ជាតិ
សង្គមជាតិ
រដ្ឋាភិបាល គ្រោង​ដាក់​តំបន់​ស្នូល​ស្ទឹងសែន​ជា​តំបន់​រ៉ា​ម​សារ​ទី​៥
03, Feb 2018 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល គ្រោង​ដាក់​តំបន់​ស្នូល​ស្ទឹងសែន ក្នុង​ខេត្តកំពង់ធំ ជា​តំបន់​រ៉ា​ម​សារ​ទី​៥​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​។​


 
​រដ្ឋាភិបាល បានដាក់​តំបន់ដីសើម​៤​កន្លែង ជា​តំបន់​រ៉ា​ម​សារ​ដែលមាន ផ្ទៃក្រឡា សរុប ៧៥.៩៤២​ហិកតា ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ និង​ប្រព័ន្ធ​អេកូឡូស៊ី ៣​កន្លែង​ផ្សេងគ្នា រួមមាន តំបន់​បឹង​ទន្លេសាប តំបន់​ទន្លេមេគង្គ និង​តំបន់ឆ្នេរ ។ ប​ច្ចុ​ប្ប​នេះ​ក្រសួងបរិស្ថាន ក៏​កំពុងដំណើរការ​រៀបចំ​ដាក់បញ្ចូល​តំបន់​ស្នូល​ស្ទឹងសែន នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ដែលមាន​ភូមិសាស្ត្រ​ក្នុង​ខេត្តកំពង់ធំ ជា​តំបន់​រ៉ា​ម​សារ​ទី​៥​របស់​កម្ពុជា​ផងដែរ​។ ការដាក់បញ្ចូល​ក្នុង​តំបន់​រ៉ា​ម​សារ​នេះ ក្នុងទិសដៅ​ការពារ​និង​គ្រប់គ្រង​តំបន់ដីសើម សម្រាប់​ផលប្រយោជន៍​មនុស្សជាតិ និង​ជីវចម្រុះ​។​
 
​កាលពីពេល​ថ្មីៗ​នេះ កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី «​និរន្តរភាព​តំបន់​ដី សើម​ជាយក្រុង​»​ដែលមាន​តំណាង​បណ្តា​ប្រទេស​ហត្ថលេខី​ចំនួន ១៧ ចូលរួម​ចែករំលែក​នូវ​បទពិសោធន៍ ពិភាក្សា​អំពី​បញ្ហា​ជា​អទិភាព និង​គោលនយោបាយ​ថ្មីៗ ដើម្បី​ការពារ និង​ប្រើប្រាស់​ធនធានធម្មជាតិ​តំបន់ដីសើម​ប្រកបដោយ​និរន្តរភាព​។​
 
​កម្ពុជា ចុះហត្ថលេខា​បង្កើត​អនុសញ្ញា​ដី​សើម​អន្តរជាតិ កាលពី​ឆ្នាំ​១៩៧១ ដែល​គិត​មកដល់ពេលនេះ គឺជា​ខួប​លើក​ទី​៣៧​ឆ្នាំ​ហើយ​។ គួរ​បញ្ជាក់ថា ពិភពលោក​ទើបតែ​ប្រារ​ព្ឋ​ទិវា​ដី​សើម​អន្តរជាតិ​ដំបូង​កាលពី​ឆ្នាំ​១៩៩៧ ដើម្បី​លើកកម្ពស់​ស្តីពី​តម្លៃ​តំបន់ដីសើម​ដែលមាន​សារៈសំខាន់​បំផុត​សម្រាប់​មនុស្ស​សត្វ​រុក្ខជាតិ និង​ភពផែនដី​៕
 

Tag:
 ​រដ្ឋាភិបាល​
 ​តំបន់ដីសើម​
© រក្សាសិទ្ធិដោយ thmeythmey.com