ជាតិ
នយោបាយជាតិ
គណបក្សសិទ្ធិមនុស្ស ដែលបង្កើតដោយលោក កឹម សុខា ប្រកាសរំលាយខ្លួនឯង លោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស
× ភ្នំពេញ៖ គណបក្សសិទ្ធិមនុស្ស ដែលបង្កើតឡើងកាលពីឆ្នាំ២០០៧ដោយលោក កឹម សុខា បានសម្រេចរំលាយខ្លួនចោល ចាប់ពីថ្ងៃនេះតទៅ។ នេះបើតាមលិខិត ដែលលោក សឺន ស៊ូបែរ្តិ៍ ប្រធានគណបក្សសិទ្ធិមនុស្ស បានផ្ញើទៅកាន់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លិខិតនោះ ត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក កឹម សុខា។ លោក សឺន ស៊ូបែរ្តិ៍ ប្រាប់សារព័ត៌មានថ្មីៗថា គណបក្សសិទ្ធិមនុស្ស ពិតជាបានរំលាយខ្លួនចោលមែន ហើយក៏បានជូនដំណឹងទៅកាន់សម្តេច ស ខេង។
លោក សឺន ស៊ូបែរ្តិ៍ លើកឡើងថា ការរក្សាទុកគណបក្សសិទ្ធិមនុស្សនាពេលកន្លងមក គឺដោយសារតែសមាជិកមួយចំនួន ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅមានឈ្មោះជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ នៃគណបក្សសិទ្ធិមនុស្ស។ លោក បន្ថែមថា ពេលនេះ សមាជិកទាំងនោះ បានទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិអស់ហើយ កាលពីបោះឆ្នោតឃុំ សង្កាត់ នីតិកាលទី៤ ដូច្នេះហើយទើបគណបក្សសិទ្ធិមនុស្ស សម្រេចរំលាយខ្លួនចោលតែម្តង។ លោក បញ្ជាប់បែបនេះថា៖«ឥឡូវ គណបក្សសិទ្ធិមនុស្ស គ្មានតួនាទីអ្វី ដែលត្រូវទុកទៀតទេ»។
គណបក្សសិទ្ធិមនុស្ស គឺជាគណបក្សចាស់របស់លោក កឹម សុខា។ ចាប់តាំងពីលោក កឹម សុខា រួបរួមជាមួយលោក សម រង្ស៊ី គណបក្សសិទ្ធិមនុស្សនេះ ក៏ទុកចោល ដោយមិនធ្វើសកម្មភាពអ្វីឡើយ។ ឯគណបក្ស សម រង្ស៊ី ដែលជាគណបក្សចាស់របស់លោក សម រង្ស៊ី ក៏មិនធ្វើសកម្មភាពអ្វីដែរ។
គណបក្សសង្គ្រោះជាតិ ដែលកើតឡើងពីការរួបរួមរវាងលោក សម រង្ស៊ី និងលោក កឹម សុខា បានកើនប្រជាប្រិយភាពយ៉ាងខ្លាំង រហូតដល់ទទួលបានអាសនៈក្នុងរដ្ឋសភាចំនួន៥៥ និងអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាង៥០០០ឯណោះ។ ប៉ុន្តែជាអកុសល គណបក្សសង្គ្រោះជាតិ ក៏ត្រូវបានរំលាយចោល កាលពីចុងឆ្នាំ២០១៧ ហើយអាសនៈទាំងអស់នៃគណបក្សនេះ ត្រូវយកទៅបែងចែកឲ្យគណបក្សដទៃ។ ចំណែកឯ ស្ថាបនិកទាំងពីរ ក៏ត្រូវបែកគ្នា ដោយលោក កឹម សុខា ត្រូវបានចាប់ខ្លួនពីទោសក្បត់ជាតិ ហើយលោក សម រង្ស៊ី ដែលរងបណ្តឹងជាច្រើនពីសំណាក់មេដឹកនាំគណបក្សកាន់ណាច ក៏ត្រូវនិរទេស ដើម្បីគេចពីចំណាត់ការតុលាការ៕
© រក្សាសិទ្ធិដោយ thmeythmey.com