ជាតិ
អ្នក​ប្រមាថ​ព្រះមហាក្សត្រ នឹងត្រូវ​ជាប់ពន្ធនាគា​រ​ពី ១ ទៅ ៥​ឆ្នាំ​
02, Feb 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ បុគ្គលណា ដែល​ប្រមាថ​ព្រះមហាក្សត្រ នឹងត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី ១ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០លាន​រៀល​។ នីតីបុគ្គល ដែល​សំដៅលើ​អង្គភាព ស្ថាប័ន អង្គការ ឬ​ក្រុមហ៊ុន ជាដើម អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​ផ្សេងៗ​ទៀត ក្នុងករណី​ប្រមាថ​ព្រះមហាក្សត្រ​។



​ខ្លឹមសារ​ថ្មី​នេះ ទើបនឹង​ត្រូវបាន​តាក់​តែង​ឡើង​ដោយ​រដ្ឋាភិបាល ដើម្បី​បញ្ចូល​ទៅក្នុង​ក្រមព្រហ្មទណ្ឌ​។ កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​មន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្តទៅ​ក្រោម​ការដឹកនាំ​របស់​សម្តេច ហ៊ុន សែន បានអនុម័ត​រួចហើយ ចំពោះ​ខ្លឹមសារ​ថ្មី​នេះ​។ យ៉ាងណា ខ្លឹមសារ​ថ្មី​ខាងលើ នឹង​ក្លាយជា​ច្បាប់ ឬ​មាត្រា​ថ្មី​ក្នុង​ក្រមព្រហ្មទណ្ឌ ហើយ​ដាក់​ឲ្យ​អនុវត្ត​ទៅបាន លុះត្រាតែ​ស្ថាប័ន​នីតិបញ្ញត្តិ អនុម័ត ហើយ​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម ប្រកាស​ឲ្យ​ប្រើប្រាស់​ជាមុនសិន​។ 

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរសេរ​សា​រលើ​គណនី​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​អំពើ​ប្រមាថ​ព្រះមហាក្សត្រ ត្រូវ​កំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ​។ [​ការតាក់តែង​ច្បាប់​បែបនេះ​] គឺ​ដើម្បី​លើកស្ទួយ និង​ការពារ​ព្រះ​ចេស្ដា និង​ព្រះកិត្តិនាម​របស់​ព្រះមហាក្សត្រ​»​។

អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ បន្តថា តាម​ការសិក្សា​ស្រាវជ្រាវ​ពី​ច្បាប់​នៅ​បណ្ដា​ប្រទេស​រាជានិយម​មួយចំនួន អំពើ​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ ទោះបី​តាម​រូបភាព​ណាក៏ដោយ ត្រូវបាន​ចាត់ទុកជា​ប​ទ​ឧក្រិដ្ឋ ឬជា​បទមជ្ឈិម ដែល​ត្រូវ​ផ្ដន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​។​

​ក្រម​ព្រហ្មទណ្ឌបច្ចុប្បន្ន បានចែង​អំពី​ទោស នៃ​ការធ្វើឃាត ការធ្វើ​ទារុណកម្ម និង​ការប្រព្រឹត្ត​អំពើហិង្សា ជាដើម លើ​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​។ ប៉ុន្តែ ការដាក់ទោស ដោយសារ​ការប្រមាថ​ព្រះមហាក្សត្រ មិនទាន់​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ឡើយ​។

​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែងថា ព្រះមហាក្សត្រ ជា​ព្រះប្រមុខរដ្ឋ​មួយជីវិត ដោយ​មិនអាច​នរណា រំលោភបំពាន​បានឡើយ​៕


Tag:
 ព្រះមហាក្សត្រ​
  ច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com