ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ត្រូវបាន​នាំខ្លួន​មក​ចូលរួម​សវនាការ​នៅ​ព្រឹក​នេះ​
01, Feb 2018 , 8:36 am        
រូបភាព
រូបភាព៖ សមត្ថកិច្ចបានដាក់របាំងការពារ នៅជុំវិញសាលាឧទ្ធរណ៍ ខណៈសវនាការដែលមានវត្តមានលោក កឹម សុខា កំពុងដំណើរការនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២0១៨
រូបភាព៖ សមត្ថកិច្ចបានដាក់របាំងការពារ នៅជុំវិញសាលាឧទ្ធរណ៍ ខណៈសវនាការដែលមានវត្តមានលោក កឹម សុខា កំពុងដំណើរការនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២0១៨
ដោយ:
ភ្នំពេញ​៖ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ពន្ធនាគារ​ជិត​៥​ខែ​មកហើយ​នោះ កំពុងស្ថិតក្នុងបន្ទប់​សវនាការ​នៃ​សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២0១៨​នេះ​។ សមត្ថកិច្ច ដឹក​លោក មក​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ មកកាន់​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​នេះ​។


 
​ក្រុម​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ក៏​ចូលរួម​សវនាការ​ដែរ​។ ការបើក​សវនាការ​រ​បស់​សាលាឧទ្ធរណ៍ គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​សុំ​ឲ្យ​លោក កឹម សុខា រស់នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ មុន​ឈានដល់​សាលាឧទ្ធរណ៍ ក្រុម​មេធាវី ធ្លាប់​ស្នើ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ម្តង​រួចមកហើយ ប៉ុន្តែ ត្រូវបាន​ច្រានចោល​។ 
 
​នេះ ជា​លើកទីមួយ​ហើយ ដែល​លោក កឹម សុខា នឹង​ត្រូវបាន​នាំខ្លួន​ឲ្យ​ចូលរួម​ក្នុង​សវនាការ ដើម្បី​តតាំង​តាមផ្លូវ​ច្បាប់​។ កន្លងមក​តុលាការ តែង​បើកសវនាការ ដោយ​គ្មាន​វត្តមាន​របស់លោក កឹម សុខា​។ 
 
​បច្ចុប្បន្ន លោក កឹម សុខា  បាន​ស្ថិតនៅក្រោម​ការសង្ស័យថា ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ព្រោះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ជាសម្ងាត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ សមត្ថកិច្ច​និង​តុលាការ ពឹង​ផ្អែកលើ​វីដេអូ​ឃ្លី​ប​មួយ ដែល​លោក កឹម សុខា បាន​ថ្លែង​សារ​នយោបាយ​ទៅកាន់​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។ ក្នុង​វីដេអូ​ឃ្លី​ប​នោះ លោក កឹម សុខា បាន​លើកឡើងថា លោក មាន​អ្នកជំនាញ​ដែលជា​ជនបរទេស​នៅ​ពីក្រោយ ដើម្បី​ជ្រោមជ្រែង​ក្នុងការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​កម្ពុជា​។ 
 
​ក្រោយ​វីដេអូ​ឃ្លី​ប​ខាងលើ បាន​បែកធ្លាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សមត្ថកិច្ច ក៏បាន​នាំគ្នា​ចុះទៅ​ចាប់​លោក កឹម សុខា ដល់​គេហដ្ឋាន​តែម្តង កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ ភ្លាមៗ​បន្ទាប់ពី​ចាប់ខ្លួន សមត្ថកិច្ច ក៏​ដឹក​លោក ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​៕
 

Tag:
 តុលាការ​
  កឹម សុខា​
  មេធាវី​
© រក្សាសិទ្ធិដោយ thmeythmey.com