ជាតិ
រកឃើញត្មាតភ្លើងជិតផុតពូជ៣សំបុកនៅដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ
× ព្រះវិហារ៖ សត្វត្មាតភ្លើង ចំនួន ៣ សំបុក ដែលជាប្រភេទរងគ្រោះ និងជិតផុតពូជបំផុតនៅលើពិភពលោក ត្រូវបានក្រុមអ្នកអភិរក្សរបស់ក្រសួងបរិស្ថាន អង្គការសមាគមអភិរក្សសត្វព្រៃនៅកម្ពុជា (WCS) និងសហគមន៍ រកឃើញនៅក្នុងដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ។ បើតាម WCS ការរកឃើញសំបុកនេះ គឺជាក្តីសង្ឃឹមដ៏ធំមួយ ដើម្បីអភិរក្សសត្វត្មាតប្រភេទនេះ កុំឲ្យបាត់បង់នៅពេលខាងមុខ។
ចំនួនសត្វត្មាតនៅលើសកលលោក មានការធ្លាក់ចុះខ្លាំងគួរឲ្យព្រួយបារម្ភ។ នៅកម្ពុជា មានសត្វត្មាតមានចំនួន ៣ប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។ សត្វត្មាតទាំង៣ប្រភេទនេះ ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុតលើសកលលោក។ សត្វត្មាតទាំង៣ប្រភេទនៅកម្ពុជានេះ មានចំនួនពី២០០ ទៅ ៣០០ក្បាលប៉ុណ្ណោះ ដែលជាចំនួនច្រើនគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
អ្នកយាមសំបុកត្មាតភ្លើង លោក ស៊ឹង សាំង បាននិយាយថា លោកពេញចិត្តនឹងការងារយាមសំបុកសត្វត្មាតនេះណាស់ ពីព្រោះវាជួយឲ្យលោកអាចរកប្រាក់ចំណូល ដើម្បីជួយគ្រួសារ និងអាចថែរក្សាសត្វត្មាតដែលកម្រនាពេលបច្ចុប្បន្ន។ លោក ស៊ឹង សាំង បានចំណាយពេលយាមសំបុកវាជាប្រចាំ ដើម្បីការពារពីហានិភ័យនានា។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WCS សត្វត្មាតយ៉ាងតិច ៣០ ក្បាលនៅកម្ពុជា ត្រូវបានគេសម្លាប់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដោយសារការប្រើប្រាស់ថ្នាំពុលដាក់តាមត្រពាំង ក្នុងព្រៃ ដើម្បីចាប់សត្វស្លាប។ ជាមួយគ្នានេះ ការកើនឡើងនៃការបាត់បង់ព្រៃឈើ និងការផ្លាស់ប្តូរដីព្រៃ តាមរយៈដីសម្បទានសេដ្ឋកិច្ច បានជះឥទ្ធិពលដល់ការបាត់បង់ទីជម្រកពងកូន និងកាត់បន្ថយប្រភេទសត្វជាចំណីរបស់ហ្វូងត្មាតផងដែរ។
លោក តាន់ សុផាន់ មន្ត្រីសម្របសម្រួលគម្រោងអភិរក្សសត្វត្មាតរបស់អង្គការ WCS ប្រចាំដែនជម្រកសត្វព្រៃឆែប បានលើកឡើងថា ត្មាតភ្លើងគឺជាប្រភេទដ៏កម្របំផុតនៅកម្ពុជា ហើយចំនួនរបស់ពួកវាមានតិចតួចណាស់នាពេលបច្ចុប្បន្ននេះ និងប្រឈមខ្ពស់នឹងការផុតពូជនៅពេលខាងមុខដ៏ខ្លី។ មន្ត្រីសម្របសម្រួលរូបនេះ បន្ថែមថា ក្រៅពីកម្មវិធីការពារសំបុក ក្រុមអភិរក្សក៏បានរៀបចំជាអាហារដ្ឋានត្មាតដើម្បីផ្តល់ចំណីឲ្យពួកវាជារៀងរាល់ខែ។
សូមបញ្ជាក់ថា អាហារដ្ឋានត្មាត គឺជាទីកន្លែង ដែលបង្កើតឡើងដើម្បីផ្តល់ចំណីបន្ថែមដល់ហ្វូងសត្វត្មាតនៅកម្ពុជា។ អាហារដ្ឋាននេះ គឺជាកិច្ចសហការរួមគ្នារវាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងអង្គការអភិរក្សជាច្រើន។ អាហារដ្ឋាននេះ បានចូលរួមលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃតំបន់នេះសម្រាប់ការថែរក្សាតំបន់ការពារនេះ និងសុខភាពមនុស្ស៕
Tag:
ត្មាតភ្លើង
ដែនជម្រកសត្វព្រៃឆែប
ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com