទែ​ទៅ សូម្បីតែ​លោក កឹម សុខា ដែល​ប្រកាស​មិន​ចូលរួម​ក្នុង​ចលនា​នេះ អាច​នឹង​មានទោស​ដូចគ្នា​។ 
 
​ធ្វើជា​អធិបតី ក្នុង​ពី​ធី​បូកសរុប​ការងារ​ឆ្នាំ​២០១៧ នៅ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ ២០១៨ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បានលើកឡើង​បែបនេះ​ថា​៖«​ចូលរួម ឫ​មិន​ចូលរួម​ក៏ដោយ ក៏​ខុសច្បាប់​ដូច​តែ​គ្នា​ទេ​»​។ 
 
​លើសពីនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នក​ដែល​ចូលរួម​បង្កើត​ចលនា​នេះ ច្បាស់​ជា​គេច​មិន​ផុតពី​ពន្ធនាគារ​នោះទេ ឲ្យ​តែ​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​។ លោក ខៀវ សុភ័គ បង្ហើប​ថា ប្រសិនបើ​ក្នុង​កាលៈទេសៈ​ណាមួយ ដែល​មើលទៅ​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​នៅ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​កម្ពុជា អាច​នឹង​ស្នើ​ធ្វើ​បត្យាប័ន ដើម្បី​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា បញ្ជូន​អតីត​អ្នកនយោបាយ ដែល​ចូលរួម​ក្នុង​ចលនា​នេះ មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​នៅ​កម្ពុជា​។​
 
​ក្រៅពី​មេទ័ព និង​មេ​នគរបាល អ្នកនយោបាយ​ខាង​គណបក្សកាន់អំណាច ក៏​ប្រតិកម្ម​នឹង​ចលនា​សង្គ្រោះ​ជាតិ​ដែរ​។ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញមុខ​ច្រើនលើកច្រើនសារ​ជាងគេ ក្នុងការ​វាយប្រហារ និង​ការរិះគន់​ចលនា​សង្គ្រោះ​ជាតិ​។ 
 
​ក្នុងចំណោម​សារ​ជាច្រើន សារ​មួយ​ដែល​លោក សុខ ឥសាន បាន​សរសេរ​ទៅកាន់​អ្នកកាសែត​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម មានន័យ​បែប​ចំអក​ថា អតីត​ក្រុម​អ្នកប្រឆាំង បាន​បរាជ័យ​ផ្ទួនៗ ក្នុង​ការរត់​ទៅ​ឱបដៃ ឱប​ជើង​បរទេស ហើយក៏​ទាល់ច្រក ទើប​បណ្តាល​ឲ្យ​មានគំនិត​បង្កើត​ចលនា​នេះ​ឡើង ដើម្បី​បំភាន់​សាធារណជន​ថា ក្រុម​ខ្លួន​នៅតែ​ខ្លាំង និង​អាច​ត្រឡប់មក​កម្ពុជា​វិញ​។ បន្ទាប់មក លោក​ក៏​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា មានលទ្ធភាព​គ្រប់គ្រាន់​និង​ពេញសិទ្ធិ ក្នុងការ​ចាត់វិធានកា​រ ចំពោះ​អង្គការ​ចាត់តាំង​ក្រៅច្បាប់​បែបនេះ​។ 
 
​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ យល់ឃើញ​ដូច្នេះ​ថា​៖«​ការបង្កើត​អង្គការ​ចាត់តាំង​ខុសច្បាប់ គឺ​គ្មាន​ការគាំទ្រ​ពី​ប្រជាជន​និង​មជ្ឈដ្ឋាន​ខាងក្រៅ​ឡើយ​។ [​តែ​ផ្ទុយទៅវិញ​] កាន់តែ​បន្ថែម​ទម្ងន់ទោស​ដាក់ខ្លួន​...»​។ 
 
​លោក សម រង្ស៊ី ដែលជា​មនុស្ស​បង្គោល ក្នុងការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ បាន​បកស្រាយ​ថា បំណង​ធំ​បំផុត​នៃ​ចលនា​នេះ គឺ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អ្នកទោសនយោបាយ​ផ្សេងទៀត រួមទាំង​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ អាចធ្វើ​សកម្មភាព​តាមផ្លូវ​ច្បាប់​ឡើងវិញ ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​។ លោក បញ្ជាក់ថា នៅពេល​បំណង​ទាំងនេះ​ទទួលបាន​ជោគជ័យ ចលនា​សង្គ្រោះ​ជាតិ នឹង​រំលាយចោល​ដោយ​ខ្លួនឯង​តែម្តង​៕ 

Tag:
 ចលនា​សង្គ្រោះ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com