ជាតិ
សិល្បះ
រថយន្ដ​តន្ត្រី​ទិព្វ យក​ខេត្ត​ឆ្ងាយៗ​ជា​គោលដៅ​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​បុរាណ​
03, Feb 2018 , 8:19 pm        
រូបភាព
រូបភាពពី Cambodian Living Arts (CLA)
រូបភាពពី Cambodian Living Arts (CLA)
​ភ្នំពេញ​៖ ដោយ​បារម្ភ​ខ្លាច​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ត្រូវ​បាត់បង់  ក្រុម​រថយន្ត​តន្ត្រី​ទិព្វ បានកំណត់​យក​បណ្តា​ខេត្ត ពិសេស​ខេត្ត​ឆ្ងាយៗ ជា​គោលដៅ​ចម្បង​ផ្សព្វផ្សាយ​ឧបករណ៍​ភ្លេង​ទាំងនោះ ទៅកាន់​បណ្ដា​ខេត្ត​ជាច្រើន ជាពិសេស​នៅ​តំបន់​ឆ្ងាយៗ​។​

 
​សហ​ស្ថាបនិក​រថយន្ត​តន្ត្រី​ទិព្វ​អ្នកស្រី ថន សី​ម៉ា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រុម​រថយន្ត​តន្ត្រី​ទិព្វ មាន​គោលដៅ​ធំ​បំផុត​គឺ​ផ្សព្វផ្សាយ​ទម្រង់​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ ទៅដល់​ប្រជាជន​នៅតាម​បណ្ដា​ខេត្ត​ឆ្ងាយៗ​ឱ្យ​ពួកគេ​បាន​ស្គាល់​ផង និង​ចូលរួម​ថែរក្សា​ផង​។ លើសពីនេះ បណ្តា​ខេត្ត​ឆ្ងាយៗ​ទាំងនោះ ក៏មាន​គោលដៅ​ស្រាវជ្រាវ​ឧបករណ៍​ភ្លេង​កម្រៗ​ផងដែរ​។ អ្នកស្រី សី​ម៉ា​បញ្ជាក់ ៖«​យើង​ពិតជា​ព្រួយបារម្ភ​មែន ពេល​យើង​យក​ឧបករណ៍​ភ្លេង​ទៅលេង​នៅតាម​បណ្ដា​ខេត្ត អ្នក​នៅ​ទីនោះ​មិន​ស្គាល់​ថា​ជា​ឧបករណ៍​អ្វី សូម្បីតែ​ជា​របស់​ខ្មែរ ឬ​មិនមែន​ក៏​គាត់​មិនដឹង​។ ដូច្នេះ​បាន​យើង​ព្យាយាម​ផ្សព្វផ្សាយ ឱ្យ​ពួកគាត់​បាន​ស្គាល់​»​។ 

  
 
​ក្រៅពីនេះ ក្រុម​រថយន្ត​តន្ត្រី​ទិព្វ ក៏​បារម្ភ​ទៅលើ​កង្វះខាត​ថវិកា​ដែរ ដោយសារ​កន្លងមក​គឺ​ទទួលបាន​ជំនួយ​ពី​អាមេរិក ហើយ​រាល់​សកម្មភាព គឺ​មានតែ​ចំណាយ គ្មាន​ចំណូល​នោះទេ​។ «​បើ​មិនមាន​ជំនួយ​បន្ត​ក្រុម​នេះ​អាច​នឹងមាន​វិបត្តិ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ថន សី​ម៉ា ដែល​បាន​បន្ត​ស្នើ​ដល់​យុវជន ឲ្យ​រួមគ្នា​គាំទ្រ និង​ថែរក្សា​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​ឱ្យបាន​គង់វង្ស​។​
 
​តាម​សហ​ស្ថាបនិក​ដដែល រថយន្ត​តន្ត្រី​ទិព្វ​ធ្លាប់បាន​ផ្សព្វផ្សាយ​ឧ​បរ​ណ៍​ភ្លេងខ្មែរ​ជាង​៣០ ប្រភេទ​រួចហើយ ទៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​។  បច្ចុប្បន្ន រថយន្ត​តន្ត្រី​ទិព្វ​ស្រាវជ្រាវ​បាន​អ្នកចេះ​ឧបករណ៍​២​ទៀត គឺ​គែន និង​ភ្លយ​បន្ថែមទៀត ហើយ​ក្រុម​រថយន្ត​តន្ត្រី​ទិព្វ នឹង​នឹង​បើក​ថ្នាក់​បង្រៀន​ឧបករណ៍​គែន​ដល់​ក្មេងៗ នៅក្នុង​ខេត្តឧត្ដរមានជ័យ និង​ថ្នាក់​បង្រៀន​ឧបករណ៍​ភ្លយ នៅ​តំបន់​អា​រ៉ែ​ង​។  
 
​លោក យឹ​ង យ​ន សិល្បករ​មួយរូប​ក្នុង​ក្រុម​រថយន្ត​តន្ត្រី​ទិព្វ បាន​បញ្ជាក់ថា លោក​ចូលរួម​ជាមួយ​រថយន្ត​តន្ត្រី​ទិព្វ ដោយសារតែ​ចូលរួម​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​បុរាណ ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជួយ​ដល់​សិល្បករ​បុរាណ​មួយចំនួន ឱ្យមាន​ការងារ​ធ្វើ​ផងដែរ​។​

  
 
​លោក ម៉ុ​ន ហៃ  តន្ត្រីករ​ឧបករណ៍​គែន​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​រថ​យន្ត​តន្ត្រី​ទិព្វ​ជិត​៥​ឆ្នាំ​មកហើយ​នោះ កត់សម្គាល់ថា​ពលរដ្ឋ​ខ្មែរ​មួយចំនួន បាន​យល់ច្រឡំ​ថា គែន ជា​ឧបករណ៍​របស់​ប្រទេស​ដទៃ​។ ខណៈដែល​ពលរដ្ឋ​ខ្មែរ​យល់ច្រឡំ ប៉ុន្តែ​ប្រជាជន​នៅ​ខេត្ត​សុ​រិ​ន្ទ្រ នៅ​រក្សាបាន​យ៉ាង​ល្អ​។ នេះ​បើតាម លោក ម៉ុ​ន ហៃ ដែល​លោក បន្តទៀតថា​ជិត​៥​ឆ្នាំ លោក បាន​ផ្សព្វផ្សាយ​ឧបករណ៍​គែន​នេះ នៅតាម​បណ្ដា​ខេត្ត​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​។ 

  
 
​ក្រុម​រថយន្ត​តន្ត្រី​ទិព្វ បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១៣ មាន​សមាជិក​ដំបូង​៥​នាក់ មាន​ទាំង​សិល្បករ និង​តន្ត្រីករ​។ នៅពេល​ថ្មីៗ​នេះ ក្រុម​រថយន្ត​តន្ត្រី​ទិព្វ បាន​សហការ​ជាមួយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដើម្បី​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ​ច្រើន​ទម្រង់ ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ​៕
 






​រូបភាព​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​(CLA)


Tag:
 ថន សី​ម៉ា​
  យឹ​ង យ​ន​
  ម៉ុ​ន ហៃ
 ​ឧបករណ៍​ភ្លេង​
 ​រថយន្ត​តន្ត្រី​ទិព្វ​
© រក្សាសិទ្ធិដោយ thmeythmey.com